ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អតីត​បក្ស​ប្រឆាំង​ប្រាំ​នាក់​ទៀត​ត្រូវ​ចោទ​ប្រកាន់


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្ស​សង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្លែងនៅក្នុងបាតុកម្មមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។

សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​កើន​ដល់​ជាង​៣០​នាក់​ហើយ ​ដែល​ត្រូវ​តុលាការ​ខ្មែរ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់។ ជាពិសេស​ការ​ចោទ​ប្រកាន់​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​«រួម​គំនិត​ក្បត់»​ ដែលជា​ការ​ចាប់​និង​ចោទ​ជា​សេរី​ក្រោយ​ពី​ការ​ប្រកាស​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី។

សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំ​នាក់ថ្មី​ទៀត​ត្រូវតុលាការខេត្ត​ប៉ៃលិន និង​ខេត្ត​កំពង់​ចាម ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់»​ នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​សង្ស័យ​ថា ​ពួកគេគាំទ្រ​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី​ ប្រធាន​ស្តី​ទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សម រង្ស៊ី​ បានប្រកាស​ថា​ លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី៩​ ខែ​វិច្ឆិកា​ ខាង​មុខ​ ដើម្បី​ផ្លាស់​ប្តូរការ​ដឹក​នាំ​រដ្ឋាភិបាល។

រដ្ឋាភិបាល​កម្ពុជាបាន​ហៅ​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី ​ថាជា​គម្រោង​ការ​មួយ​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​កំពុង​តែ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ក្នុង​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃនេះ ​តុលាការ​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ថា​ មនុស្ស​បួន​នាក់​ត្រូវ​ចោទ​ប្រកាន់​ក្រោយ​ពី​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ​បន្ទាប់​ពី​បាន​ផ្តល់​ទីកន្លែង​ដល់​ការ​ជួប​ជុំ និង​បន្ទាប់​ពី​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពីការ​ប្រមូល​ផ្តុំ​ដែល​ត្រូវ​សង្ស័យ​ថា​ជា​មូល​ហេតុ​នៃ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​បួន​នាក់​ក្នុង​ខេត្ត​ប៉ៃលិន មាន​អ្នក​ស្រី​ វ៉េន តារា ដែល​ជា​ស្គាល់​ថា​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​និ ង​ជា​ក្មួយ​បង្កើត​របស់​អតីត​មេទ័ព​ជើង​ម្ខាង​របស់​ខ្មែរ​ក្រហម​គឺ តាម៉ុក។

ដោយ​ឡែក ​តុលាការ​ខេត្ត​កំពង់ចាម​ក៏បាន​ចោទ​ប្រកាន់​បុរស​វ័យ​៤៧​ឆ្នាំ​មួយ​រូប​ផងដែរ​ នៅថ្ងៃ​នេះ​ពី​បទ«រួមគំនិត​ក្បត់»​ដូចគ្នា​ ដោយ​យោង​តាម​មាត្រា​៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ។

មាត្រា​នេះចែង​ពី​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ដប់​ឆ្នាំ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស។

រហូត​មក​ទល់​ពេល​នេះ សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​កើន​ដល់​ជាង​៣០​នាក់​ហើយ ​ដែល​ត្រូវ​តុលាការ​ខ្មែរ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់។ ជាពិសេស​ការ​ចោទ​ប្រកាន់​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​«រួម​គំនិត​ក្បត់»​ ដែលជា​ការ​ចាប់​និង​ចោទ​ជា​សេរី​ក្រោយ​ពី​ការ​ប្រកាស​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី។

លោក​សឹង សែន​ករុណា អ្នកនាំពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ឃើញ​ថា នេះ​ជា​«ការធ្វើ​ទុក្ខ​បុក​ម្នេញ​លើសកម្មជន​នយោបាយ​ គឺ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ‍»។

លោក​មើល​ឃើញ​ថា​ និន្នាការនេះ​នឹង​នៅតែ​បន្ត​ទៀត​ ដោយសារ​តែ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​បក្ស​កាន់អំណាច​និង​អតីត​បក្ស​ប្រឆាំង​ហាក់​មិន​ថមថយ​ទេ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG