កម្ពុជា​បង្កើន​កម្រិត​ការទូត​ជាមួយ​តួកគី​និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទន្លេ​មេគង្គ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជួប​ជាមួយ​លោក ប្រធានាធិបតី​តួកគី Recep Tayyip Erdogan នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ដើម្បី​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​រួមមាន​ខាង​ផ្នែក​ការទូត​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ហើយ​បាន​ជួប​ជាមួយ​មន្ត្រី​ជាច្រើន​រូប រួម​ទាំង​លោក​ប្រធានាធិបតី Recep Tayyip Erdogan កាល​ពី​ថ្ងៃ ទី ២១ ខែតុលា។ ភាគី​ទាំងពីរ​បាន​និយាយ​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​និង​បាន​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន ៨ រួម​មាន​ពាណិជ្ជកម្ម​និង​ការពារ​វិនិយោគិន វិស័យ​ទេសចរណ៍​និង​កសិកម្ម ទឹក​និង​បញ្ហា​កំចាត់​គ្រាប់​មីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

តួកគី​និង​កម្ពុជា​បាន​យល់ព្រម​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រហូត​ដល់ ១ ពាន់​លាន​ដុល្លារ។

«ជាមួយ​នឹង​ទិសដៅ​នៃ​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​មាន​ការ​កើនឡើង​រហូត​ដល់​១ពាន់លាន ដុល្លារ នៅ​ពេល​ខាង​មុខ ឯកឧត្តម​ប្រធានាធិបតី និង​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ផ្នែក​ធុរកិច្ច នៃ​ប្រទេស​ទាំង​ពីរ ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ លើ​វិស័យ​អាទិភាព​ចំពោះ​មុខ​របស់​កម្ពុជា ពិសេស​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា»។

ក្នុង​ជំនួប​កំពូល​ទ្វេភាគី​នោះ​ដែរ មេដឹកនាំ​ទាំង​ពីរ​ប្រទេស​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​សកល​ផង​ដែរ។

«មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-តួកគី បាន​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ទំនាក់​ទំនង​ទ្វេ​ភាគី ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ការ​គាំទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្របខណ្ឌ​អន្តរជាតិ ពិសេស​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម និង​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បណ្តាញ​អង្គការ​ភេរវកម្ម​អន្តរជាតិ»។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​និយាយ​ថា លោក​គ្រោង​នឹង​បង្កើន​កម្រិត​ការទូត​នៅ​ឆ្នាំ២០១៩ ពី​ស្ថានទូត​អគ្គ​កុងស៊ុល​ទៅ​ស្ថានទូត​ឬ​ឯកអគ្គរាជទូត​ជាមួយ​ប្រទេស​តួកគី​ហើយ​លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​តួកគី​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​អាហារូបករណ៍​ឱ្យ​និស្សិត​កម្ពុជា។

និស្សិត​មួយ​ចំនួន​ដែល​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ស្វាគមន៍​ការ​សម្រេច​របស់​មេដឹកនាំ​កម្ពុជា​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។

លោក តាំ សាគីរីន​ និស្សិត​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​អង់ការ៉ាបាន​និយាយ​ថា​ គាត់​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ឃើញ​ការ​ចង​ភ្ជាប់​គ្នា​នេះ​បាន​និយាយ​ថា វា​គឺ​ជា​ដំណឹង​ល្អ​ដើម្បី​រៀន​អំពី​វា​ហើយ​វា​ងាយស្រួល​សម្រាប់​សិស្ស​និង​ក្រុម​គ្រួសារ។

កញ្ញា តួត ស៊ីនីន សារី ដែល​ជា​និស្សិត​ឱសថស្ថាន​នៅ​សាកលវិទ្យាល័យ​អង់ការ៉ា (ឆ្នាំទីពីរ) បាន​ប្រាប់​VOA ថា កញ្ញា​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ពេល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​នៅ​ខាង​ក្រៅ​ប្រទេស។

កញ្ញា​បាន​និយាយ​ថា៖

«សម្រាប់​ខ្ញុំ ខ្ញុំ​សប្បាយ​រីករាយ​ណាស់ ព្រោះ​យើង​មក​ទីនេះ​ហើយ​យើង​ហាក់​ដូចជា​ភាព​កក់ក្តៅ ដែល​យើង​ទទួល​បាន​ពី​អ្នកដឹកនាំ​នូវ​ការ​គាំទ្រ​ពី​កំពូល»។

កញ្ញា​បន្ត​ថា៖

«ដូច្នេះ​បើ​យើង​មាន​ស្ថានទូត​នៅ​ទី​នេះ វា​នឹង​ជួយ​សម្រប​សម្រួល​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​សិស្ស​ត្រូវ​ការ»។

កញ្ញា​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ម្សិលមិញ​ជាមួយ​ក្រុម​និស្សិត​ដទៃ។ លោក​បាន​និយាយ​ថា ចំណង​ទាក់ទង​នៃ​ប្រទេស​ទាំងពីរ នឹង​នាំ​មក​នូវ​អត្ថន័យ​ជា​ច្រើន​សម្រាប់​ប្រទេស​ទាំងពីរ​ដោយសារ កម្ពុជា​ជា​ប្រទេស​ធ្លាប់​ជា ចក្រភពរាជាណាចក្រ​អង្គរ​និង​តួកគី​គឺ​ជា​ចក្រភព​អូតូម៉ង់។

និស្សិត​ទាំងពីរ​នាក់​បាន​និយាយ​ថា និស្សិត​ត្រូវ​រៀន​ភាសា​ចេះ​ស្ទាត់​ជំនាញ​និង​ពូកែ​នៅ​ថ្នាក់​វិទ្យាល័យ ព្យាយាម​រៀន​សូត្រ​និង​តស៊ូ​សម្រាប់​រយៈពេល​ពីរ បី​ឆ្នាំ​ដំបូង។

ក្រុម​និស្សិត​បាន​និយាយ​បន្ត​ថា​ មាន​និស្សិត​ប្រហែល ៨១ នាក់​ដែល​បាន​មក​រៀន​នៅ​ទីនេះ​ហើយ​ខ្លះ​ទៀត​បាន​ចាកចេញ៕