បណ្តាញ​សហគមន៍​ព្រៃឡង់ រិះគន់​ទីភ្នាក់ងារ​អាមេរិក USAID ខណៈ​បារម្ភ​ការបន្ត​បាត់បង់​ព្រៃឈើ

សមាជិក​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់ចុះល្បាតនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញ​សហគមន៍​ព្រៃឡង់)

កំណត់សម្គាល់៖ ចំណងជើងអត្ថបទនេះ ត្រូវបានកែសម្រួល។

​ភ្នំពេញ — ក្រុមសមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ បាន​ចោទ​ប្រកាន់​ទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ ថា ​បាន​យក​ឈ្មោះ​បណ្តាញ​សហគមន៍​ និង​ទិញ​អតីត​សមាជិក​បណ្តាញ​សហ​គមន៍​ទៅ​បម្រើ​ប្រយោជន៍​គម្រោង​មួយ​ដោយផ្តោត​លើ​ការ​អភិរក្ស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់។ នេះ​បើ​តាម​លិខិត​ចំហ​មួយ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម។​

ក្នុង​លិខិត​ដែលបង្ហោះ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុកកាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​សមាជិក​បណ្តាញ​ស​ហគ​មន៍​ព្រៃ​ឡង់​មាន​ចំនួន​៨នាក់​ បាន​លើក​ឡើង​ពី​បុព្វហេតុ​របស់​បណ្តាញ​សហគមន៍​ក្នុង​ការ​ប្រឆាំង​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​បាន​ធ្វើ​ការ​ទាំង​យប់​ព្រលប់​នៅ​ក្នុង​ព្រៃ​ និង​ការ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដោយ​ហិង្សា និង​ការ​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ និង​ថែម​ទាំង​បាន​ឆ្លង​កាត់​គ្រោះ​ថ្នាក់​ រង​ការ​វាយ​ប្រហារ​ និង​ការ​បាត់​បង់​ជីវិត។

ពួក​គេ​ពណ៌នា​បន្ត​ថា​ ដំណាល​គ្នា​នឹង​ការ​តស៊ូ​រារាំង​មិន​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ បណ្តាញ​សហគមន៍​ មិន​ធ្លាប់​បាន​ការ​គាំទ្រ​ និង​ការពារ​សិទ្ធិ​ ឬ​ទទួល​ថវិកាទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​នោះ​ឡើយ​ ក៏​ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​បញ្ជាក់​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​មួយ​ថា​ ខ្លួន​បាន​ធ្វើ​ការ​ជាមួយ​ បណ្តាញ​សហគមន៍​ព្រៃឡង់​ ដើម្បី​រក្សា​ព្រៃឈើ។

លិខិត​ចំហ​របស់​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​ថ្លែង​ថា​៖ «​យើង​ខ្ញុំ​ជា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ មាន​ការ​ខកចិត្ត​ជា​ខ្លាំង​ នៅ​ពេល​ដែល​បាន​ឃើញ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​នេះ​របស់ ​USAID អះ​អាងថា​ បានធ្វើ​ការ​ផ្ទាល់​ជា​មួយ​បណ្តាញ​សហគមន៍​ព្រៃឡង់»។

លិខិត​បន្ថែម​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ឃើញ​ USAID ធ្វើការ​ផ្ទាល់​ជាមួយ​យើង​ខ្ញុំ​ម្តង​ណា​ឡើយ។ USAID​ មិន​ដែល​ផ្តល់​ដំណឹង​អំពី​គម្រោង​ព្រៃឡង់​បៃតង​ របស់​ខ្លួន​ដល់​យើង​ខ្ញុំនោះ​ទេ។ USAID មិន​ដែល​បាន​សួរ​យើង​ខ្ញុំ​ថា​ តើយើង​ខ្ញុំ​យល់​ព្រម​នឹង​អ្វីដែល​USAID​ កំពុង​ធ្វើ​នៅលើ​ព្រៃ​ដូនតា​របស់​យើង​ឡើយ។​ ហើយ​យើង​ខ្ញុំ​មិន​ដែល​ទទួលបាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ ឬ​បច្ចេកទេស​ពី USAID ផងដែរ»។

សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)

ការ​បង្ហាញ​ភាព​ស្រងាក​ចិត្ត​របស់​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខាង​លើ​នេះ​ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ប្រជា​សហគមន៍​ក្នុង​តំបន់​ព្រៃឡង់​មិនត្រូវ​បាន​អនុញ្ញាតដោយ​ក្រសួង​បរិស្ថាន​ឲ្យចូល​ល្បាត​ព្រៃ​ ហើយ​នៅ​ចំពេល​ដែល USAID កំពុង​អនុវត្តន៍​គម្រោង​មួយ​ដើម្បី​ការពារ​ធនធាន​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្ត្រា​ បាន​បញ្ជាក់​កាល​ពី​ពេល​កន្លងមក​ថា​ ក្រសួង​បរិស្ថាន​ និង​ទីភ្នាក់​ងារ​ USAID​ បាន​កំពុង​អនុវត្ត​គម្រោង​ព្រៃឡង់​បៃតង​ ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​ ពី​ឆ្នាំ​២០១៨​ ដល់​២០២៣​ ដែល​មាន​ថវិកា​សរុប​ជាង​២១​លាន​ដុល្លារ​អាមេរិក។

