បាតុករ​រង​របួស​យ៉ាងតិច​១០នាក់​ពេល​ប៉ូលិស​បំបែក​បាតុកម្ម​ថ្ងៃ​អាទិត្យ

មន្ត្រី​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ឈរ​​​ជា​ជួរ​​នៅ​តាម​ផ្លូវ​មួយ​ក្នុង​អំឡុង​​ពេល​មាន​​​ការ​ជួប​ប្រជុំ​គ្នាកាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៤ ​​​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​បាតុករ​​​២៣​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រោយ​ពេល​មាន​ការ​បង្ក្រាប​នៅ​ដើម​ខែ​មករា​នេះ។ ក្រុម​ប៉ូលិស​​​បាន​ប៉ះទង្គិច​ជាមួយ​​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់​រយ​នាក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បណ្តាល​ឲ្យ​មាន​អ្នក​របួស​មួយ​ចំនួន។ (AP)

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​យ៉ាង​តិច​មាន​មនុស្ស​ចំនួន​ជាង​១០​នាក់​ ដោយ​រាប់​បញ្ចូល​ទាំង​លោក​យឹម សុវណ្ណ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​សារជាថ្មី​មួយ​នៅ​សួន​ប្រជាធិបតេយ្យ រវាង​កង​កម្លាំងមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ​និង​ក្រុម​ប្រជាពលរដ្ឋ។​

«កុំវៃៗ។ ​កុំវៃ​បង​ ប្អូនៗ»។​

ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​កង​កម្លាំងមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ បាន​រារាំង​មិន​ឲ្យសហជីព​កម្មករ​ទាំង​៩​ ដឹក​នាំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ទាម​ទារ​ឲ្យដោះ​លែង​ក្រុម​កម្មករ​ចំនួន​២៣​នាក់​និង​ទាមទារ​ដំឡើងប្រាក់​បៀវត្ស​ឲ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​ក្រុម​កម្មករ។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា ​កង​កម្លាំងមាន​សមត្ថកិច្ច​បាន​ចូល​កាន់​កាប់​ទី​លាន​ប្រជា​ធិបតេយ្យ​តាំង​ពី​យប់​ថ្ងៃ​សៅរ៍​ និង​បាន​បណ្តេញ​ក្រុម​ប្រជា​ពលរដ្ឋ​មិន​ឲ្យចូល​ទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​បាតុកម្ម​ទេ។​

«បង​ប្អូន​បាត​ដៃទី​បី​ ហើយ​ដែល​មក​គំរាម​កំហែង​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង។ ​បាតដៃទី​បី។​ អ្នក​ណា​អ្នក​ធ្វើ។ កុំ​វៃ​គាត់​ ថត​ទៅ​ពិភព​លោក​បិទ​សិទ្ធិសេរី​ភាព​យើង។ ថតៗ​ វា​បិទ​សិទ្ធិសេរី​ភាព​យើង»។​

សាក្សី​ជាច្រើន​បាន​អះអាង​ថា ​ដំបូង​ឡើយ​មិន​មាន​ការ​បះ​ទង្គិច​ដោយ​អំពើ​ហិង្សា​ទេ ​ក៏ប៉ុន្តែ​បន្ទាប់​កង​កម្លាំងសន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ​ ដែលពាក់​មួក​ការ​ពារ​ព័ណ៌​ខ្មៅ​មក​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ ទើប​បណ្តាល​ឲ្យមាន​អំពើ​ហិង្សា​កើត​ឡើង។​

ក្រុមកម្លាំងសន្តិសុខ​បាន​វាយ​នឹង​ដំបង​ឈើ​ និង​ដំបង​ឆក់។ ចំណែក​ឯ​ក្រុម​កម្មករ ​និង​ប្រជា​ពលរដ្ឋ​បាន​គប់​តបត​មក​វិញ​ដោយ​ដុំ​ថ្ម​ និង​ដប​ទឹក​សុទ្ធ។​
មាន​ប្រជាពលរដ្ឋ​ខ្លះ​ ដែល​ស្លៀក​ពាក់​ជា​ឯក​សណ្ឋាន​ស៊ីវិល ​ត្រូវ​បាន​ក្រុម​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ចាប់​វាយ​ដោយ​ចោទ​ថា​ ជា​ជន​បាត​ដៃ​ទី​បី​ ដែលបង្កើតឡើង​ដោយ​រដ្ឋាភិបាល​ មក​បង្កប់​ខ្លួន​ក្នុង​ចំណោម​ក្រុម​បាតុករ​ និង​ជា​អ្នកញុះញង់​ឲ្យមាន​អំពើ​ហិង្សា​កើត​ឡើង។​

«បាន​ហើយ​កុំ​វៃ​វា។​ ដាក់​វា​ទៅៗ។ បងៗ​បាន​ហើយ​បង»។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​គ្មាន​ក្រុម​ប្រជាពលរដ្ឋ​ណាម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ទេ​ គ្រាន់​តែ​រង​របួស​ត្រង់​ក្បាល​ ជើង​ មុខ​ និង​ដង​ខ្លួន​តែ​ប៉ុណ្ណោះ។ ចំណែក​លោក​យឹម សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ និង​ចំពាម​កៅស៊ូ​គ្រាប់​កែ​ច្នៃ​របួស​ត្រង់​ជើង​ខាង​ឆ្វេង​ក្នុង​ពេល​ដែល​លោក​បាន​ឃ្លាំ​មើល​ព្រឹត្តិការណ៍ប៉ះទង្គិច​គ្នានេះ។

ស្រ្តី​ចំណាស់​ម្នាក់​បាន​ស្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​កម្លាំងសមត្ថកិច្ច​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​មក​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រជា​ពលរដ្ឋ។​

«ខ្ញុំ​អាណិត​ណាស់​បង​ប្អូន​ខ្មែរ​នៅ​ទី​នេះ​ ដេញ​គប់​នឹង​ដុំ​ថ្ម​ប៉ុនៗ​នេះ។​ គ្នា​រត់​ប៉ះ​ជើង ​ប៉ះ​ដៃ។ កូន​ខ្ញុំ​ក៏​កម្មករ​រោង​ចក្រ​ដែរ។ ដូច្នេះ​អា​គាត់​អស់​ហ្នឹង​វា​មិន​មែន​ខ្មែរ​ទេ។ បើ​សិន​ជា​ខ្មែរ​ វា​មិន​មែន​ធ្វើ​បាប​ខ្មែរ​អញ្ចឹង​ទេ»។​

លោក​ ចាន់ សុវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ចាត់​ទុក​ថាសេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​ធាក់​ថយ​ក្រោយ​យ៉ាង​ខ្លាំង។​

លោក​និយាយ​ថា៖​ «បើ​និយាយ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ធ្លាក់​ដល់​កម្រិតស្ទើរ​តែ​សូន្យ​ហើយ ​គឺ​មិន​អនុញ្ញាត​ថា​ ឲ្យពលរដ្ឋ​ណា​មាន​សិទ្ធិ​សេរី​ភាព​ដើម្បី​តវ៉ា​ដោយ​សន្តិ​វិធី​ត​ទៅ​ទៀត​ទេ»។​

ក្រុម​សមត្ថកិច្ច​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​ទេ ​នៅ​ពេល​ដែល​សួរ​អំពី​ការ​បង្ក្រាប​ និង​ការ​មិនអនុញ្ញាត​ឲ្យក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នោះ ​ដោយ​ពួកគេ​បាន​និយាយ​ថា​ ធ្វើ​តាម​គោល​ការណ៍។

