មេធាវី​តំណាង​លោក​នាយក​រដ្ឋមន្ត្រី​ការពារ​វិធានការ​លក់​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​«ការ​អនុវត្ត​ច្បាប់»

រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ច្រាន​ចោល​ការ​អធិប្បាយ​នានា​ទាក់ទង​នឹងការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ដាក់​លក់​ទីស្នាក់​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញដោយ​លោក​អះអាង​ថាចំណាត់ការ​នោះ​មិន​មាន​ជាប់ហេតុផល​នយោបាយ​ឡើយ។

លោក គី តិច​ ដែល​ជា​មេធាវី​ម្នាក់​របស់​នាយករដ្ឋមន្រ្តី លើកឡើង​ថា​ ការ​ចោទប្រកាន់​នោះ​មិន​សម​នោះទេ​ព្រោះកម្ពុជា​មិន​មានអ្នកទោស​នយោបាយ​ហើយ​ថា​តុលាការធ្វើទៅ​តាម​នីតិ​វិធី​ច្បាប់។

ការ​សម្រេច​របស់​តុលាការ​ឲ្យដាក់​លក់ស្នាក់ការ​កណ្តាល​បក្ស​សង្គ្រោះជាតិ​នេះជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​មាតុភូមិនិវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក សម រង្ស៊ី និង​សហការី​របស់​លោក កាលពី​ឆ្នាំ​២០១៩​ ដែល​កាលនោះ មេដឹកនាំ​បក្ស​ប្រឆាំងបាន​អំពាវនាវ​ឲ្យពលរដ្ឋនិង​កងកម្លាំង​ប្រដាប់អាវុធ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ។

មេដឹកនាំកម្ពុជា​បាន​ចោទថា​ការអំពាវនាវ​នេះ​មាន​ចរិត​រដ្ឋប្រហារ​និង​ប្តឹង​លោក សម រង្ស៊ី​ភរិយា លោក និង​សហការី​៧នាក់​ទៀត​ពី​បទ​ឧបឃាត។​ក្រោយ​មក តុលាការ​បាន​កាត់​ទោស​លោក សម​ រង្ស៊ី​ ភរិយា​របស់​លោក​និង​ក្រុម​មន្ត្រី​នៃ​អតីត​បក្ស​ជំទាស់​ទាំង​នោះ​ឲ្យ​ជាប់ទោស​ក្នុង​ម្នាក់ៗ​ជាង​២០ឆ្នាំ​និង​បង្គាប់​ឲ្យ​ពួកគេ​សង​ប្រាក់សំណង​រាប់ម៉ឺន​ដុល្លារ​អាមេរិក។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចុះ​ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ​២០២១​មេធាវី​ការពារ​ក្តី​ឲ្យលោក ហ៊ុន សែន​ លោក គី តិច បាន​លើក​ឡើង​ថា​«កម្ពុជា​គ្មាន​អ្នកទោស​នយោបាយ​ប៉ុន្តែ​មាន​អ្នក​នយោបាយ​ជាប់​ទោស​ដោយសារ​ប្រព្រឹត្ត​បទ​ល្មើស»​និង​ថា​ការ​អនុវត្ត​ទោស​ទណ្ឌ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ដែលឆ្លង​កាត់​ដំណើរការ​នីតិវិធី​ផ្លូវ​ច្បាប់​និង​ក្លាយ​ជា​សេចក្តី​សម្រេច​ស្ថាពរ​រួចហើយ​នោះ​«ជា​និយាម​អនុវត្ត​ទូទៅ​និង​ជាប្រក្រតី​នៅ​គ្រប់​បណ្តា​ប្រទេស​ដែល​ប្រកាន់​យក​នីតិរដ្ឋ»។

រូប​ឯកសារ៖ លោក គី តិច​ ​មេធាវីរដ្ឋាភិបាល​និយាយ​ជាមួយ​អ្នក​កាសែត​នៅខាង​មុខសាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/វីអូអេ)

