លោក​ Prigozhin ​បញ្ជា​ឲ្យ​យុទ្ធជន​ក្រុម ​Wagner ​វិល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​នៅ​អ៊ុយក្រែន​វិញ

ក្រុម​ទាហាន​ស៊ីឈ្នួល ​Wagner ដក​កងកម្លាំង​ចេញ​ពី​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។ (REUTERS)

មេ​ទាហាន​ស៊ី​ឈ្នួល​លោក​ Yevgeny Prigozhin ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៤ ​ខែ​មិថុនា​នេះ​ បាន​បញ្ជា​ឲ្យ​ទាហាន​របស់​ខ្លួន​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​មូស្គូ ​ហើយ​បង្វែរ​ក្បួនត្រឡប់​ក្រោយ​ទៅ​កាន់​មូលដ្ឋាននៅ​អ៊ុយក្រែន​វិញដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម។​

ការិយាល័យ​លោក ​Alexander Lukashenko ប្រធានាធិបតី​បេឡារុស បាន​ប្រកាស​ថា​ លោក​ Lukashenko​ បាន​ចរចា​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner ​ដោយ​មាន​ការ​យល់ព្រម​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin និ​ង​ថា​ លោក ​Prigozhin ​បាន​ព្រម​ព្រៀង​បន្ធូរ​បន្ថយភាព​តាន​តឹង។​

នៅ​ក្នុង​សារ​សំឡេង​មួយ​បញ្ចេញ​ដោយ​អង្គភាព​ព័ត៌មាន​របស់​លោក លោក ​Prigozhin​ បាន​ថ្លែងថា៖ ​«ពួក​គេ​ចង់​បំបែក​ក្រុមហ៊ុន​ទាហាន​ Wagner។ ​យើង​បាន​ដើរ​ក្បួន​ទាមទារ​យុត្តិធម៌​នៅ​ថ្ងៃ​ទី២៣ ​ខែ​មិថុនា។ ​នៅ​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង ​យើង​ចូល​បាន​ចម្ងាយ ​២០០​គីឡូម៉ែត​ជិត​ក្រុង​មូស្គូ។ ​នៅ​ពេល​នេះ ​យើង​មិន​បាន​បង្ហូរ​ឈាម​យុទ្ធជន​សូម្បី​តែ​មួយ​តំណក់»។​

នៅ​ក្នុង​សារ​សំឡេង​តាម​ប្រព័ន្ធ​ផ្ញើសារ​ Telegram ​របស់​លោក ​លោក ​Prigozhin​ បាន​និយាយ​ថា៖ ​«ឥឡូវ​នេះ ​ពេល​វេលា​ដែល​អាច​មាន​ការ​បង្ហូរ​ឈាម​បាន​មក​ដល់​ហើយ។ ​ដោយ​សារ​ស្មារតី​ទទួល​ខុស​ត្រូវ​ [ចំពោះ​លទ្ធភាព] ​ដែល​អាច​នឹងមាន​ការ​បង្ហូរ​ឈាម​រុស្ស៊ី​តែម្ខាង​នោះ​ យើងបង្វែរ​កង​ទាហានវិល​ទៅមូលដ្ឋាន​ដើម​ដូច​ការ​គ្រោង​ទុក»។​

មេក្រុមទាហាន​ស៊ីឈ្នួល​ Wagner លោក Yevgeny Prigozhin ថ្លែង​តាម​វីដេអូនៅ​ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

លោក​ Prigozhin ​មិន​បាន​និយាយ​ថា ​តើ​វិមាន​ក្រឹមឡាំង​បាន​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​លោក​ក្នុង​ការ​បណ្តេញ​រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​លោក​ Sergei Shoigu ​ចេញ​ពី​តំណែងឬ​យ៉ាងណា​ទេ ឬ​ហើយ​លោក​ក៏​មិន​បាន​និយាយថា​ ​លោក​ Lukashenko ​បាន​សន្យា​ដែរ។​

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ការ​មក​ដល់​នៃ​កង​ទាហាន​ឯកជនដឹកនាំ​ដោយ​មេ​បញ្ជា​ការ​បះបោរ​នេះ។ ​ហើយ​លោក ​Putin ​បាន​ប្តេជ្ញា​ថា ​មេ​បញ្ជាការ​នេះ​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។ វិមានក្រឹមឡាំងមិន​មាន​ចេញ​សេចក្តីអធិប្បាយ​ភ្លាមៗ​ទេ។​

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ក្រុម​ទាហាន​ស៊ី​ឈ្នូល​ត្រូវ​បាន​ឃើញ​ឆ្លង​កាត់​ក្រុង ​Voronezh របស់​រុស្ស៊ី​ ​ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ឆ្ពោះ​ទៅ​កាន់​ក្រុង​មូស្គូ​នា​ថ្ងៃ​ដដែល ​បន្ទាប់​ពី​ពួកគេ​ចូល​កាន់កាប់​ក្រុង ​Rostov-on-Don ​ដែល​មាន​ប្រជាជន​ជិត​មួយ​លាន​នាក់​ នៅ​ជិត​ព្រំដែន​ជាមួយ​អ៊ុយក្រែន។​

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​បាន​រាយ​ការណ៍​ថា ​នៅ​ក្រុង ​Rostov ដែលជា​តំបន់​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ភស្តុភាសម្រាប់​ក្រុម​ទាហាន​ឈា្លនពាន​ទាំង​មូល​របស់​រុស្ស៊ី​នោះ​ ​ពលរដ្ឋ​បាន​មក​សង្កេត​មើល ដោយទូរសព្ទ​ដៃ​ថត​វីដេអូ ​និង​រូបថត ​ខណៈ​ក្រុម​ទាហាន​ស៊ីឈ្នួល ​Wagner ជិះ​ក្នុងរថពាស​ដែក​ និង​រថក្រោះ​ បោះ​ទីតាំង។​

លោក ​Prigozhin ​បាន​អះអាង​ថា ​យុទ្ធជន​របស់​លោក​បាន​ចូលក្រុង ​Rostov-on-Don ​នៅភាគ​ខាងត្បូង​រុស្ស៊ី​ ​ដោយ​មិន​មានបាញ់​កាំភ្លើង​សូម្បី​មួយគ្រាប់​ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថាជា «ក្បួន​ស្វែង​រក​យុត្តិធម៌» ​នោះ។ ​តែ​ការ​អះអាង​របស់​លោក​មិន​ត្រូវ​បាន​បញ្ជាក់ជា​ផ្លូវការ​នោះ​ទេ។​

លោក​ពូទីន​បាន​បេ្តជ្ញា​កម្ទេច​អ្វី​ដែល​លោក​ហៅ​ថា​ជា ​ការ​បះបោរ​ប្រដាប់​អាវុធ ​ដែល​លោក​បាន​ប្រៀប​ធៀប​ទៅ​នឹង​សង្រ្គាម​ស៊ីវិល​នៅ​រុស្ស៊ី​កាល​ពី​មួយ​សត​វត្សរ៍​មុន។​

អ្នក​សារ​ព័ត៌មាន​ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ី​ធ្វើ​ការ​បាញ់​ប្រហារ​លើ​ក្រុម​ទាហាន​ប្រដាប់​អាវុធ ​Wagner ​ដែល​មាន​យានយន្ត​ដឹក​យោធា ​និង​យ៉ាង​ហោច​ណាស់​រថក្រោះ​មួយគ្រឿង​នៅ​លើ​ឡាន​ដឹក​ទំនិញ ​ស្រប​ពេល​ពួកគេ​ធ្វើ​ដំណើរ​ផុត​ពី​ក្រុង​ Voronezh។ ​ក្រុង​នេះ​ស្ថិត​នៅ​ចម្ងាយ​ ៥២០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​មូស្គូ។​

នៅ​ក្រុង​មូស្គូ​មាន​ការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ដង​ផ្លូវ។ ​ទីលានក្រហម​ ​Red Square ​ត្រូវ​បាន​បិទ​ដោយ​រនាំង​ដែក។​

