ទីប្រឹក្សា​ផ្នែក​ច្បាប់​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​កាន់​អំណាច​​មីយ៉ាន់ម៉ា​ត្រូវ​បាន​បាញ់​សម្លាប់

ក្រុម​ប៉ូលិស​យាម​នៅកន្លែង​ធ្វើ​កោសលវិច័យ​លើ​សាក​សព​របស់​លោក​ Ko Ni សមាជិក​សំខាន់​មួយ​រូប​នៃ​គណបក្ស​កាន់​អំណាច​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី​២៩ មករា។

ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ទីប្រឹក្សា​ផ្នែក​ច្បាប់​ម្នាក់​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី ​Yangon។

លោក​ Ko Ni ​សមាជិក​សំខាន់​ម្នាក់​នៃ​អ្នក​កាន់​សាសនា​ឥស្លាម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ខណៈ​ដែល​លោក​កំពុង​រង់ចាំ​រថយន្ត​ឈ្នួល​មួយ​នៅ​ខាង​ក្រៅ​អាកាស​យានដ្ឋាន។ លោក​ទើប​តែ​ត្រឡប់​មក​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ពី​បរទេស​វិញ​។​

អ្នក​បើក​រថយន្ត​ឈ្នួល​នោះ​បាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។
ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ខ្មាន់​កាំ​ភ្លើង​រូប​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ។
អ្នក​នាំពាក្យ​របស់​លោក​ប្រធានាធិបតី​ Zaw Htay ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ ថា ៖«យើង​បាន​ឃុំ​ខ្លួន​និង​កំពុង​សួរ​ចម្លើយ​ខ្មាន់​កាំភ្លើង​រូប​នោះ ដើម្បី​ដឹង​ពី​មូល​ហេតុ​ដែល​គេ​បាញ់​សម្លាប់​លោក ​Ko Ni ហើយ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ឬ​ជួល​គេ​ឲ្យ​ធ្វើ​ដូច្នេះ»៕