សកម្មជន​សិទ្ធិ​មនុស្ស​ដាក់​លក្ខខណ្ឌ​មុន​ទទួល​ការងារ​នៅ​គ.ជ.ប.

​លោក​ស្រី​ ពុង ឈីវ​ហ្គិក​ ប្រធាន​អង្គការ​សិទ្ធិ​​មនុស្ស​លីកាដូ ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ទី​១០​​ខែ​ធ្នូ​ឆ្នាំ​២០១៣។ កាល​ពី​ថ្ងៃ​ច័ន្ទ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​សំណើ​​ផ្សេងៗ​គ្នា​ជួន​លោក​ស្រី​ ពុង ឈីវ​ហ្គិក​ ប្រធាន​អង្គការ​សិទ្ធិ​​មនុស្ស​លីកាដូ​ អាយុ​៧១​ឆ្នាំ​មក​ធ្វើ​ជា​សមាស​ភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទី​៩។

នៅ​ពេល​ដែល​ទទួល​សំណើពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អញ្ជើញ​លោក​ស្រី​មក​ធ្វើ​ជា​សមាសភាព​លេខ​រៀង​ទី​៩​នៅ​ក្នុង​គ.ជ.ប.​ភ្លាម​ ​លោក​ស្រី​ពុង ឈីវកេក បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​ដល់​គណបក្ស​ទាំងពីរ ​មុន​ពេល​លោក​ស្រី​សម្រេច​ទទួល​យក​តួនាទី​ថ្មី​នេះ។​

លោក អំ សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​ ​លក្ខខណ្ឌ​ទាំង​បី​ចំណុច​រួម​មាន៖​ ទី​១​ សុំ​ឲ្យស្ថាប័ន​គ.ជ.ប.​ជា​ស្ថាប័ន​ឯករាជ្យ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន​ប្រកប​ដោយ​អព្យាក្រិត្យ​ ទី​២​សុំ​ឲ្យមាន​ការ​ធានាការ​ពារ​មាន​អភ័យ​ឯក​សិទ្ធិ និង​សិទ្ធិស្វយ័ត​ក្នុង​ការ​គ្រប់​គ្រង​ថវិកា ឯក​រាជ្យ​ និង​ទី៣​ គ.ជ.ប.​មាន​សិទ្ធិជ្រើស​រើស​បុគ្គលិក​ជំនាញ​គ្រប់​គ្រង ​ចាត់ចែង ​និង​ស្វយ័ត​ក្នុង​ការ​ចាត់​ចែង​ការងារ​និង​សកម្មភាព​ផ្សេងៗ។​

លោក​អំ សំអាត​បាន​បញ្ជាក់​ថា​ លោក​ស្រី​បាន​ដាក់​លិខិត​ស្នើ​សុំ​ទាំង​បី​ចំណុច​នេះ​ទៅ​គណបក្ស​ទាំង​ពីរ​រួច​ហើយ​ តែ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​ប៉ុណ្ណោះ​បាន​ឆ្លើយ​តប​យល់​ព្រម​ទៅ​នឹង​សំណើរបស់​លោក​ស្រីពុង ឈីវកេក។

កាល​ពី​ថ្ងៃ​ច័ន្ទ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​សំណើផ្សេងៗ​គ្នា​ជួន​លោក​ស្រី​ ពុង ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ អាយុ​៧១​ឆ្នាំ​មក​ធ្វើ​ជា​សមាស​ភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទី​៩។​

សមាសភាព​ថ្មី​ទាំង​៩​រូប​នេះ​ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណបក្ស​ទាំង​ពីរ​ បាន​ឲ្យដឹង​ថា ​គ្មាន​ឈ្មោះ​លោក​អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប.​ និង​លោកទេព នីថា​ អគ្គលេខាធិការ​គ.ជ.ប.​ទៀត​ទេ។​

