បាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសហ៊្សកដានីនៅតែបន្តកើតឡើងរហូតមកដល់ថ្ងៃអង្គារនេះ បើទោះបីជាមានការលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះយ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋហ៊្សកដានីរាប់ពាន់នាក់បានដើរក្បួនតវ៉ាឆ្ពោះទៅការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Hani Mulki ដែលកំពុងចេញពីតំណែង ហើយនៅព្រឹកថ្ងៃអង្គារនេះបាតុករបានទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់តម្លើងថ្លៃទំនិញ ក៏ដូចជាផែនការបង្កើនពន្ធ ដែលក្រុមអ្នករិះគន់និយាយថាជាការដៅទៅលើពួកអ្នកក្រ និងវណ្ណៈកណ្តាល។
កាលពីថ្ងៃចន្ទលោក Mulki បានបញ្ជូនលិខិតលាលែងរបស់លោកទៅស្តេច Abdullah។ ក្រុមប៉ូលិសបានប្រវាយប្រទប់ជាមួយនឹងក្រុមបាតុករកាលពីល្ងាចថ្ងៃសៅរ៍ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនដើម្បីរារាំងពួកបាតុករឲ្យនៅឆ្ងាយពីការិយាល័យនាយករដ្ឋមន្ត្រី។ ពួកបាតុករបានស្រែកតវ៉ាថា «ប្រជាពលរដ្ឋចង់ផ្តួលរំលំរដ្ឋាភិបាល»។
កាលពីព្រឹកថ្ងៃសៅរ៍ស្តេច Abdullah បានជួបជាមួយនឹងលោក Mulki រួមជាមួយនឹង
រដ្ឋមន្ត្រីខុទ្ទកាល័យ និងមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួនផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋឈ្មោះ Petra បានដកស្រង់ព្រះបន្ទូររបស់ស្តេច Abdullah ដោយព្រះអង្គមានព្រះបន្ទូលថាប្រជាពលរដ្ឋហ៊្សកដានីមិនគួរប្រឈមនឹងភាពស្មុគស្មាញនៃកំណែទម្រង់ហិរញ្ញវត្ថុតែម្នាក់ឯងនោះទេ។
ស្តេច Abdullah គឺជាអ្នកសម្រេចចិត្តចុងក្រោយ ប៉ុន្តែកំហឹងរបស់សាធារណជនគឺសំដៅទៅលើរដ្ឋាភិបាលដែលតែងតាំងដោយព្រះអង្គផ្ទាល់។
ក្រុមផ្តល់កម្ចីបរទេសបានជំរុញឲ្យធ្វើកំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីជួយកាត់បន្ថយបំណុលសាធារណៈរបស់ហ៊្សកដានីដែលបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះបណ្តាលមកពីភាពចលាចលក្នុងតំបន់៕