ក្រុម​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ អះអាង​ក្នុង​លិខិត​ចំហខ្លួន​ថា​ USAID បាន​បដិសេធ​សំណើ​របស់​បណ្តាញ​សហគមន៍​ដើម្បី​បាន​ជា​ដៃគូ​អនុវត្តន៍​គម្រោង​ខាងលើ​ដែល​«គាំទ្រ​ដល់​ជីវ​ចម្រុះ​ព្រៃឈើ» និង«ព្រៃ​ឡង់​បៃតង»។

ពួកគេ​បន្ត​ចោទ​ថាអ្វី​ដែល​អះអាង​ថា​ USAID គាំទ្រ​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដើម្បី​ល្បាត​រួមគ្នា​ជាមួយ​ក្រសួង​បរិស្ថាន​វា​ជា​ការ​អះអាង​ដែល​មិន​មាន​ការណ៍​ពិត ហើយ​USAID បាន​ចំណាយ​ប្រាក់​ឲ្យ​អតីត​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដើម្បី​ធ្វើការ​ជាមួយ​ក្រសួង​បរិស្ថាន​ ជា​សហគមន៍​តំបន់​ការពារ​ (CPAs)​ ដែល​មាន​ទំហំតូច​ និង​មាន​តម្លៃ​ផ្នែក​ជីវចម្រុះ​ និង​ភាព​រឹងមាំ​ព្រៃ​ឈើ​តិចតួច។

លោក​ ស្វាយ សុង​ អាយុ​៥៧​ ឆ្នាំ​ ដែល​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ក្រចេះ​មួយ​រូប​យល់​ថា​ សម្បតិ្ត​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​មិន​អាច​ស្ថិត​នៅ​គង់​វង្ស​ទេ​ ប្រសិន​បើ​ប្រជា​សហគមន៍​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​គម្រោង​របស់ USAID។

លោក​ជឿ​ថា​ ក្រសួង​បរិស្ថាន​ក៏​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​ ដោយ​លើក​ហេតុផល​ថា មន្ត្រី​បរិស្ថាន​មួយ​ចំនួនមិន​បាន​ធ្វើការ​ដោយ​ស្មោះ​ត្រង់​ទេ​ ក្នុង​កិច្ចការ​ពារ​ព្រៃ​ឈើ។

«ក្មួយ​ដឹង​ហើយ​ថា​ កន្លង​ទៅ​ បើ​សិន​ជា​មាន​សហគមន៍​អី​មក​ វា​មិន​សូវ​មាន​បញ្ហា​ប៉ុន្មាន​[ទេ​] ប៉ុន្តែ​បើ​អត់សហ​គមន៍​ហ្នឹង​ ឃើញ​ថា​គាត់​លេង​តែ​ម្នាក់​ឯង​ហ្នឹង​គាត់​ បាទ​គាត់​ប្រើ​ប្រាស់​សិទ្ធិ​របស់​គាត់​ហ្នឹង​វា​ជ្រុល​ហួស​ពេក​ហើយ​បាទ។ ដូច​មុន​ៗ​ពួក​ខ្ញុំ​ចុះ​ល្បាត​ទៅ​ជាមួយ​គាត់​ គាត់​មាន​ការ​លួច​លាក់​បាំង​ព័ត៌មាន​ គាត់​អត់​ត្រង់​ជា​មួយ​យើង​ទេ។ ក៏​ប៉ុន្តែ​បើ​សហគមន៍​ដឹង​ថា​ គាត់​ធ្វើ​ការ​ស្មោះត្រង់​ល្អ​ណាស់​បាទ​ទាំង​អស់​ទាំង​គ្នា​ហ្នឹង។ ប៉ុន្តែ​បើ​នៅ​តែ​អីចឹង​ទេ​ មិន​សង្ឃឹម​ថា​ព្រៃ​ឈើ​ហ្នឹង​នៅ​សល់​ទេ»។

ក៏​ប៉ុន្តែ​លោក ​នេត្រ ភក្ត្រា​ បាន​ប្រតិកម្ម​ដំណាល​គ្នា​នឹង​ការ​ចេញ​លិខិត​ចំហរ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ថា​ បុគ្គល​មួយ​ចំនួន​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ ហើយ​ស្នើ​ឲ្យ​មាន​ការ​បង្ហាញ​ភស្តុតាង​ចំពោះ​សកម្មភាព​ពុក​រលួយ​ផ្សេង​ៗ​របស់​មន្ត្រី​ដែល​ទទួល​បន្ទុក​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់ដែល​ជា​តំបន់​អភិរក្ស។

លោក​បាន​ប្រាប់​វីអូអេ​កាល​ពីថ្ងៃ​ចន្ទ​ថា៖«អ្វី​ដែល​គាត់​កំពុង​តែ​ព្យាយាម​ គឺកំពុង​តែ​ការ​ពារ​នូវ​សេរីភាព​ និង​ប្រជាធិបតេយ្យ​បែប​អនាធិបតេយ្យ​មួយ​ដែល​គាត់​កំពុង​តែ​ចង់​បាន»។

លោក​បន្ថែម​ថា​ បណ្តាញ​សហគមន៍​ព្រៃឡង់​ ត្រូវតែ​ចុះ​បញ្ជី​ ដើម្បី​មាន​សិទ្ធិ​ពេញ​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​វិស័យ​បរិស្ថាន​ ដែល​ខ្លួន​ចង់​បាន។

«ហើយ​អ្វី​ដែល​ខ្ញុំ​គូស​បញ្ជាក់​គឺ​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​តែ​មាន​កាតព្វកិច្ច​ ក្នុងការ​អនុវត្តទៅតាម​ច្បាប់​ពី​ព្រោះ​ថា​ ស.ជ.ណ​ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាល​ពីខែ​សីហា​ ឆ្នាំ​២០២០​ បាន​តម្រូវ​ឲ្យ​បណ្តាញ​សហគមន៍​មួយ​នេះដែល​មាន​ គេ​ហៅ​ថា​ រចនា​សម្ព័ន្ធ​ និង​ប្រតិបត្តិការ​ជា​អង្គការ​មិនមែន​ជា​រដ្ឋាភិបាល​ហើយ​ មិន​បាន​ចុះ​បញ្ជី​ហ្នឹង​ គឺ​ត្រូវ​តែ​ចុះ​បញ្ជី​ដើម្បី​បាន​នីតិសម្បទា​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ធ្វើ​ការ​ងារ​សហការ​ជាមួយ​នឹង​ស្ថាប័ន​របស់​រដ្ឋាភិបាល»។

ឆ្លើយតប​នឹង​ការ​ចុះ​បញ្ជី​នេះ​ លោក ស្វាយ សុង សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ក្រចេះ​និយាយ​ថា​ ប្រជា​សហគមន៍​មិន​ចង់​ឲ្យ​សិទ្ធិ​ការ​ពារ​ព្រៃឈើ​ខ្លួន​ស្ថិត​ក្រោម​គំនាប​របស់​រដ្ឋ​អំណាច​នោះ​ទេ។

«ពួក​ខ្ញុំ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទេ​ ជា​អ្នក​ចូលរួម​ការ​ពារ​ទេ​ មិន​បាច់​ចុះ​បញ្ជី​ទេ។ បើ​ចុះ​បញ្ជី​មាន​ន័យ​ថា​ គេ​បញ្ជា​យើង​ ឲ្យ​ធ្វើ​បានធ្វើ​ មិន​ឲ្យ​ធ្វើ​ក៏មិន​ឲ្យ​ធ្វើ​ អីចឹង​វា​ជា​ប្រពៃណីរបស់​ជន​ជាតិ​ដើម​ភាគតិច​ហ្នឹង​គឺ​ គឺ​គ្រាន់តែ​គាត់​ធ្វើ​ជា​ប្រព័ន្ធ​របស់​គាត់​ ជា​ប្រពៃណី​របស់​គាត់។ អីចឹង​បាន​ជា​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ថា​មិន​បាច់​ចុះ​បញ្ជី​ទេ»។ ​

លោក​ Chad Roedemeier អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​សំណួរ​ដែល​បាន​ផ្ញើ​តាមអ៊ីមែលនៅ​ថ្ងៃ​ពុធ​នេះ។

សហរដ្ឋ​អាមេរិក​ ធ្លាប់​បង្ហាញ​ «កង្វល់​យ៉ាង​ខ្លាំង»​ចំពោះ​ការ​បាត់​បង់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។

​កាល​ពី​ដើម​ខែ​មីនា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​លើកឡើង​ថា ​ខ្លួន​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សហគមន៍​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវសាស្ត្រ​ចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃ​ឡង់​ត្រូវ​បាន​អភិរក្ស។

សហរដ្ឋ​អាមេរិក​សង្កត់​ធ្ងន់​ថា៖ «ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​និង​នៅ​ទូទាំង​ប្រទេស​ មាន​ការ​ទាក់​ទង​នឹង​កត្តា​មួយ​ចំនួន​ ដែល​រួម​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ​ និង​ប្រព័ន្ធ​អភិបាល​កិច្ច​ពុំ​មាន​ភាព​ច្បាស់​លាស់»។

តំបន់​ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០​ម៉ឺន​ហិកតា​ដោយ​គ្របដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ​ ក្រចេះ ​និង​ស្ទឹង​ត្រែង៕