ការ​ជ្រើស​រើស​សមាស​ភាព​គ.ជ.ប.​ថ្មី​គឺ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ជំនួប​កំពូល​កាល​ពី​សប្តាហ៍​មុន។ គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ដោយ​សម្រេច​ជ្រើស​រើស​សមាស​ភាព​គ.ជ.ប.​ថ្មី​តាម​រូប​មន្ត​៤-៤-១​ ​គឺ​សមាស​ភាព​៤រូប​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ៤រូប​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ មួយ​រូប​ទៀត​ត្រូវ​ជ្រើស​ចេញ​ពី​បុគ្គល​ក្រៅ​រដ្ឋាភិបាល។​

ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ជ្រើស​រើស​សមាស​ភាព​ថ្មី​របស់​គ.ជ.ប.​ រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​បាន​ប្រកាស​ទទួល​ស្គាល់​លោក​សម រង្ស៊ី​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ជំនួស​លោក​គួយ ប៊ុនរឿន​ដែល​ត្រូវ​បាន​គណបក្ស​តែង​តាំង​ជា​សមាស​ភាព​គ.ជ.ប.​ថ្មី។​

នៅ​ក្នុង​ពេល​ប្រកាស​សុពល​ភាព​សមាជិក​សភា​តំណាងរាស្ត្រ​នោះ លោក​ នាយករដ្ឋមន្ត្រីហ៊ុន សែន​ក៏​មាន​វត្តមានដែរ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែតនៅ​ឯ​មន្ទីរ​រដ្ឋសភា​ថា ​នេះ​ជា​ដំណើរ​ការ​ល្អ​ហើយ​ដែល​ប្រជា​ពលរដ្ឋ​យើង​នៅ​ទូទាំង​ប្រទេស​អាច​យល់​បាន​អំពីការ​សម្រប​សម្រួល​មួយ​ បើទោះ​បីជា​មិន​មាន​សមាជិក​សភា​ទាំង​អស់​បាន​ចូល​រួម​ក៏​ដោយ។​

លោក​និយាយ​ថា៖​ «ថ្ងៃ​នេះ​អាច​និយាយ​បាន​ថា​ ជា​បរិយាកាស​មួយ​ល្អ។ អម្បាញ់​មិញ​ខ្ញុំ​ក៏​ឈ្លាត​ជជែក​បន្តិចជាមួយ​ឯកឧត្តម​ សម រង្ស៊ី​ ទៅ​លើ​ការ​ជ្រើសរើស​ទុក​ជា​មុន​នូវ​បេក្ខភាព​ម្នាក់​នៃ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​មាន​ការ​ស្រុះ​ស្រួល​ ប៉ុន្តែ​ត្រូវ​គោរព​សិទ្ធិទៅ​ដល់​សាម៉ី​ខ្លួន។ យើង​គិត​ថា​ មិន​ទាន់​ជា​ឱកាស​សម​ស្រប​ទេ»។​

ចំណែក​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា វិបត្តិ​នយោបាយ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​បិទ​បញ្ចប់​ហើយ។ ​លោក​សង្ឃឹម​ថា​ នេះ​ជា​ដំណាក់​កាល​ថ្មី​មួយ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​ការ​ឯកភាព​ជាតិ​ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ និង​ទ្រព្យ​សម្បត្តិ​ឲ្យបាន​គង់វង្ស។

លោក​ សម រង្ស៊ី​ និយាយ​ថា ​ឥឡូវ​នេះ​ដល់​ដំណាក់​កាល​នៃ​ការ​រៀបចំ​សមាសភាព​ថ្មី​នៃ​គ.ជ.ប.​ដែល​យើង​ទាមទារ​និតិវិធី​មួយ​ចំនួន។​

លោក​បាន​បញ្ជាក់​ថា៖​ «និតិវិធី​ត្រូវ​ប្រកាស​បេក្ខជន​គ.ជ.ប.​ បេក្ខជន​ទី​៩​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា»។​

សមាសភាព​ចំនួន​៤​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជាមិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យដឹង​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​ ​ចំណែក​ឯ​ខាង​គណបក្ស​សង្គ្រោះជាតិ​វិញ​មាន​តែ​លោក​គួយ ប៊ុន​រឿន​ម្នាក់​គត់​ដែល​គណបក្ស​ប្រកាស​ឲ្យដឹង​គឺ​នៅ​សល់​បី​នាក់​ផ្សេង​ទៀត៕