លោក ​គី តិច ​ពន្យល់​បន្ត​ថា​នៅ​ពេល​បុគ្គល​ណាម្នាក់​ប្រព្រឹត្ត​អំពើ​ដែល​ជាបទ​ល្មើស​ព្រហ្មទណ្ឌ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​កំណត់​ចែង​នូវ​ទោស​ដាក់​ពន្ធនាគារ​និងទោស​ពិន័យ​ជា​ប្រាក់​ជា​អាទិ៍​ដែល​ជា​លទ្ធ​ផល​នៃ​បណ្តឹង​អាជ្ញា​និង​ទណ្ឌកម្មសំណង​ផ្នែក​រដ្ឋប្បវេណី​ដែល​ជា​លទ្ធផល​នៃ​បណ្តឹង​រដ្ឋប្បវេណី ដើម្បី​ជួស​ជុល​ការ​ខូច​ខាត​របស់​ជន​រងគ្រោះ។

​លោក គី​ តិច​ សរសេរ​ក្នុង​ន័យដើម​ថា៖ «ប្រសិន​បើ​ពិរុទ្ធជន​មិនអនុវត្ត​សង​សំណង​ជួស​ជុល​ការ​ខូច​ខាត​ដល់ដើមបណ្តឹង​ដោយ​ស្ម័គ្រចិត្ត​ទេ​ដើមបណ្តឹង​មាន​សិទ្ធិ​សុំ​ឲ្យ​តុលាការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពិរុទ្ធ​ជន​យក​ទៅលក់​ឡៃ​ឡុង​ដើម្បី​យកប្រាក់មក​សង​សំណង​ទៅតាម​ការកំណត់​នៃ​សាល​ក្រម​ឬសាលដីកា​ ដែល​បាន​ចូលជា​ស្ថាពរ​ឬ​ដែល​មាន​អានុភាព​អនុវត្ត​ដោយ​បង្ខំ​បើទោះបី​ជា​ពិរុទ្ធ​ជន​បាន​គេចខ្លួន មិនទាន់​អាច​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្តន៍​ទោស​ព្រហ្មទណ្ឌ​លើ​បុគ្គល​នោះ​ក្តី»។

លោក​ គី​ តិច​ បន្ថែម​ថា​នីតិវិធី​អនុវត្ត​តាម​រយៈ​ការ​ចេញ​ដីកា​សម្រេច​ចាប់​ផ្តើម​ការ​លក់​ដោយ​បង្ខំនូវ​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​ពិរុទ្ធ​ជន​ឈ្មោះ​សម​រង្ស៊ី​ និង​ ជូឡុង​ សូមួរ៉ា ដែល​ជា​ទ្រព្យ​ឯកជន​របស់​ពិរុទ្ធជន​នេះ​ជាការ​ប្រតិបត្តិ​នូវ​ច្បាប់​និង​នីតិវិធី​ជា​ធរមាន​ទាំង​ស្រុង។ ហើយ​នៅពេល​ដែល​នីតិវិធី​លក់​ដោយ​បង្ខំ​ត្រូវ​បាន​អនុវត្ត​ចប់​រួចរាល់​នោះអចលនវត្ថុ​របស់​លោក សម​រង្ស៊ី និង​ភរិយា​លោក​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកទិញ ដែល​បាន​ដេញថ្លៃ​ពី​តុលាការ។

លោក គី​ តិច ​សង្កត់​ថា​ពេល​លក់​អចលវត្ថុ​នោះ​រួចហើយ​«បុគ្គល​សម រង្ស៊ី និង​ជូឡុង​ សូមួរ៉ា ឬ​ជន​ណា​ក៏​ដោយ​គ្មាន​សិទ្ធិ​ទទួល​បាន​អចលនវត្ថុ​នេះ​ឡើយ»។

លោក​មេធាវី គី​ តិច​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​នឹង​បន្ត​ធ្វើ​ចំណាត់ការ​អនុវត្ត​សាលក្រម ឬ​សាលដីកា ដែល​បាន​ចូល​ស្ថាពរ ដោយ​អនុវត្ត​ជា​បន្តបន្ទាប់​ដើម្បី​ផ្តល់​សំណង​រដ្ឋប្បវេណី និង​ប្រាក់​ពិន័យ​ដាក់​ចូល​ជា​ថវិកា​រដ្ឋ ព្រម​ទាំង​ផ្តល់​យុត្តិធម៌​ជូនដល់​ដើមបណ្តឹង និង​ជា​ជនរងគ្រោះ​ផង»។

លោក​បន្ថែម​ថា​៖ «ការ​បញ្ចេញមតិ​ដែល​មិនបំពាន​ដល់​ការកំណត់​ដោយច្បាប់ និង​មិន​បាន​រំលោភ​សិទ្ធិ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​បុគ្គល​ដទៃ នោះ​ពិត​ជា​គ្មាន​កំហុស​និង​ក៏​មិនមាន​ការ​ចាប់ខ្លួន​ឃុំខ្លួនដែរ»។

ការ​បកស្រាយ​ផ្លូវច្បាប់​របស់​មេធាវី​ការពារក្តី​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ក្រោយ​អតីតមន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិមួយរូប​ដែល​ស្និទ្ធ​នឹង​លោក​សម រង្ស៊ី គឺ​លោក ម៉ែន​ សុថាវរិន្ទ្រ​បានប្រាប់​អ្នក​កាសែត​ថា​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បាន​សង្គ្រោះ​យក​មកវិញ​នៅពេល​ថ្នាក់​ដឹកនាំ​និង​ក្រុមមន្ត្រី​នៃ​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ។ អតីត​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​សៀមរាប​ចោទ​ថា​ការ​ដាក់លក់​ស្នាក់ការ​កណ្តាល​បក្ស​ជំទាស់​ដោយ​បង្ខំនោះ​ជាផ្នែក​មួយ​នៃ​ការសង​សឹកខាង​នយោបាយ។

វីអូអេ​មិនទាន់​អាចសុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក ម៉ែន​ សុថាវរិន្ទ្រ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​លោក ​អ៊ូ ច័ន្ទរ័ត្ន​កត់​សម្គាល់​ថា​កម្ពុជា​មាន​អ្នកទោស​មនសិការ​ជាច្រើននាក់​ដែលមិន​ទាន់​ត្រូវបាន​ដោះលែង។ លោក​ថា​ការប្រើប្រាស់​សិទ្ធិ​សម្តែង​មតិ​មិន​ស្តែង​ឲ្យ​មាន​ល្មើស​ហើយ​ការ​ចាប់​បុគ្គល​ទាំងនោះ​មកដាក់​ទោស​ជា​ទម្រង់​នៃ​ការ​បង្ក​ឲ្យ​មាន​អ្នក​ទោស​នយោបាយ​ឬអ្នកទោស​មនសិការ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​ថា៖ «អ្នកច្បាប់​គេថា​ដោយសារ​វាខុស​នឹង​ច្បាប់ ដូច​ជា​ការចោទប្រកាន់​ថា​មានការ​ញុះញង់​ឲ្យ​បង្ក​អសន្តិសុខ​សង្គម​ក្តី​ហ្នឹង​អាហ្នឹង​វា​ទៅ​ជា​រឿង​ច្បាប់​សម្រាប់​អ្នកច្បាប់។ ប៉ុន្តែ​ជាការ​ទាមទារ​ការបញ្ចេញ​មតិ​ អាហ្នឹង​វា​ជារឿង​មនសិការ។ បើ​ចាប់​ទៅដាក់​ឃុំ​ឃាំង​ដោយសារ​ការ​បញ្ចេញ​មតិ​ហ្នឹង​អាហ្នឹង​វា...ជា​អ្នកទោស​មនសិការ ឬ​ក៏អ្នក​ទោស​នយោបាយ​ហ្នឹង​ហើយ»។

