នៅថ្ងៃអង្គារនេះជើងហោះហើរទាំងអស់នៅព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងហុងកុងត្រូវបានលុបចោលជាលើកទីពីរ បន្ទាប់ពីបាតុករគាំទ្រប្រជាធិបតេយ្យបានចូលធ្វើបាតុកម្មកាន់កាប់ស្ថានីយសំខាន់នៅក្នុងព្រលានយន្តហោះនេះជាថ្មីម្តងទៀត។
ការប្រកាសសម្រេចលុបចោលជើងហោះហើរដោយអាជ្ញាធរព្រលានយន្តហោះនេះ បានធ្វើឡើងនៅប៉ុន្មាននាទីបន្ទាប់ពីខ្លួនបានប្រកាសពន្យារពេលរៀបចំចេញដំណើរដល់អ្នកដំណើរទាំងអស់ បន្ទាប់ពីក្រុមបាតុករបានរារាំងមិនឲ្យអ្នកដំណើរចូលទៅក្នុងច្រកចេញដំណើរ និងបានណែនាំមិនឲ្យមនុស្សធ្វើដំណើរមកព្រលានយន្តហោះ។
ព្រលានយន្តបានព្យាយាមបើកឲ្យដំណើរការឡើងវិញមួយថ្ងៃបន្ទាប់ពីលុបចោលជើងហោះហើរទាំងក្នុងនិងក្រៅស្រុកអស់រាប់រយ ដោយសារបាតុកម្មដូចគ្នានេះកាលពីថ្ងៃចន្ទ។ អ្នកដំណើរខឹងសម្បារមួយចំនួនដែលមានអារម្មណ៍អន្ទះអន្ទែងចង់ចាកចេញពីទីក្រុងហុងបានឈ្លោះប្រកែកជាមួយនឹងក្រុមបាតុករ ខណៈភាពតានតឹងនៅព្រលានយន្តហោះនៅថ្ងៃអង្គារនេះ បានកើនឡើងកាន់តែខ្លាំង ដោយសារតែអ្នកដំណើរមួយចំនួនបានរុញក្រុមបាតុករសម្រុកទៅមុខដើម្បីចូលទៅកន្លែងចេញដំណើរ។
នាយកទីភ្នាក់ងារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវដល់អាជ្ញាធរទីក្រុងហុងឲ្យធ្វើការអត់ធ្មត់ និងស៊ើបអង្កេតទៅលើគ្រោះថ្នាក់ដែលពាក់ព័ន្ធទៅនឹងការបាញ់ឧស័ន្មបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ។
រដ្ឋាភិបាលបានចេញតួលេខចំនួនមនុស្សគ្រោះថ្នាក់៥៤នាក់ ដែលរួមទាំងមនុស្សពីរនាក់កំពុងព្យាបាលនៅមន្ទីពេទ្យមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃចន្ទ និងមនុស្ស២៨នាក់ទៀតស្ថិតក្នុងស្ថានភាពប្រក្រតី។ នេះបើយោងតាមអាជ្ញាធររបស់មន្ទីរពេទ្យ៕