រដ្ឋអាជ្ញាបារាំងនិយាយថា អ្នកបើកបរយន្តហោះរងរបស់យន្តហោះដឹកអ្នកដំណើរនៃក្រុមហ៊ុនអាកាសចរណ៍ Germanwings ដែលបានធ្លាក់នៅក្នុងតំបន់ភ្នំ Alps នៃប្រទេសបារាំងនៅសប្តាហ៍នេះ បានប៉ុនប៉ងដោយចេតនាដើម្បីកម្ទេចយន្តហោះនោះ។
លោក Brice Robin រដ្ឋអាជ្ញាទីក្រុង Merseilles បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Andreas Lubitz អាយុ២៨ឆ្នាំ ជាអ្នកបើកបររងបានចាក់សោឲ្យអ្នកបើកបរផ្សេងទៀតនៅខាងក្រៅបន្ទប់បើកបរ ដោយនៅក្នុងបន្ទប់បើកបរយន្តហោះតែម្នាក់នៅក្នុងយន្តហោះធុន Airbus A320។ រដ្ឋអាជ្ញាបាននិយាយទៀតថា បន្ទាប់មក Lubitz បានបង្កើនល្បឿនចុះយន្តហោះ ដោយហោះក្នុងល្បឿន៧រយគីឡូម៉ែត្រក្នុងមួយម៉ោងហើយបានធ្លាក់ចូលក្នុងតំបន់ដាច់ស្រយាលមួយដែលជាភ្នំសុទ្ធតែទឹកកកនៅភាគអាគ្នេយ៍នៃប្រទេសបារាំង ដោយបានសម្លាប់មនុស្សទាំងអស់១៥០នាក់នៅលើយន្តហោះនោះ។
រដ្ឋអាជ្ញា Robin បានប្រាប់សន្និសីទកាសែតថា ការចុះដោយល្បឿននេះ អាចត្រូវបានធ្វើឡើងដោយចេតនា។ គ្រប់កាលៈទេសៈទាំងអស់ ការណ៍នេះធ្វើឡើងដោយចេតនា។
នៅក្នុងទីក្រុងប៊ែឡាំងវិញ លោកស្រីអធិការបរតីអាល្លឺម៉ង់ Angela Merkel បានមានប្រសាសន៍ថា «បញ្ហានេះដូចជាទៅហួសពីការនឹកស្រម័យ។ នេះជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់សាច់ញាតិរបស់ជនរងគ្រោះ»។
រដ្ឋអាជ្ញា Robin និយាយទៀតថា «គ្មានអ្វីប្រាប់ឲ្យដឹងថាជាការវាយប្រហារភេរវកម្មទេ ក៏ប៉ុន្តែ យើងនឹងឃើញពីបំណងរបស់ជននោះ»៕