​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក​មួយ​រូបនៃ​គណបក្ស​កែទម្រង់​កម្ពុជា​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះសេចក្តី​សម្រេច​របស់​តុលាការ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​លក់​ទីស្នាក់​ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ ដែលខុស​ពីការ​រំពឹង​ទុករបស់​លោក​។ លោកថា​ការ​ដាក់លក់​ទីស្នាក់ការ​បក្ស​នេះ​ជា​រឿង​នយោបាយ​ដែល​គួរមាន​ការ​អធ្យាស្រ័យ​ពី​អ្នក​ប្តឹង​លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត លើកឡើង​ថា​ខណៈ​ភាគី​កម្ពុជា​ប្រកាន់​ជំហរ​ថា​គ្មាន​អ្នក​ទោស​នយោបាយ​នោះ​សហគមន៍​អន្តរជាតិ​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​មើល​ឃើញ​ថា​កម្ពុជា​មាន​ការ​ចាប់ខ្លួន​អតីតមន្ត្រី​ជាន់ខ្ពស់​និងសកម្មជន​ព្រមទាំង​អ្នកគាំទ្រ​អតីតគណបក្ស​សង្គ្រោះ​ជាតិ តាម​ការចោទប្រកាន់​បទឧក្រិដ្ឋ​ផ្សេងៗ​ដែល​គេជឿ​ថា​មានជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក​ប្រាប់​វីអូអេថា៖ «អីចឹង​ហើយ​បានជា​មានការ​លើកឡើង​ផ្ទុយ​គ្នា​ព្រោះ​សហគមន៍អន្តរជាតិ​គេ​ថា អ្នកទាំង​អស់​ហ្នឹង​គឺ​ជា​អ្នក​ទោស​នយោបាយ​ប៉ុន្តែ​ដោយ​ឡែក​កម្ពុជា​យើងលើក​ឡើងថា​កម្ពុជា​គ្មាន​ទេអ្នកទោស​នយោបាយ​មានតែ​អ្នក​នយោបាយ​ជាប់​ទោស។ អីចឹង​ទិដ្ឋភាព​ទាំងពីរ​នេះ​គឺការ​យល់វាមាន​ការ​ខុសគ្នា​ចឹង»។

ដោយ​ឡែក អ្នកវិភាគ​នយោបាយ ​លោក​ សេង សារី ​មើល​ឃើញ​ពី​ជោគវាសនា​មិនល្អ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និងអ្នកប្រជាធិបតេយ្យ​របស់​បក្ស​ប្រឆាំង​មិន​អាច​ការពារ​បន្ទាយ​នយោបាយ​របស់​ខ្លួនបាន​នោះ។ លោក​ថា​គណបក្ស​ជំទាស់​អាច​ជួប​រឿង​ស្រដៀង​គ្នា​នឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលលែង​មាន​សំឡេង​នៅ​រដ្ឋសភា​និង​ត្រូវ​ហែកហួរ​ដោយ​ជម្លោះ​ផ្ទៃក្នុង​បក្ស។​

លោក សេង​ សារី ថ្លែង​ថា៖ «ក្នុង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ​ការពារ​មិនបាន​ទេ​គឺ​វាសនា​ដូច​ហ្វ៊ុនស៊ិនប៉ិច​ចឹង។ មានន័យ​ថា​ហ្វ៊ុន​ស៊ិនប៉ិច​គ្រាន់​តែ​បាត់គណបក្ស​ដោយ​ហេតុផល​ផ្សេង​ទេ​ប៉ុន្តែ​បាត់​ទីតាំង​ដូច​គ្នា​បើក្នុង​ករណី​រដ្ឋាភិបាល​យក​ទៅ​លក់ដល់​បុគ្គលផ្សេង គឺដូច​បាត់បង់​ទីតាំង​បាត់​បន្ទាយ​មួយចឹង។ អីចឹង​វាធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​ទៅ​អ្នក​គាំទ្រ​វា​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​ទៅ​ដល់​អ្នក​សកម្ម​ទាំង​ឡាយ អាហ្នឹង​ខ្ញុំ​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ចំណុច​ហ្នឹង​ឲ្យ​មែន​ទែន»។

បើតាម​ដីកា​ដាក់លក់​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ​ដែល​មិន​បង្ហាញកាល​បរិច្ឆេទ​ជាក់លាក់ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ ម្ចាស់​បំណុល​នៃ​សំណុំរឿង​ខាង​លើ​នេះ រួម​មាន ​លោក ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​រដ្ឋាភិបាល​កម្ពុជា។​កូនបំណុល រួមមាន​លោក សម រង្ស៊ី និងអ្នកស្រី ជូឡុង សូមួរ៉ា ​ភរិយា​របស់​លោក សម រង្ស៊ី។

លោក ហេង សំរិន បានទាមទារ​នូវទឹកប្រាក់​ជាង​៦ម៉ឺនដុល្លារ​ពី​កូនបំណុល​ខណៈលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ទាមទារ​ប្រមាណ​១លានដុល្លារ។​ចំណែកភាគីរដ្ឋាភិបាលបាន​ទាមទារប្រមាណ​៤៥ម៉ឺន​ដុល្លារ​ហើយលោក ស ខេង​ ​ប្រមាណ​៥០​ម៉ឺនដុល្លារ៕​