ការ​រីក​ចម្រើន​និង​ភាព​អសកម្ម​​​​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ក្រោយ​​ការ​បោះ​ឆ្នោត

ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/វីអូអេ)

នៅ​ថ្ងៃ​នេះ​ទី​២៨​ខែ​កក្កដា​គឺ​មួយ​ឆ្នាំ​គត់​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​សម្រាប់​បង្កើតរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥។​

ប៉ុន្តែលោក​បណ្ឌិត​កែម ឡី ​អ្នកស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​កត់​សម្គាល់​ថា​ មួយ​ឆ្នាំ​មក​នេះ​ វិបត្តិ​ក្រោយ​ពី​ការ​បោះឆ្នោត​កម្ពុជា​រស់​ចន្លោះ​ភាព​វិជ្ជមាន​និង​អវិជ្ជមាន។​ ប៉ុន្តែ​វិបត្តិ​នយោបាយ​មិន​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើននោះ​ទេ។​

«ប្រជាជន​បាន​ផ្លាស់​ប្តូរ​មក​ជា​ប្រជាជន​សកម្ម​តាមប្រព័ន្ធ​ផ្សព្វផ្សាយ ​តាម​បាតុកម្ម កូដកម្ម ​តាម​ប្រព័ន្ធ​សង្គម ​តាម​ហាង​កាហ្វេ ​នេះ​ជា​ការ​វិវត្ត។​ ហើយ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ប្លែក​ពី​មុន និង​បែរ​មក​ចាប់​អារម្មណ៍ ​មក​រក​អ្នក​ឯករាជ្យ។​ ​ចំណែក​ឯ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​តុលាការ ​បញ្ហា​ដីធ្លី ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ជាដើម​ ​ដូចជា​នៅ​ដដែល​ និង​កើន​ច្រើន​ជាង​មុន​ផង»។​

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កត់​សម្គាល់​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ និង​សេដ្ឋកិច្ច​ជាតិ។​

«សេដ្ឋ​កិច្ច​មិន​អាច​ដើរ​ទៅមុខ​ ឬ​ដើរ​ដោយ​យឺតៗ។​ ហើយ​ជីវភាព​ប្រជាជន​កាន់​តែ​មាន​ការ​លំបាក​ ជា​ពិសេស​កម្មករ ​កម្មការិនី​ គឺ​ប្រាក់ខែ​របស់​គាត់​មិន​អាច​ឡើង​បាន​ទេ ទោះជា​ពួក​គាត់​ខំ​ប្រឹង​ទារ​ឲ្យ​បាន​១៦០​ដុល្លារ​ក្នុង​មួយខែ​ក៏​ដោយ។ ​ចំណែក​ឯ​អ្នក​នយោបាយ​នៅ​ទ្រឹង​នៅ​ឡើយ​ ដោយ​រង់ចាំ​ការ​ដោះ​ស្រាយ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​ការ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ប្រជាពល​រដ្ឋ​មាន​ការ​កើន​ឡើង មិន​អាច​ដោះ​ស្រាយ​បាន។​ យើង​ក៏ឃើញ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​បំផ្លាញ​ធនធាន​ធម្មជាតិមិន​ទាន់​មាន​ការដោះស្រាយ​ជាដុំ​កំភួន​ និង​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ»។

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋ​សភា​គឺ​ចំនួន​១៣​អាសនៈ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​គូ​ប្រជែង។​ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិបាន​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នេះ​ ដោយចោទ​ប្រកាន់​ថា​ មាន​ការលួច​បន្លំ​ជាច្រើន។​ ហើយគណបក្ស​នេះ​បាន​ធ្វើ​ពហិការចូល​ប្រជុំ​សភា​ និង​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​ប្រើ​កម្លាំង​មហា​ជន។​

មួយ​ឆ្នាំ​នៃ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ដោយ​ការ​បង្រ្កាប​របស់​រដ្ឋា​ភិបាល។ មនុស្ស​យ៉ាង​តិច​ចំនួន​៧​នាក់​បាន​ស្លាប់​ដោយ​ការ​បាញ់​បង្រ្កាប។​

