អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និយាយនៅថ្ងៃអង្គារនេះថា ករណីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សភ្លើងទៀនពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ និងហត្ថលេខាលើឯកសារសម្រាប់ចុះឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតមិនមែនជាដែនសមត្ថកិច្ចដោះស្រាយរបស់គ.ជ.បនោះទេ។
ក៏ប៉ុន្តែអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថាសំណុំរឿងពាក់ព័ន្ធនឹងការក្លែងបន្លំស្នាមមេដៃ និងហត្ថលេខាលើឯកសារសម្រាប់ចុះឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតដែលឈានទៅឃាត់ខ្លួនបេក្ខជនពីររូបរបស់គណបក្សភ្លើងទៀនគឺត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមិនមែនស្ថាប័នទទួលបន្ទុកកិច្ចការយុត្តិធម៌នោះទេ។
ការឆ្លើយឆ្លងគ្នារវាងអ្នកជំនាញនិងមន្ត្រីស្ថាប័នរៀបចំបោះឆ្នោតនេះកើតមានឡើងបន្ទាប់ពីសមត្ថកិច្ចខេត្តពោធិ៍សាត់កាលពីថ្ងៃចន្ទបានបញ្ជូន លោក អ៊ុក សាវ៉ារិន និងលោក ឈួន ឈឿងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនទៅតុលាការដើម្បីឆ្លើយបំភ្លឺករណីក្លែងបន្លំស្នាមមេដៃនិងហត្ថលេខាលើឯកសារសម្រាប់ចុះឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោកហង្ស ពុទ្ធា ប្រាប់VOAនៅថ្ងៃអង្គារនេះថា គ.ជ.បស្វាគមន៍រាល់សំណើនិងសំណូមពរដែលពាក់ព័ន្ធនឹងការបោះឆ្នោតប៉ុន្តែលោកថា គ.ជ.ប មិនមែនជាអ្នកបើកសវនាការកាត់ក្តីករណីនេះទេ។
«គ.ជ.ប មិនមែនជាតុលាការដែលត្រូវបើកសវនាការក្នុងរឿងពាក្យបណ្តឹងហ្នឹងទេ។ អ៊ីចឹង គ.ជ.ប មិនលូកដៃក្នុងកិច្ចការបណ្តឹងពាក់ព័ន្ធនឹងការងារខាងក្រៅដែលមិនមែនជាការបោះឆ្នោតនោះទេ»។
លោក ហង្ស ពុទ្ធា បន្ថែមថា រាល់កិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោត នោះ គ.ជ.ប គឺជាអ្នកទទួលខុសត្រូវ។
ឆ្លើយតបនឹងសំណួររបស់ VOA ដែលសួរថា តើករណីឃាត់ខ្លួនបេក្ខជនគណបក្សភ្លើងទៀនទាំងពីររូបទាក់ទងនឹងការក្លែងបន្លំស្នាមមេដៃ និងហត្ថលេខាលើឯកសារសម្រាប់ចុះឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតថាជាករណីបោះឆ្នោតដែរ ឬទេ? អ្នកនាំពាក្យគ.ជ.ប រូបនេះឆ្លើយថា៖
«គ.ជ.ប បានដាក់មន្រ្តីរបស់ខ្លួនកំពុងស្រាវជ្រាវ អ៊ីចឹងយើងពុំទាន់មានការបែងចែកថាករណីនេះជាករណីអ្វីនៅឡើយទេបាទ»។
លោកអ៊ុក សាវ៉ារិន គឺជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀននៅឃុំអន្សាចំបក់ស្ថិតក្នុងស្រុកក្រគរ ចំណែកលោកឈួន ឈឿង បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំនៅឃុំស្រែស្ដុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោកថាច់ សេដ្ឋា លើកឡើងថាបេក្ខជនឈរឈ្មោះឃុំសង្កាត់គណបក្សភ្លើងទៀនទាំងពីរនាក់ត្រូវបានតុលាការខេត្តពោធិ៍សាត់ចោទប្រកាន់និងឃុំខ្លួនពីបទក្លែងបន្លំឯកសារសាធារណៈដូចគ្នា។ លោកថា បេក្ខជនទាំងពីរមិនបានក្លែងស្នាមមេដៃនិងហត្ថលេខាដូចការចោទប្រកាន់នោះទេ។
