មោទនភាព​ក្លាយ​ជា​ការ​សោក​ស្តាយ​សម្រាប់​អ្នក​គាំទ្រ​លោក​នាយ​ទាហាន​ជើង​ទឹក​ខ្មែរ​អាមេរិកាំង

មេ​បញ្ជាការ​កងទ័ព​​ជើង​ទឹក​អាមេរិកាំង​ ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច (Michael Vannak Khem Misiewicz) ញញឹម​នៅ​ពេល​​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​នាវា​ពិឃាត​ USS Mustin នៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១០។

មេ​បញ្ជាការ​កងទ័ព​​ជើង​ទឹក​អាមេរិកាំង​ ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច (Michael Vannak Khem Misiewicz) ​កាលពី​ខែ​មុន​​​បាន​សារភាព​ថា លោក​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​នាំ​ឱ្យ​បែក​ធ្លាយ​ការ​សម្ងាត់​យោធា​។

មេ​បញ្ជាការ​កងទ័ពជើង​ទឹក​អាមេរិកាំង​ ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច (Michael Vannak Khem Misiewicz) ​បាន​ក្លាយ​ជា​មោទនភាពមួយ​សម្រាប់​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ពេល​ដែល​លោក​បាន​ដឹកនាំ​នាវា​ពិឃាត​របស់​សហរដ្ឋអាមេរិក​ចូល​ចត​នៅកំពង់ផែ​ក្រុង​ព្រះ​សីហនុ​កាលពី​ជាង​៥ឆ្នាំ​មុន។

ប៉ុន្តែ​ការ​សារភាព​របស់​គាត់​កាលពី​ខែ​មុនថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​នាំ​ឱ្យ​បែក​ធ្លាយ​ការ​សម្ងាត់​យោធាបាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ដូច​ជា​លោក ហេងថាល់ សាវុធ ​និង​អ្នក​ដទៃ​ទៀត​ស្រឡាំងកាំង។

លោក​ ហេង ថាល់​សាវុធ​ ដែល​ជា​ភ្នាក់ងារ​រដ្ឋាភិបាល​ទទួល​បន្ទុក​សន្តិសុខ​នៅ​សាលា​រដ្ឋ​មួយ​ក្នុង​រដ្ឋ​ Maine (ម៉េន) សហរដ្ឋ​អាមេរិក​ ​បាន​សម្តែង​ពី​ការ​សោកស្តាយ​ដែល​រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​មក​លើ​នាយ​ទាហានអាមេរិកាំង​ដើម​កំណើត​ខ្មែរ​ដែល​លោក​ធ្លាប់​មាន​មោទនភាព។​ ប៉ុន្តែ​លោកយល់​ថា ​ការ​ឆ្លើយ​សារភាព​របស់​នាយ​ទាហាន​រូបនេះ​គឺជា​រឿង​ល្អ ​ព្រោះ​សំណាញ់​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​ល្អិត​ដែល​គេ​គង់​តែ​រក​ភស្តុតាង​បាន​គ្រប់​គ្រាន់។ លោក​ថ្លែង​ថា៖

«ដូច្នេះ​ការណ៍​ដែល​គាត់​សារភាព​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ប្រព័ន្ធ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ពិត​ជា​មាន​ប្រសិទ្ធភាព​ហើយ​ដែល​យើង​មិន​អាច​លេង​សើច​បាន​ទេ‍»។​

លោក​វរនាវីទោ​ ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៣​និង​រង​ការ​ចោទ​ប្រកាន់ពីការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​នៃ​ចលនា​នាវា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ធ្វើ​ដំណើរ​ហ៊ឺហា​និង​សេវាពេស្យាចារ។ ប៉ុន្តែ​លោក​បាន​ប្រកែករហូត​ដល់​សប្តាហ៍​មុន​នេះ​ទើប​ព្រម​សារភាព។ ​

ក្នុង​ចំណោម​សកម្ម​ភាព​ខុសឆ្គង​គឺ​លោក​បាន​បង្វែរ​ទិស​ចូល​ចត​នៃ​នាវា​ជាច្រើន​គ្រឿង​ រួម​ទាំងនាវា​ចម្បាំង​ផ្ទុក​យន្តហោះ USS George Washington ​និង​ USS John C. Stennis​ ឱ្យ​ទៅ​ចូល​ចត​នៅ​កំពង់ផែ​ដែលក្រុមហ៊ុន​ Glenn Defense Marine Asia ​មាន​បម្រើ​សេវា។ ហើយ​គឺ​ម្ចាស់​ក្រុមហ៊ុន​នេះ​ជា​អ្នក​ផ្តល់​ការ​សូក​ប៉ាន់​នានា។​

លោក​ ហ៊ាន យុទ្ធ​ អតីត​ទាហាន​ជើង​ទឹក​ខ្មែរ​សម័យ​របប​លោក​សេនាប្រមុខ ​លន់​ នល់ ​និង​បច្ចុប្បន្ន​បម្រើ​ការ​ខាង​ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ក៏​សោកស្តាយ​ដែល​មាន​រឿង​រ៉ាវ​ដូច្នេះ​ប៉ុន្តែ​លោក​មិន​បន្ទោស​ទេ​ ដោយ​សារ​តែ​លោក​យល់​ថា​លោក ​ម៉ាយឃើល ​វណ្ណៈខឹម​ មីស៊ីវិច​ មិន​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​បដិសេធ​ចោល​នូវ​សំណូក​ដែល​គេ​យក​មក​ឱ្យ។

«ក្នុង​ស្រុក​អាមេរិក​នេះ​គឺ​ថា​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​គេ​យ៉ាងម៉េច​គឺ​ត្រូវ​យល់​អំពី​ក្រម​សីលធម៌​ គឺ​ថា​បើ​យើង​ធ្វើ​ក្នុង​រដ្ឋាភិបាល​យើង​ត្រូវតែ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​ពាក់​ព័ន្ធ​នឹង​ពុករលួយ​យើង​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​គេ។ បាន​ន័យ​ថា​យើង​ធ្វើ​អ្វី ​ក៏ដោយ​យើង​ត្រូវ​តែ​ដឹង​យើង​កុំ​រំលោភ​ច្បាប់​ជាពិសេស​អ្នក​ដែល​ធ្វើការ​នៅ ​ក្នុង​តំណែង​និង​កន្លែង​ដែល​ទិញ​ដូរ‍»។​

លោក​បន្ថែម​ថា មន្ត្រី​រដ្ឋការ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តែងតែ​ទទួល​ការ​ហ្វឹកហ្វឺន​ពី​ក្រម​សីលធម៌និង​ការយល់​ដឹង​ពី​ដើម្បី​ជៀសវាង​ការ​បៀតបៀន​ផ្លូវ​ភេទ​ជាដើម។​

លោក​ ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច ​ត្រូវ​បាន​ស្ត្រី​អាមេរិកាំង​សុំ​យក​មក​ចិញ្ចឹម​ក្នុង​ឆ្នាំ​១៩៧៣ ​មុនពេល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ខ្មែរ​ក្រហម​ហើយ​ដំណើរ​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ជា​លើក​ទីមួយ​របស់​លោក​ក្នុង​ឆ្នាំ​២០១០បាន​នាំ​ឱ្យ​មានការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី ​បណ្តាញ​សារព័ត៌មានអន្តរជាតិ​ដោយ​សារ​លោកបាន​ដឹកនាំ​កងទ័ព​ជើង​ទឹក​នៃ​នាវា​ពិឃាត USS Mustin ។

បន្ទាប់​ពី​ដំណើរ​ចូល​ចត​ក្នុង​ប្រទេស​កម្ពុជា​លោក​បាន​ឡើង​មកបម្រើ​ការជា​មេបញ្ជាការ​រង​ទទួលបន្ទុកប្រតិបត្តិការ​លើ​នាវា​ USS Blue Ridge ​នៃ​កងនាវាចរណ៍​ទី៧ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​យូកូសុកា​នៃ​ប្រទេស​ជប៉ុន។ លោក ​ម៉ាយឃើល វណ្ណៈ​ ខឹម មីស៊ីវិច ​ត្រូវ​បាន​ជ្រើសរើស​ត្រៀម​ដំឡើង​ឋានន្តរសក្ដិ​ជា​វរនាវីឯក​ផង​ដែរ។

លោក ​គុជ ច័ន្ទលី ​អ្នក​ផ្តល់​ប្រឹក្សា​នៅ​សាលារៀន​រដ្ឋ​មួយ​នៅ​ក្នុង​រដ្ឋ​ Maryland (ម៉ារីឡែន) ​យល់​ថា​វា​ជា​ការ​សោក​ស្តាយ​និង​អាម៉ាស់​មួយ​ដែល​លោក ​ម៉ាយឃើល​ វណ្ណៈខឹម​ មីស៊ីវិច​ បាន​ឡើង​ដល់​ឋានៈ​ខ្ពង់ខ្ពស់​និង​ជា​មោទនភាព​សម្រាប់​ខ្មែរ​អាមេរិកាំង​ហើយ​មក​ប្រព្រឹត្ត​រឿង​អាស្រូវ​ពុករលួយ​រហូតដល់​ធ្លាយ​ការសម្ងាត់​របស់​រដ្ឋ។​

«សោកស្តាយ​ត្រង់​ថា​គាត់​ជា​តំណាង​ឱ្យ​ខ្មែរ​យើង​មួយ​រូប​តំណាង​ឱ្យ​កូនខ្មែរ​យើង​ដែល​មក​ស្រុក​អាមេរិក​នេះ​តាំងពី​តូច​ហើយ​បាន​ត្រូវ​គ្រួសារ​អាមេរិកាំង​ជួយ​ឧបត្ថម្ភ​គាំទ្រ​បាន​ចូល​ទៅ​រៀន​សូត្រ​ហើយ​បាន​ចូល​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​កងទ័ព​របស់​អាមេរិកាំង​រហូត​ដល់​ក្លាយជា​មេបញ្ជាការ​គឺ​ជា​ឋានៈ​ធំ​ណាស់​ហើយ​ខ្មែរ​យើង​ក៏​មាន​មោទនភាព​ដោយ​សារ​តែ​ខ្មែរ​យើង​បាន​ឡើង​ទៅ​ដល់​ថ្នាក់​ហ្នឹង‍»។​

លោក​ច័ន្ទលី​ក៏​មាន​ប្រវត្តិ​ស្រដៀង​នឹង​លោក ​វណ្ណៈខឹម មីស៊ីវិច​ ដែរ ​ដោយ​លោកត្រូវ​គ្រួសារ​អ្នក​នយោបាយ​អាមេរិកាំង​មាន​ទ្រព្យ​ធន​ស្តុក​ស្តម្ភ​មួយ​ដែល​ធ្លាប់​ជា​អភិបាល​រដ្ឋ​សុំ​ធានា​ពី​ជំរំ​តាម​ជាយ​ដែន​ខ្មែរ​យក​មក​ចិញ្ចឹម​ឱ្យ​បាន​រៀន​សូត្រ។ ការ​នេះ​ធ្វើ​ឱ្យ​លោក​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​បំពេញ​ការងារ​ទោះបី​ជា​លោក​បាន​ចេញ​មក​បំពេញ​ការងារ​៣០ឆ្នាំ​ហើយ​ក៏ដោយ។​

«នៅ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា​ខ្ញុំ​មិន​គ្រាន់តែ​ការពារ​មុខមាត់​កិត្តិយស​ឪពុកម្តាយ​ខ្ញុំ​ទេ​ក៏ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​ការពារ​ជន​ជាតិ​អាមេរិកាំង​ដែល​គេ​ធានា​ខ្ញុំ​មក​ចិញ្ចឹម​ដូច​ជា​កូន​គេ​អញ្ចឹង​ហើយ​គេ​ឧបត្ថម្ភ​សព្វ​គ្រប់​បែប​យ៉ាង។ គេ​ស្រឡាញ់​ខ្ញុំ​ គ្រប់​សព្វ​បែបយ៉ាង​នៅ​ស្រុក​អាមេរិក​នេះ​។ គឺ​ថា​អ្វី ​ដែល​ខ្ញុំ​ធ្វើ​ខ្ញុំ​តែង​តែ​គិត​ដល់​កិត្តិយស​របស់​គេ​ជា​សំណង​គុណ​ដល់​គ្រួសារ​អាមេរិកាំង​បាន​ធានា​ខ្ញុំ​មក​ស្រុក​អាមេរិក​នេះ​ហើយ​ខ្ញុំ​មិន​ធ្វើ​យ៉ាង​ណា​ឱ្យ​គេ​បាក់​មុខ​បាក់​មាត់​ដោយ​សារ​ខ្ញុំ​នោះ​ទេ‍»។​

តុលាការ​បាន​កាត់​ទោស​អ្នក​ចូល​រួម​ពាក់​ព័ន្ធ​ចំនួន​ពីរ​នាក់​ហើយ ​គឺ​វរនាវីត្រី ​Todd Dale Malaki ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤០ខែ​ពី​បទ​ផ្តល់​ព័ត៌មាន​ពីផ្លូវ​នាវាចរណ៍​ប្តូរ​នឹង​សេវា​ពេស្សាចារ​និង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ទំនើប​ក្នុង​ប្រទេស​សិង្ហបុរី ​ហុងកុង​ និង​កោះ​តុងហ្កា។​ អ្នក​ពាក់​ព័ន្ធ​ម្នាក់​ទៀត​គឺ​ព្រឹន្ទបាលឯក​Daniel Layug ។ ត្រូវ​បាន​កាត់​ទោស​កាលពី​ពីរ​សប្តាហ៍​មុន​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៧​ខែ​ពី​បទ​សមគំនិត​ឱ្យ​មាន​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ។ ​

រហូត​មក​ដល់​ពេល​នេះ​មាន​ជន​ជាប់​ចោទ​ជាច្រើន​នាក់​ហើយ​បាន​សារភាព​ចំពោះ​កំហុស​ឆ្គង​ស៊ី​សំណូក​សូកប៉ាន់​នេះ។ ក្នុង​នេះ​គឺ​មាន​លោក​ឡេអូណាត ហ្វ្រង់ស៊ីស (Leonard Francis) ​នាយក​ក្រុមហ៊ុន​ Glenn Defense Marine Asia។

ក្រុម​រដ្ឋ​អាជ្ញា​លើក​ឡើង​ថា​អាច​នឹង​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។

លោក ហេងថាល់ ​សាវុធ​ ដែល​រស់​នៅ​ក្នុង​រដ្ឋ ​ម៉េន ​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាពិសេស​អ្នក​ដែល​កំពុង​បំពេញ​ការងារ​ជូន​រដ្ឋាភិបាល​អាមេរិកាំ​ង​ឱ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង។​

«ខ្ញុំ​សូម​អំពាវ​នាវ​ដល់​យុវជន​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ​មេត្តា​កុំ​ស្រពិច​ស្រពិល​អ្វី​ឱ្យ​សោះ​។ មេត្តា​ធ្វើ​អ្វី​ មួយ​ឱ្យ​ច្បាស់​លាស់​តាម​ធម៌​ព្រះពុទ្ធ​គឺ​សច្ចធម៌ ​យុត្តិធម៌​និង​សេចក្តី​ទៀងត្រង់​។ បើ​យើង​ធ្វើ​អ្វី មួយ​ដើម្បី​ជាតិសាសន៍​ណា​ក៏​ដោយ​យើង​មាន​ភាព​ស្មោះត្រង់​យើង​នឹង​បាន​ជោគជ័យ​តែ​បើ​យើង​មាន​ភាព​ក្បត់​ភាព​មិន​គោរព​ច្បាប់​នោះ​ទោះបី​ជា​នៅ​ប្រទេស​ណា​ក៏ដោយ​យើង​នឹង​ទទួល​ទោស​១០០​ភាគរយ‍»។​

សវនាការ​កាត់ទោស​លោក​ ម៉ាយឃើល​ វណ្ណៈខឹម មីស៊ីវិច ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ខែ​មេសា​ខាង​មុខ​នេះ៕