ក្រុមប្រជា​ពលរដ្ឋ​វិញ​បាន​លើក​ពី​បញ្ហា​ជីវភាព​ និងការ​ព្រួយ​បារម្ភ។​

អ្នកស្រី​ឆាយ ធារី​ជាអ្នក​លក់​ធូរេន​ម្នាក់​នៅ​លើ​ផ្លូវ​ព្រះ​សីហនុ​ ក្បែរ​ស្តុប​ពេទ្យចិន។ ​អ្នកស្រី​បញ្ជាក់​ថា​ មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បោះឆ្នោត​ ការ​លក់​ដូរផ្លែ​ឈើ​តាម​រដូវ​កាល​របស់​អ្នកស្រី​ទទួល​រង​ផល​ប៉ះពាល់។​

«ដូច​ជា​ពិបាក។ ​លក់​ដូច​មិន​សូវ​ដាច់​ ដោយសារ​ជម្លោះ​នយោបាយ»។​

នៅ​ក្បែរ​ចំណត​ឡាន​ផ្សារ​អូឡាំពិក ​ក្នុង​ក្រុង​ភ្នំពេញ ​លោក​ម៉ម សុផា ​អ្នក​រត់​ម៉ូតូឌុប​អស់រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​មក​ហើយ​នោះ​ ​កំពុង​អង្គុយ​លើ​ម៉ូតូ​រង់ចាំ​ការ​ចូលចត​របស់​រថយន្ត​ឈ្នួល។​ អតីត​កម្មករ​រោងចក្រ​កាត់ដេរ​រូប​នេះ​កត់​សម្គាល់​ថា ក្រោយ​ពី​ការបោះឆ្នោត​មួយឆ្នាំ​មក​នេះ​ហាក់ដូចជា​មិន​ទាន់​បាន​នាំ​ឲ្យ​ប្រទេស​រីក​ចម្រើន​គួរ​កត់​សម្គាល់​នោះ​ទេ។​

«ខ្ញុំ​ឃើញ​ស្អីៗ​នៅ​ដដែល ​អត់​មាន​រីក​ចម្រើន​អ្វី​ផង។​ ប្រជាជន​នៅ​បារម្ភ​ពី​ការ​កៀប​សង្កត់ ​មិន​សូវ​ហ៊ាន​ចេញ​មុខ។ ​ចាប់​តាំងពី​ការ​បោះឆ្នោត​មក​ មាន​ការ​ជ្រួល​ច្របល់​រហូត។​

អ្នកស្រី​ម្នាក់​ដែល​ជា​អ្នក​លក់​ដូរ​នៅ​ក្បែរ​វិទ្យាល័យ​យុគគន្ធរ ​និយាយ​ថា៖ «មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បោះឆ្នោត​ លក់​ដូរ​មិន​សូវ​ដាច់​ ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទេ»។​

យ៉ាងណា​ក៏​ដោយ​ លោក​ជាម យៀប ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈ​កម្មការ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​បាន​ស្តី​បន្ទោស​ដល់​គណបក្ស​សង្គ្រោះជាតិ​អំពី​មូលហេតុ​នៃ​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។ ​ហើយ​លោក​បាន​លើក​ពី​ការ​រីក​ចម្រើន​មួយ​ចំនួន។​

«ទោះបី​ជា​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​ យើង​ឃើញ​ថា ​ប្រទេស​ជា​ច្រើន ​អង្គទូត​ជាច្រើន​បាន​ទទួល​ស្គាល់​ព្រះ​រាជាណាចក្រ​កម្ពុជា។ មានវិនិយោគិន​ជាច្រើន​បាន​មក​ធ្វើ​វិនិយោគ​បន្ត​ទៀត។ ​ហើយ​ក្រៅ​ពី​នោះ​ទៀត​ យើង​បន្ត​និរន្តភាព​របស់​យើង​តាម​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​ជាធរមាន»។​