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​ផ្សាយ​តាម​ទូរទស្សន៍​ ​លោក​ពូទីន​បាន​ថ្លែង​ថា៖ ​«មហិច្ឆតា​ធំ​ជ្រុល ​និង​ផល​ប្រយោជន៍​បុគ្គល​បាន​នាំ​ឲ្យ​ធ្វើអំពើ​ក្បត់ជាតិ»។​ លោក​ប្រៀបធៀប​ការ​បះបោរ​អំឡុង​ពេល​មាន​សង្រ្គាម​នៅ​ក្រៅ​ប្រទេស​នេះ​ទៅ​នឹង​បដិវត្តន៍​រុស្ស៊ី ​និង​សង្រ្គាម​ស៊ីវិល​ដែល​កើត​មាន​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​មួយ។​

ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ពិនិត្យ​មើល​រថយន្ដ​មួយ​គ្រឿង​នៅ​តាម​ដង​ផ្លូវ​ក្នុងក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

សហ​រដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​បង្ហាញ​ប្រតិកម្ម​

សេតវិមាន​បាន​និយាយ​ថា ​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​និយាយ​ជាមួយ​មេ​ដឹកនាំ​បារាំង​ អាលឺ្លម៉ង់ ​និង​ចក្រភព​អង់គ្លេស​នា​ថ្ងៃ​សៅរ៍​នេះ។ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ​ សេតវិមាន​បាន​លើកឡើង​ថា៖ ​«ក្រុម​មេដឹកនាំ​បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​រុស្ស៊ី។ ​ពួក​លោក​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​មិន​ងាករេ​របស់​ខ្លួន​ចំពោះ​អ៊ុយក្រែន»។

សេតវិមាន​បាន​បន្ត​ទៀត​ថា ​ក្រុមមន្រ្តី​ផ្នែក​សន្តិសុខ​ជាតិ​បាន​ផ្តល់​ដំណឹង​ប្រាប់លោក​ Biden ​អំពី​ស្ថានភាព​ដែល​កំពុង​កើត​ឡើង​នៅ​រុស្ស៊ី​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។ សេតវិមានបន្ថែម​ថា ​លោក​ប្រធានាធិបតី​នឹង​បន្ត​ទទួល​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ពេញ​មួយ​ថ្ងៃ។​

កាល​ពី​ពេល​មុន​នេះ​ រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​បាន​និយាយ​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេសកាណាដា​ បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ​ជប៉ុន​ ចក្រភព​អង់គ្លេស ​និង​សហភាព​អឺរ៉ុប ​ដើម្បីពិភាក្សា​ពី​ស្ថានភាព​កំពុង​កើត​មាន​ឡើង​នៅ​រុស្ស៊ី។ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ក្រសួង​ការបរទេស​អាមេរិក។​

លោក​ Blinken ​បាន​លើក​ឡើង​សាជាថ្មី​ថា ​ការ​គាំទ្រ​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន​នឹង​មិន​ផ្លាស់ប្ដូរ​ និង​បាន​បន្ថែម​ថា ​សហ​រដ្ឋ​អាមេរិក​បន្ត​រក្សា​ការ​សម្រប​សម្រួល​ជិតដិត​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត ​និង​ដៃគូ។​

​លោក​ ​Mark Milley​ ឧត្តម​សេនីយ៍​យោធា​ និង​ជា​មន្រ្តី​យោធា​ជាន់ខ្ពស់​អាមេរិក​ ​បាន​លុប​ចោល​ផែនការ​ទស្សន​កិច្ច​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​នា​ថ្ងៃ​សៅរ៍ ​ដោយសារ​ស្ថានភាព​នៅ​រុស្ស៊ី។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​លោក។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដោយ​ឡែក​មួយ​ ​ការិយាល័យ​លោក ​Milley ​បាន​និយាយ​ថា ​លោក Milley ​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ីស្រាអែល​ និង​ហ្ស៊កដានី​នោះ​ ក៏​បាន​និយាយ​ជាមួយ​នឹង​មេ​បញ្ជាការ​យោធា​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ។​

