នាយក​រដ្ឋ​មន្ត្រី​​គំរាម​ចាប់​ខ្លួន​អ្នក​ចូល​រួម​យុទ្ធនាការ​ទទួល​លោក ​សម រង្ស៊ី

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ព្រមាន​ថា នឹង​ដាក់ទោស​ជន​ណា​ដែល​ចូលរួម​យុទ្ធនាការ​ដើម្បី​គាំទ្រ​ដល់​ការធ្វើ​មាតុភូមិ​និវត្ត​របស់​មេបក្ស​ប្រឆាំង​សម រង្ស៊ី ដោយ​លោក​ចាត់​ទុក​ថា​ការវិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី គឺ​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

«អ្នក​ណា​ក៏​ដោយ​ដែល​ធ្វើ​យុទ្ធនាការ​នឹង​ត្រូវ​ជាប់​បទ​ចោទ​តាម​ក្រម​ព្រហ្មទណ្ឌ»។

នេះ​គឺ​ជា​ការ​ព្រមាន​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​ទំនង​ជា​លោក​ចង់​សំដៅ​ទៅ​លើសកម្មជន​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ស្ថិត​ក្នុង​គោល​ដៅ​នៃ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់។

យ៉ាង​តិច​មាន​សកម្មជន​ជាង​៧​នាក់​នៃ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់»​ក្រោយ​ពី​ពួកគេបាន​ផ្ដល់​បទ​សម្ភាសន៍​តាម​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី ឬ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​តាមបណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​បន្ទាប់​ពី​បាន​ផ្ដល់​ទី​កន្លែង​សម្រាប់​ពិភាក្សា​អំពី​ការ​រៀប​ចំ​ទទួល​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​ សម រង្ស៊ី។

លោក សម រង្ស៊ី ​បាន​ប្រកាស​ថា​លោក​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា ក្រោយ​ពី​ស្ថិត​នៅ​និរទេស​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​រួច​មក។

ក្រុម​អ្នក​ដឹក​នាំ​និង​អ្នកគាំទ្រ​នយោបាយ​ប្រឆាំង បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គមដោយ​លើក​សញ្ញា​ម្រាម​ដៃ​ចំនួន​ប្រាំបួន ដើម្បី​រំលឹក​ពី​ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី។ ប៉ុន្តែ​រដ្ឋាភិបាល​ចាត់​ទុក​ថា​វា​គឺជា​យុទ្ធនាការ​ម្រាម​ដៃ​ប្រាំបួន​ដើម្បី​កៀរគរ​កម្លាំង​ប្រមូល​ផ្ដុំ​ប្រឆាំង​រដ្ឋាភិបាល។​

លោក ហ៊ុន​ សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក ​សម រង្ស៊ី គឺ​«ក្នុង​គោល​ដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល»​របស់​លោក​និង​ដើម្បី​ប្ដូរ​របប​រាជា​និយម ដែល​លោក​ហៅ​ថា​នេះ«គឺជា​ទោស​ក្បត់​ជាតិ»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ បាន​គំរាម​ថា​អ្នក​ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ខាងលើ​នឹង​ត្រូវ​ផ្ដន្ទាទោស។​

«អត់​ទេ​ណា អ្នក​ណា​ចូល​រួម​យុទ្ធនាការ​បំផ្លាញ​ប្រទេស ​បំផ្លាញ​សន្តិភាព​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា អ្នក​ហ្នឹង​នឹង​ត្រូវ​មានទោស»។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល​រួម​ជាមួយ​នឹង​អ្នក​ដឹក​នាំ​នយោបាយ​នៃ​គណបក្ស​នេះ​ចំនួន​ប្រាំបី​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ភរិយា​របស់​លោក​ដែរ​ ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​កម្ពុជា​ពី​បទ​ឧប​ឃាត ឬ​ស្មើ​នឹង​ទោស​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស ជន​ជាប់​សង្ស័យ​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​រហូតដល់​១៥​ទៅ​៣០​ឆ្នាំ។

ដោយ​ឡែក​សកម្មជន​និង​អ្នក​ដឹក​នាំ​នយោបាយ​មូលដ្ឋាន​ចំនួន​ប្រាំបួន​នាក់​ផ្សេង​ទៀត​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​ឧត្តរមានជ័យ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​រតនគីរី ត្រូវ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់»។​ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស ពួក​គេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ពី​៥​ទៅ​១០ឆ្នាំ។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក បាន​និយាយ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅរសៀល​ថ្ងៃ​ពុធ​នេះ​ថា ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​នូវ​រូប​ភាព​អាក្រក់​ដល់​ប្រទេស​កម្ពុជា។

«យើង​មើល​ឃើញ​ថា​ស្ថានភាព​នេះ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ហ្នឹង​កាន់តែ​គេ​មើល​ឃើញ​មក​ថា​កំពុង​តែ​ទទួល​រង​នូវ​ការ​រំលោភបំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ណា​បាទ»។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មួយ​រូប​ធ្លាប់​បាន​ប្រាប់​វីអូអេ​ថា​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ បាន​បង្ហាញ​ពី​ការ​វិល​ត្រឡប់​ទៅ​រក​របប​ដឹក​នាំ​បែប​កុម្មុយនិស្ត​ឡើង​វិញ​របស់​កម្ពុជា។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួនជាង​៣០​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់។ ដោយ​ឡែក​សកម្មជនអតីត​គណបក្ស​ប្រឆាំង​នេះ​ចំនួន​១៦០​នាក់​ត្រូវ​បាន​ កោះ​ហៅ​ទៅ​សាកសួរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល៕