នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​សម្តែង​ការ​សោកស្តាយ​នៅ​ថ្ងៃ​ខួប​សង្គ្រាម​លោក​លើក​ទី​២​ក្នុង​ប្រទេស​ជប៉ុន

លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ថ្លែង​សុន្ទរកថា​ពី​ខួប​សង្រ្គាម​ នៅ​ក្នុង​ក្រុង​តូក្យូ (Tokyo) កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៥។

លោក​នាយក​រដ្ឋ​មន្រ្តី Shinzo Abe បាន​សម្តែង​នូវ​អារម្មណ៍​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ ហើយ​និង​ចូល​រួម​រំលែក​ទុក្ខ​ដោយ​ស្មោះត្រង់​ដល់​អ្នក​ដែល​បាន​ទទួល​រងគ្រោះ​ និង​ស្លាប់​ដោយ​សារ​ការ​ឈ្លានពាន​របស់​កងទ័ព​ជប៉ុន​កាល​ពី​អតីតកាល​នៅ​ពេល​ធ្វើ​សុន្ទរកថា​ជា​សាធារណៈ​នៅ​ខួប​លើក​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

លោក​នាយករដ្ឋ​មន្រ្តី Abe បាន​មាន​ប្រសាសន៍​ថា ប្រទេស​របស់​យើង​បាន​ធ្វើ​ឲ្យមាន​ការ​ខូចខាត ​និង​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ស្លូត​ត្រង់។

លោក​នាយក​រដ្ឋមន្រ្តី​បាននិយាយ​ថា លទ្ធិ​អាណានិគមប្រទេស​លោក​ខាង​លិច​ជា​បុព្វហេតុ​នៃ​សង្គ្រាម​នេះ ​ក៏ប៉ុន្តែ ​លោក​មាន​ប្រសាសន៍​ទៀត​ថា ​ការ​សម្រេច​ចិត្ត​របស់​ជប៉ុន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដោយ​ប្រើ​កម្លាំង​ជា​កំហុស​ហើយ​បាន​សន្យា​នៅ​ថ្ងៃ​អនាគត​ថា ​ជានិច្ចកាល​ស្វែង​រក​ការ​ផ្សះ​ផ្សា​ដោយ​សន្តិវិធី។

លោក​នាយករដ្ឋ​មន្រ្តី​បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ ដូច​អ្នក​កាន់​តំណែង​មុនៗ​របស់​លោក ​រួម​មាន​សេចក្តី​ថ្លែងការណ៍​របស់​លោក Murayma នៅឆ្នាំ​១៩៩៥ ​ដែល​បាន​សុំ​អភ័យ​ទោស​ចំពោះ​ការ​ខូចខាត​ និង​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​សង្គ្រាម​លោក​លើក​ទី​២​របស់​ជប៉ុន ក៏ប៉ុន្តែ​មិនរួម​បញ្ចូល​ការ​សុំ​អភ័យ​ទោស​ថ្មី​របស់​ខ្លួន​លោក​ទេ។

ការណ៍​នេះ​មិន​ទំនង​ទេ​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋ​មន្រ្តី​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​របស់​ជប៉ុន​ពេញ​ចិត្ត​នោះ​ទេ ជាពិសេស​កូរ៉េខាង​ត្បូង​ និង​ប្រ​ទេស​ចិន​ដែល​បាន​ធ្វើ​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​លោក​ Abe ឲ្យ​ធ្វើ​សុន្ទរកថា​ពី​ភាព​ឃោរឃៅ​របស់​កងទ័ព​ជប៉ុន​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​អាណា​និគម​របស់​ខ្លួន​នៅ​ទ្វីប​អាស៊ី៕