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​និយាយ​លើ​គណនី​ Twitter ​ថា៖ ​«នរណា​ក៏ដោយ​ ឱ្យតែជ្រើស​ផ្លូវ​អាក្រក់​នឹង​បំផ្លាញ​ខ្លួន​ឯង....។​ អស់​ពេល​ជា​យូរ​មក​ហើយ​ រុស្ស៊ី​បាន​ប្រើ​ប្រាស់​ការ​ឃោសនា​ដើម្បី​បិទបាំង​ភាព​ទន់ខ្សោយ​ និង​ភាព​ល្ងង់ខ្លៅ​របស់​រដ្ឋាភិបាល​របស់​ខ្លួន។​ ហើយ​ឥឡូវ​នេះ​ មាន​ចលាចល​យ៉ាង​ច្រើន​ដែល​គ្មាន​ការ​កុហក​ណា​មួយ​អាច​បិទបាំង​បាន​នោះ​ទេ»។​

ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​

នៅ​ក្នុង​ការ​ប្រកាស​ការ​បះបោរ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៤​ ខែ​មិថុនា​ លោក​ Prigozhin ​បាន​និយាយ​ថា​ លោក​ចង់​ពិន័យ​លោក ​Shoigu ​ក្រោយ​ពី​លោក​បាន​ចោទ​ប្រកាន់​ថា​ ​ កង​កម្លាំង​រដ្ឋាភិបាល​រុស្ស៊ីវាយ​ប្រហារ​លើ​មូលដ្ឋាន​របស់​ក្រុម​ទាហាន​ Wagner ​នៅ​អ៊ុយក្រែន​ ដោយ​បាញ់​រ៉ូក្កែត​ បាញ់​ប្រហារ​ពី​ឧទ្ធម្ភាគ​ចក្រ​និង​កាំភ្លើង​ធំ។​ លោក​បាន​អះអាង​ថា ​«សមមិត្ត​របស់​យើង​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់»។​

លោក​បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​ផ្ញើសារ​ Telegram ​ថា៖ ​«រដ្ឋមន្រ្តី​ការពារ​ជាតិ​បាន​មក​ដល់ ​ជាពិសេស​នៅ​ក្រុង ​Rostov ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​បំផ្លាញ​ក្រុមហ៊ុន ​Wagner PMC ​(ក្រុមហ៊ុន​យោធា​ឯកជន)»។​

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។​

បន្ទាប់​មក ​ទីភ្នាក់ងារ​សេវា​កម្ម​សន្តិសុខ​សហ​ព័ន្ធ​រុស្ស៊ី ​(FSB)​ បាន​បើក​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ប្រឆាំង​លោក ​Prigozhin ​ដោយ​ចោទ​ប្រកាន់​លោក​ពី​ការ​បះបោរ​ដោយ​ប្រើអាវុធ ​យោង​តាម​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ភេរវ​កម្ម។ ​បទ​ឧក្រិដ្ឋ​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ២០​ឆ្នាំ។ ​នេះ​បើ​យោង​ទៅ​តាម​រដ្ឋ​អាជ្ញា​រុស្ស៊ី។​

គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ដែល​ជា​ផ្នែក​មួយ​នៃ​ទីភ្នាក់ងារ​សេវា​កម្ម​សន្តិសុខ​សហ​ព័ន្ធ​រុស្ស៊ី ​ទទូច​ថា ​ការ​ចោទ​ប្រកាន់ធ្វើ​ឡើងដោយ​លោក ​Prigozhinកាល​ពី​ថ្ងៃ​សុក្រ​គឺ ​មិន​មាន​មូលដ្ឋាន​នោះ​ទេ ​ដែល​ថា ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​មូលដ្ឋាន​របស់​ក្រុម​ទាហាន​ Wagnerដោយ​បាន​សម្លាប់​យុទ្ធជន​ចំនួន ​២.០០០​នាក់៕​

(ព័ត៌មាន​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន ​The Associated Press, Agence France-Presse និង​ Reuters)

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា