ពលរដ្ឋអ៊ុយក្រែនរាប់រយនាក់បានធ្វើបាតុកម្មនៅទីក្រុងស៊ីដនីដែលជាទីក្រុងធំជាងគេនៃប្រទេសអូស្ត្រាលីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើមាតុភូមិរបស់ពួកគេ។ រដ្ឋាភិបាលអូស្ត្រាលីក៏បានរិះគន់ចិនចំពោះការធ្វើឲ្យអន្តរាយដល់ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។
ពលរដ្ឋអូស្តា្រលីដើមកំណើតអ៊ុយក្រែនបានចូលរួមជាមួយពលរដ្ឋអូស្ត្រាលីដើមកំណើតរុស្ស៊ី ធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រនៅទីក្រុងស៊ីដនី។
បាតុកម្មនេះ គឺជាការបង្ហាញនូវសាមគ្គីភាពចេញពីប្រទេសមួយដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកន្លែងមានជម្លោះនៅអ៊ុយក្រែន។
ក្រុមបាតុករបានកាន់បដាដែលជំរុញឲ្យប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបញ្ឈប់ការកាប់សម្លាប់។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ក៏បានថ្កោលទោសចិនចំពោះការធ្វើឲ្យអន្ត រាយដល់ការដាក់ទណ្ឌកម្មនានារបស់ប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។
កាលពីដើមខែកុម្ភៈនេះ ប្រធានាធិបតីចិនលោក Xi JinpingនិងលោកPutinបានចុះហត្ថលេខាកិច្ចព្រមព្រៀងដើម្បីបង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។
អូស្ត្រាលី បានទទូចថា កិច្ចព្រៀងនេះធ្វើឡើងក្នុងគោលបំណងបំផ្លាញបណ្ដាញសម្ព័ន្ធភាពសាកលលោករបស់សហរដ្ឋអាមេរិកនិងការដាក់ទណ្ឌកម្មនានាលើរុស្ស៊ី។ លោក Morrison បានជំរុញឲ្យចិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។
លោកបានថ្លែងថា៖ «អ្នកមិនត្រូវទៅជួយដល់រុស្ស៊ីនៅចំពេលដែលរុស្ស៊ីកំពុងតែឈ្លានពានលើប្រទេសផ្សេងទៀតនោះទេ។ បើតាមសេចក្ដីរាយការណ៍ដែលយើងបានឃើញទង្វើបែបនេះជាអ្វីដែលយើងមិនអាចទទួលយកបានទេ។ ខ្ញុំសូមជំរុញដល់ប្រទេសទាំងអស់ឲ្យនិយាយថា ពេលនេះមិនមែនជាពេលដែលត្រូវបន្ធូរបន្ថយការរឹតត្បិតផ្នែកសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីឡើយ។ យើងទាំងអស់គ្នាតែធ្វើអ្វីដើម្បីប្រឆាំងនឹងបញ្ហានេះ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់រុស្ស៊ីនោះ មិនត្រូវហៅថាជា«ការឈ្លានពាន» នោះទេ ពីព្រោះរុស្ស៊ីបានវាយប្រហារតែមូលដ្ឋានយោធាអ៊ុយក្រែនតែប៉ុណ្ណោះ។
លោកMorrison កាលពីពេលមុនបានពណ៌នាការឈ្លានពានរបស់រុស្ស៊ីថា ជា «ពួកឧក្រិដ្ឋជន» និងជាពួក«ដើរសម្លុតគេ»។ លោក Peter Dutton រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping អាចជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកបីបួននាក់ប៉ុណ្ណោះដែលអាចបញ្ចុះបញ្ចូលសមភាគីរុស្ស៊ី របស់លោកឲ្យបញ្ឈប់ការឈ្លានពាននេះ។
រដ្ឋាភិបាលអូស្ត្រាលី នឹងបញ្ជូនគ្រឿងបរិក្ខាពេទ្យ ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងសម្ភារៈយោធា ក៏ប៉ុន្តែមិនបញ្ជូនអាវុធនោះទេទៅកាន់អ៊ុយក្រែនដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងរុស្ស៊ី។
ស្ថានទូតរុស្ស៊ីក្នុងទីក្រុងកង់បេរ៉ានៃប្រទេសអូស្ត្រាលី បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនានាដោយអូស្ត្រាលី គ្រាន់តែជា «ការស្អប់ជនបរទេស» តែប៉ុណ្ណោះ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន