ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ៊ុយក្រែន​ថា​ កងម្លាំង​ខ្លួន​វាយ​ដណ្តើម​បាន​ភូមិ​ចំនួន​៨​វិញ​ពី​ទាហាន​រុស្ស៊ី


ទង់ជាតិអ៊ុយក្រែនត្រូវបានបំពាក់នៅមុខផ្ទះមួយខ្នងនៅក្នុងភូមិ Blahodatne ដែលត្រូវបានរំដោះមកវិញ នៅក្បែរសមរភូមិជួរមុខក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣។
ទង់ជាតិអ៊ុយក្រែនត្រូវបានបំពាក់នៅមុខផ្ទះមួយខ្នងនៅក្នុងភូមិ Blahodatne ដែលត្រូវបានរំដោះមកវិញ នៅក្បែរសមរភូមិជួរមុខក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣។

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អ៊ុយក្រែន​ លោក​ស្រី​ Hanna Maliar​ និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កង កម្លាំង​អ៊ុយក្រែន​ ​ដណ្តើម​បាន​ភូមិចំនួន​ ៨ ​កន្លែង​មកវិញ​ ក្នុង​ការ​វាយបក​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ភូមិ Piatykhatky ក្នុង​តំបន់ Zaporizhzhia ផង​ដែរ។

ចាប់​តាំងពី​ការចាប់​ផ្តើម​នៃការ​វាយ​បក​របស់​កងកម្លាំង​អ៊ុយក្រែន​ប្រឆាំង​នឹងកងកម្លាំង​រុស្ស៊ី​ ​ដើម្បី​គ្រប់គ្រង​ឡើង​វិញនូវ​តំបន់មួយ​ចំនួន​ ​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​នោះ លោក​ស្រី​ Maliar ​និយាយ​ថា​ កង​កម្លាំង​អ៊ុយក្រែន​ រំដោះ​បានទឹក​ដី​ប្រមាណ ១១៣​ គីឡូម៉ែត្រ​ក្រឡារួច​មក​ហើយ។​

ក្រុម​មន្ត្រី​រុស្ស៊ី​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ការ​បាញ់​ផ្លោង​ដាក់​តំបន់​ Belgorod​ របស់​រុស្ស៊ី​ ​ដែល​ស្ថិត​នៅជិត​ព្រំដែន​ជា​មួយ​អ៊ុយក្រែន​នោះ​ បានធ្វើ​ឱ្យ​របួស​ជនស៊ីវិល​៧​នាក់។​

អភិបាល​តំបន់ Belgorod ​របស់​រុស្ស៊ី​ លោក Vyacheslav Gladkov បាន​បង្ហោះ​សារ​លើ​តេឡេក្រាម​ថា​ ការ​វាយប្រហារ​នោះ​ បាន​ត្រូវចំ​អគារ​លំនៅ​ដ្ឋាន​ជា​ច្រើន។

ចំណែកមន្ត្រី​រុស្ស៊ី​ម្នាក់​ទៀត​និយាយ​ថា ​ការ​បាញ់​ផ្លោង​ បាន​ធ្លាក់​ចំភូមិ​ចំនួន​២​នៅ​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​ផង​ដែរ។​

ក្រសួង​ការពារ​ជាតិចក្រភព​អង់គ្លេស ​បាន​និយាយនៅ​ក្នុង​របាយការណ៍​វាយតម្លៃ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​ថា រុស្ស៊ី​ទំនង​ជា​បាន​ដាក់ពង្រាយ​ទាហាន​របស់​ខ្លួនចំនួន​រាប់ពាន់​នាក់​ ពី​តំបន់ត្រើយ​ខាងកើត​នៃ​ទន្លេ​ Dnipro ដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួននៅ​ក្នុង​តំបន់​ Bakhmut​ និង​តំបន់ Zaporizhzhia។ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​និយាយ​ថា​ ការ​ដាក់​ពង្រាយ​កងកម្លាំង​របស់​ខ្លួន​នោះទំនង​ជាបង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​ ការ​វាយ​ប្រហារ​ដ៏​ខ្លាំងរបស់​អ៊ុយក្រែនឆ្លងកាត់​ទន្លេ Dnipro ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​ ក្រោយ​ពី​មាន​ការ​បាក់​ទំនប់​ទឹក Kakhovka ដែល​ធ្វើ​ឱ្យ​មានទឹក​ជំនន់។

អង្គការ​សហប្រជាជាតិនិយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ​សំណើ​របស់​ខ្លួនក្នុង​ការ​ជួយដល់​អ្នកភូមិ​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន ដែល​រងការ​ប៉ះពាល់​ដោយ​សារ​ការ​បាក់​ទំនប់​ទឹក ​Kakhovka ហើយ​ប្តេជ្ញា​ថា​ នឹង​បន្ត​រកវិធី​ដើម្បី​រក​ច្រក​ចូល​ទៅ​កាន់​តំបន់នោះ។

រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ជា​ច្រើន​នាក់បាន​ស្លាប់​ ហើយ​មនុស្ស​ចំនួន​ជាង​ ៣១ ទៀត​ កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ ​ដោយ​សារ​ទឹក​ជំនន់​ ​ដែល​បង្កឡើង​ដោយ​ការ​បំផ្លាញ​ទំបន់​ទឹក​ដ៏​ធំ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP​ និង​ Reuters

XS
SM
MD
LG