ដោយ​ឡែក​ លោក​ជាម យៀបឲ្យ​ដឹង​ថា​ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ និង​កិច្ច​ព្រម​ព្រៀង​សរុប​ចំនួន​១៨​ ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​ជំទាស់​កំពុង​ធ្វើ​ពហិការ។​

នៅ​ក្នុងបរិបទ​ក្រោយ​ពី​ការ​បោះឆ្នោត​ ចលនា​សង្គម​និង​នយោបាយ​បាន​កើត​ឡើង​ដំណាល​គ្នា។​

ក្រុម​ប្រជា​ពលរដ្ឋ​រាប់​សែន​នាក់​បាន​ធ្វើ​ការ​តវ៉ា​ដើម្បី​អ្វី​ដែល​គេ​ហៅ​ថា​ ជា​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត។ ​ហើយ​ដំណាល​គ្នា​នោះ ​ក្រុម​កម្មករ​រោងចក្រ​ក៏​បាន​ធ្វើ​ការតវ៉ា​ដើម្បី​ទាមទារ​ដំឡើងប្រាក់​ឈ្នួល​ទាប​បំផុត​របស់​ខ្លួន​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ដែរ។​

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​ កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ C-CAWDU​ មើល​ឃើញ​ថា ​ប្រាក់​ខែ​កម្មករ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​បន្តិច​ ប៉ុន្តែ​កម្មករ​រោងចក្រ​ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​សកម្មភាព​តវ៉ា​តាម​ទី​សាធារណៈ​ឡើយ។​

«ក្រោយ​ពី​ការ​បោះឆ្នោត​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​បាន​ចាប់​ផ្តើម​គិត​គូរ​ពី​បញ្ហា​ប្រាក់ឈ្នួល។​ ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន​គឺ​ពី​៨០​ដុល្លារ​នៅ​មុនពេល​បោះឆ្នោត​មក​ត្រឹម​១០០​ដុល្លារ​ក្នុង​ពេល​នេះ។

ទោះជាយ៉ាងណា​ ចំនួន​នេះ​នៅ​តែ​មិន​បាន​ឆ្លើយ​តប​ ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​អាច​រស់​នៅ​សមរម្យ​បាន​ទេ។ ​បញ្ហា​ទី២​ គឺ​សិទ្ធិ​កម្មករ​ត្រូវ​បាន​រាំង​ខ្ទប់​ហើយ​ពេល​ខ្លះ​គេ​ថា​ អ្វី​ដែល​កម្មករ​ធ្វើ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។​ ដូច្នេះ​សិទ្ធិ​មួយ​ចំនួន​របស់​កម្មករ ​ដូចជា​សិទ្ធិ​ជួប​ប្រជុំ ​សិទ្ធិ​តវ៉ា​ ឬ​សិទ្ធិ​ជជែក​ផ្សេងៗ​ត្រូវ​បាន​បិទ​ ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៤​ ហើយ​រហូត​មក​ទល់​ពេល​នេះ​អត់ទាន់​បាន​បើក​វិញ​ទេ»។​

ជាមួយ​គ្នា​នោះ ​បើ​ផ្អែក​តាម​លោក​អាត់ ធន់​ឲ្យ​ដឹង​ថា​ ​ក្រោយពី​ការ​បោះ​ឆ្នោត ​កម្មករ​និង​តំណាង​កម្មករ​ប្រមាណ​៥០​នាក់​យ៉ាង​តិច​ទទួល​រង​របួស​ដោយ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល។ ​មនុស្ស​ចំនួន​ជាង​៣០​នាក់​ត្រូវ​ចាប់​ខ្លួន​និង​កម្មករ​ និង​តំណាង​កម្មករ​ប្រមាណ​២០០​នាក់​ទទួល​រងបណ្តឹង​ពី​ក្រុម​ថៅ​កែ​រោង​ចក្រ​ នៅ​ក្នុង​នោះ​មាន​រូប​លោក​ផង​ដែរ៕