«ខ្ញុំ​ធ្វើ​តាម​គោល​ការណ៍។ តោះ​ចេញ​ទៅ​ក្រៅ»។​

ក្រុម​តំណាង​សហជីព​ទាំង​៩​បាន​សម្រេច​ផ្អាក​ធ្វើ​មហា​បាតុកម្ម​របស់​ខ្លួន។ ក៏​ប៉ុន្តែ​ពួក​គេ​បាន​ជួប​ក្រុម​អ្នក​កាសែតនៅ​ក្បែរ​ស្ពាន​នាគ​ ជិត​ទីលាន​ប្រជាធិបតេយ្យ។​

លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា ​ការ​ខក​ខាន​មិន​បាន​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​នេះ​មិន​បាន​ធ្វើ​ឲ្យពួក​គេ​បាក់​ទឹក​ចិត្ត​ទេ។​ លោក​បាន​បញ្ជាក់​ថា​ សហជីព​នឹង​រៀប​ចំ​ផែន​ការទាមទារ​របស់​ខ្លួន​សារជាថ្មី​ទៀត​រហូត​ដល់​បាន​ជោគជ័យ។​

លោក​និយាយ​ថា៖​ «យើង​មិន​ត្រូវ​នាំគ្នា​ភ័យ​ខ្លាច​អ្វី​ទេ​ ត្រូវ​តែ​ងើប​ឡើង​ ស៊ូឡើង​ទាំង​អស់​គ្នា។​ បង​ប្អូន​ខ្មែរ​ត្រូវ​តែ​តស៊ូ​ទាំង​អស់​គ្នា​ឡើង។ ​សូម​អរគុណ»។

លោក​អាត់ ធន​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា ​ស៊ីខាវឌូ ​(CCAWDU)​ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖​ «គេ​នៅ​តែ​មិន​ដោះ​លែង​អ្នក​២៣​នាក់​ មិន​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​បាន ​ហើយ​មិន​មាន​ការ​ចរចារ​ដំឡើងប្រាក់​ឈ្នួល​ឲ្យបាន​សមរម្យ​ទេ។ សហជីព​ទាំង​អស់​ហ្នឹង​បាន​ជជែក​គ្នា​ ប្រជុំ​គ្នា​នៅ​ល្ងាច​ម្សិល​ម៉ិញ​ ហើយ​ថា ​នឹង​មាន​ការ​រៀប​ចំ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​មួយ​ នៅ​ខែ​២​ហ្នឹង​តែ​ម្តង ​ដោយ​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​ គ្រឹះស្ថាន​ហ្នឹង​អាច​នឹង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​ គ្នា​៣​ទៅ​៤​ប្រាំ​ម៉ឺន​នាក់​ បន្ទាប់​មក​រោង​ចក្រ​សហ​គ្រាស​ទាំង​អស់​អត់​ធ្វើ​ការ​ទេ»។​

ស្រប​ពេល​ដែល​មាន​ផ្ទុះ​អំពើ​ហិង្សា​សារជាថ្មី​នៅ​ទី​ក្រុង​ភ្នំពេញ​នោះ​ ​ នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ឯណោះវិញ​ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ បានឲ្យដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​កេណ្ឌ​ប្រជា​ពលរដ្ឋ​មក​ឡោម​ព័ទ្ធ​សណ្ឋាគារ​ដែលលោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​កំពុងស្នាក់​នៅ ដើម្បី​រាំង​ខ្ទប់​មិន​ឲ្យលោក​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ទី​ស្នាក់​ការ​គណបក្ស។​

ក៏ប៉ុន្តែ​ការ​ឡោម​ព័ទ្ធ​ដោយ​លាយ​ឡំជាមួយ​នឹង​ការ​ចល័ត​កង​ទ័ព​ កម្លាំង​ប៉ូលិស​នោះ​ មិន​មាន​ការ​ប៉ះទង្គិច​គ្នាទេ​រវាង​ក្រុម​អ្នក​គាំទ្រ​លោក​កឹម សុខា​ និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ៕