រដ្ឋអាជ្ញារបស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចោទ​ប្រកាន់​លោក​ Lee Myung-bak​ អតីត​ប្រធានាធិបតី

លោក Lee Myung-bak អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង (រូប​កណ្តាល) ចូល​ក្នុង​រថយន្ត​មួយ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​មជ្ឈមណ្ឌល​ឃុំ​ខ្លួន កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

រដ្ឋអាជ្ញា​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ចោទ​ប្រកាន់លោក​ Lee Myung-bak ​អតីត​ប្រធានាធិបតី​ពីបទស៊ី​សំណូក និង​ការ​លួច​បន្លំ​ថវិកា។

លោក Lee ត្រូវ​បាន​ចោទ​ប្រកាន់ថា បាន​ទទួល​ប្រាក់​សំណូក​ចំនួន​១០លានដុល្លារ​ពី​ភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាង​ត្បូង​ និងក្រុមហ៊ុន Samsung ។ រដ្ឋអាជ្ញា​ក៏​បាន​និយាយ​ផង​ដែរថា ​លោក Lee Myung-bak ​បាន​កិបកេង​ប្រាក់៣៣​លានដុល្លារ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​លោក​កាន់កាប់។

លោក Lee Myung-bak ដែល​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​បាន​ឃុំឃាំង​ចាប់តាំង​ពីខែ​មុន​នោះ​ បាន​បដិសេធ​ថា ​លោក​មិន​មាន​កំហុស​ទេដោយ​និយាយ​ថា ​ការចោទ​ប្រកាន់​នេះ​គឺ​បណ្តាលមក​ពី​ហេតុផល​នយោបាយ។​ ​

អ្នក​ជំនួញ​អភិរក្ស​និយម​នេះបាន​ធ្វើ​ជា​ប្រធានាធិបតី​ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣នោះ​ហើយលោក​ជា​មេដឹក​នាំកូរ៉េខាងត្បូងទី៤​ដែល​ត្រូវចោទ​ប្រកាន់​នៅ​ពេល​មាន​ជីវិត ​ទាក់ទងនឹង​អំពើពុក​រលួយ​មុន​ពេលចាក​ចេញពី​តំណែង ឬច្រើនឆ្នាំ​បន្ទាប់ពីចេញ​ពីតំណែង។ អ្នកស្នង​តំណែង​បន្ទាប់ពីលោក​គឺ​លោកស្រី ​Park Geun-hye ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​២៤ ​ឆ្នាំ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​ដាច់​ ដោយឡែក​កាល​ពីថ្ងៃ​សុក្រ៕