«គាត់បានអះអាងថានោះជាហត្ថលេខាពិតប្រាកដរបស់អ្នកដែលចោទប្រកាន់គាត់ហ្នឹង ដែលយើងបានហៅគាត់ឲ្យចូលឈរជាបេក្ខជនឃុំហ្នឹងគឺជាហត្ថលេខាគាត់ពិតប្រាកដ។ បានប្រកែកគ្នាអ៊ីចឹង។ ហើយប៉ូលិសក៏បានហៅទៅសម្របសម្រួល។ទៅសម្របសម្រួលទៅ ទាំងភាគីសងខាងហ្នឹងទាំងប៉ូលីសហ្នឹងថាទទួលស្គាល់ថាក្លែងទៅវាឆាប់ចប់។ ហើយម្ខាងទៀតហ្នឹងក៏គាត់មិនចង់ប្តឹងផ្តល់អីដែរ។ដល់អ៊ីចឹងហើយក៏គាត់ថាទទួលទៅវាចប់រឿង។ ហើយស្រាប់តែថាទទួលទៅវាចប់រឿងបែរជាទៅជារឿងប្តឹងផ្តល់ តុលាការចាប់ខ្លួនចាប់អីនោះទៅវិញ»។
លោក ថាច់ សេដ្ឋា បន្ថែមថា ការចោទប្រកាន់ និងឃុំខ្លួនបេក្ខជនទាំងពីរ គឺជារឿងអយុត្តិធម៌ណាស់សម្រាប់គណបក្សភ្លើងទៀន។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែលលោកកន សាវាង្សលើកឡើងថាបើតាមមាត្រា៤២ ចំណុចទី២៥ នៃច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតករណីពាក់ព័ន្ធនឹងបេក្ខជនគណបក្សភ្លើងទៀនទាំងពីរនាក់ គឺជាវិវាទទាក់ទងនឹងការបោះឆ្នោត។ លោកថា រាល់វិវាទ ឬករណីណាក៏ដោយដែលមានពាក់ព័ន្ធនឹងការបោះឆ្នោតគឺត្រូវដោះស្រាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមែនជាសមត្ថកិច្ចរបស់តុលាការនោះទេ។
«ករណីហ្នឹងគេដាក់ឲ្យមានបណ្តឹងជាសាធារណៈ តែបណ្តឹងមិនមែនបណ្តឹងដាក់ទៅសាធារណៈទេគឺបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង។ ហើយខាងតុលាការហ្នឹងក៏មិនអាចទទួលរឿងក្តីហ្នឹងដែរ ពីព្រោះរឿងក្តីហ្នឹងគឺជារឿងក្តីទាក់ទងនឹងដំណើរការនៃការបោះឆ្នោតគេមាននីតិវិធីរបស់គេហើយដល់ពេលតុលាការគាត់ទៅធ្វើការទទួលរឿងក្តីហ្នឹងតើចោទបែបម៉េច?»។
ស្នងការនគរបាលខេត្តពោធិ៍សាត់លោក ស ថេង បដិសេធមិនធ្វើអត្ថាធិប្បាយដោយប្រាប់ថាលោកកំពុងមានជំងឺ។
ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់អ្នកស្រី ផាន់ សុគន្ធថងនិយាយថា រាល់ចំណាត់ការពាក់ព័ន្ធនឹងសំណុំរឿង គឺជាសិទ្ធិអំណាចរបស់តុលាការ។ អ្នកស្រីបន្ថែមថាកាលពីថ្ងៃទី១១ ខែមីនាតុលាការបានចោទប្រកាន់លោក អ៊ុក សាវ៉ារិន ពីបទ «ក្លែងឯកសារសាធារណៈ» សម្រាប់លោក ឈួន ឈឿង អ្នកស្រីថា តុលាការមិនទាន់ទទួលបានឈ្មោះនៅឡើយ។
គណបក្សភ្លើងទៀនបានប្តូរឈ្មោះពីគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២នៅពេលដែលគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាបានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។ប៉ុន្តែគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលវិញកាលពីឆ្នាំ២០១៧ដោយចោទប្រកាន់ពីបទក្បត់ជាតិ។
គណបក្សភ្លើងទៀនដែលសព្វថ្ងៃស្ថិតក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោកថាច់ សេដ្ឋាដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនិងជាអតីតសមាជិកព្រឹទ្ធសភាមួយរូបមានឫសគល់ចេញពីគណបក្សជាតិខ្មែរដែលមានលោកសម រង្ស៊ី ជាស្ថាបនិក។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចេញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានដាក់បញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតជាផ្លូវការបានចំនួន១.៦៤៩ឃុំសង្កាត់ លើ១.៦៥២ ឃុំសង្កាត់នៅទូទាំងប្រទេស៕