ឥស្សរជនអូស្ត្រាលីដែលមានឥទ្ធិពលខ្លាំងមួយក្រុមបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីគេចចេញពីជម្លោះរវាងសហរដ្ឋអាមេរិក និងចិន។
ក្រុមដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Bob Carr និងលោក Gareth Evans បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៣១ ខែមករាថា បើគ្មាន «ការបន្ថយគ្រប់ជ្រុងជ្រោយថ្មីទេ» ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនអាចកើនឡើងទៅជាជម្លោះដែលអាចពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី។
ឥស្សរជនសាធារណៈអូស្ត្រាលីល្បីៗចំនួន ៥០ នាក់ រួមទាំងអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលថ្នាក់រដ្ឋ អ្នកការទូត អ្នកនិពន្ធ និងអ្នកសិក្សាស្រាវជ្រាវបានអំពាវនាវឱ្យរដ្ឋាភិបាលដើរតួជាអន្តរការីដើម្បីកាត់បន្ថយភាពតានតឹង។
ក្រុមនេះបាននិយាយថា ខ្លួនគាំទ្រ «តុល្យភាពនៃអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិក និងចិនគោរព និងទទួលស្គាល់គ្នាទៅវិញទៅមកថាស្មើភាពគ្នា»។
ក្រុមនេះបានបន្ថែមថា បើ «គ្មានភាគីណាមួយទាមទារឧត្តមភាពដាច់ខាត»ទេ ហានិភ័យចំពោះ «សន្តិភាព និងវិបុលភាពសកល» នឹងត្រូវកាត់បន្ថយ។ មកទល់ពេលនេះគ្មានអត្ថាធិប្បាយជាផ្លូវការណាមួយពីទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងប៉េកាំង លើការប្រកាសនេះទេ។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី។ រដ្ឋាភិបាលប្រកាន់នយោបាយកណ្តាលឆ្វេងនិយមរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានរក្សាស្ថិរភាពទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បន្ទាប់ពីមានការខ្វែងគំនិតគ្នា និងការមិនទុកចិត្តជាច្រើនឆ្នាំលើជម្លោះភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម រួមទាំងមហិច្ឆតារបស់ចិននៅមហាសមុទ្រប៉ាស៊ីហ្វិក និងប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩។
ប្រទេសអូស្ត្រាលីក៏មានទំនាក់ទំនងសន្តិសុខយ៉ាងស៊ីជម្រៅជាមួយនឹងសហរដ្ឋអាមេរិកដែលមានតាំងពីដើមទសវត្សរ៍១៩៥០។
លោក Carr បានប្រាប់ទូរទស្សន៍ Australian Broadcasting Corp. ថា អូស្ត្រាលីមានឱកាសដើរតួជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់រវាងសហរដ្ឋអាមេរិក និងចិន។
លោកបានថ្លែងថា៖ «តួនាទីរបស់អូស្ត្រាលីគឺដើម្បីបណ្តុះគោលគំនិតនៃការសហការកាន់តែធំ និងមិនសូវមានជម្លោះក្នុងទំនាក់ទំនងនេះ។ តៃវ៉ាន់ ដែលជាបញ្ហាការទូតដ៏លំបាកបំផុតនៅទីនេះ ផ្តល់ឱកាសដ៏ល្អឥតខ្ចោះនៃការប្រើប្រាស់ភាសាការទូតដាក់គ្នា ជាជាងទទួលយកជម្រើសមួយដែលធ្លាក់ចូលទៅក្នុងជម្លោះ និងការប្រកែកគ្នាដែលអាចបង្កឱ្យមានសង្រ្គាម»។
រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានទទួលស្គាល់ថានឹងមានភាពខុសគ្នា និងការលំបាកក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយចិន។
រដ្ឋាភិបាលកំពុងជំរុញផែនការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀង AUKUS ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស។
ក្រុមអ្នកវិភាគនិយាយថា ការបង្កើនភាពគឃើ្លនរបស់ចិនគឺជាការជំរុញទឹកចិត្តដ៏សំខាន់មួយឲ្យប្រទេសទាំងបីសម្រេចលើកិច្ចព្រមព្រៀងត្រីភាគី AUKUS ប៉ុន្តែប្រទេសចិនបានចោទប្រកាន់ប្រទេសទាំងបីថាមាន «គំនិតធ្វើសង្រ្គាមត្រជាក់» ដោយនិយាយថាសម្ពន្ធភាពនេះកំពុងចាប់ផ្តើម ដើរលើ«ផ្លូវខុសឆ្គង និងគ្រោះថ្នាក់»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង