ក្រុមបាតុករកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងក្រុងសេអ៊ូលកាលពីថ្ងៃ សៅរ៍ ដើម្បីតវ៉ាឲ្យមានការបណ្តេញលោកស្រីប្រធានាធិបតី Park Geun-hye ចេញពី មុខតំណែង។ ការតវ៉ានេះកើតឡើងនៅចុងសប្តាហ៍ជាប់ៗគ្នា ចំនួន៦លើកមកហើយ ក្នុងទីក្រុងនេះ។
ការតវ៉ានេះបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីរដ្ឋសភាកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃ សុក្រថា ការបោះឆ្នោតទម្លាក់ប្រធានាធិបតី Park ត្រូវលើកពេលរហូតដល់ថ្ងៃទី៩ ខែធ្នូខាងមុខ។
លោកស្រីប្រធានាធិបតីត្រូវបានចោទប្រកាន់ថាបានជាប់ទាក់ទិននឹងរឿងអាស្រូវ រំលោភអំណាច ដែលមានទឹកប្រាក់រាប់លានដុល្លារ។ រឿងនេះបានធ្វើឲ្យខូចខាតកិត្តិយសលោកស្រី ដែលធ្លាប់ត្រូវគេស្គាល់ថាជា មេដឹកនាំរឹងមាំនិងគ្មានអំពើពុករលួយ។
អាជ្ញាធរបានប៉ាន់ប្រមាណថា ក្រុមបាតុករមានចំនួនប្រមាណ៣២ម៉ឺននាក់ ទោះបីជាក្រុមអ្នករៀបចំបាតុកម្មបានអះអាងពីតួលេខនៃក្រុមបាតុករខ្ពស់ខ្លាំងជាងនេះ គឺដល់ទៅចំនួន ១លាន ៧សែនក្តី៕