ស្ថាប័ន​គាំទ្រ​សេរីភាព​សារព័ត៌មាន​សុំ​ឲ្យ​រដ្ឋ​អំណាច​ងាក​ទៅ​ស្នើសុំ​ការ​កែ​សម្រួល​ល្អ​ជាង​ការ​ប្តឹង​ផ្តល់

រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋអំណាច​ប្រកាន់​យក​គោលការណ៍​ស្នើ​សុំ​ការ​កែតម្រូវ​និង​បំភ្លឺ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ភាព​មិន​ប្រក្រតី​ឬ​មិន​ត្រឹមត្រូវ​ក្រោម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ជាជាង​យកច្បាប់​ព្រហ្មទណ្ឌ​មក​ចាត់​ការ​អ្នកកាសែត។

សំណើខាង​លើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ The Guardian ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ឆ្លើយ​តប​នឹង​លិខិត​ស្នើ​សុំ​ការ​បំភ្លឺ និង​កែតម្រូវ​ពី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ចេញផ្សាយ​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា មេដឹកនាំ​កម្ពុជា​ហ៊ុន សែន​បាន​ទិញ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប ដែល​ជា​ដែនកោះ​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប។

​កាសែត​The Guardian បាន​ឆ្លើយតប​នឹង​លិខិត​របស់​ក្រសួង​ការ​បរទេសកម្ពុជា​តាម​សារ​អ៊ីមែល​មួយក្នុង​ន័យ​ដើម​ថា៖ «ស្មេរ​អត្ថបទ​មាន​ការ​សោក​ស្តាយ​ដោយ​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ដល់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ប៉ុន្តែ​មាន​សង្ឃឹម​ថា ចំណាត់ការ​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​កែតម្រូវ​កំហុស​ឆ្គង​នេះ នឹង​ផ្តល់​នូវ​ដំណោះ​ស្រាយ​គួរ​ជាទី​ពេញចិត្ត»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃចន្ទ។​

កាល​ពី​ថ្ងៃ​ទី០៣ខែ​តុលា សារព័ត៌មាន​ The Guardian​បាន​ចេញ​សេចក្តី​កែ​តម្រូវ​ការ​ចេញផ្សាយព័ត៌មាន​ដើម​របស់​ខ្លួន​ដែល​ថា​លោកហ៊ុន សែន​ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គល​ដែល​ទទួល​បាន​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​ស៊ីប​។ សារព័ត៌មាន​នេះ​បាន​កែសម្រួលឡើង​វិញ​ដោយ​ថា​មន្រ្តីមួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​ស្ថិត​នៅ​ក្នុង​ចំណោម​ជនជាតិ​មិនមែន​អឺរ៉ុប​រាប់ពាន់​នាក់​ដែល​បាន​ទទួល​លិខិត​ឆ្លង​ដែន​ប្រទេស​ស៊ីប។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ​ គួង បាន​បញ្ជាក់​ប្រាប់​វីអេអូ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ផ្ញើ​សារ​ថ្លែង​អំណរគុណ​ត្រឡប់​ទៅ​វិញ​ចំពោះសារ​អ៊ីមែល​ឆ្លើយ​តប​ពី​សារព័ត៌​មាន​The Guardian ដែល​បាន​ទទួល​ស្គាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុសឆ្គង​ថា មេដឹកនាំ​កម្ពុជា​មាន​លិខិត​ឆ្លង​ដែន​ប្រទេស​ស៊ីបកន្លងមក​នោះ។

លោក​បាន​ថ្លែង​ថា៖ «ការ​ឆ្លើយ​តប​នេះ​មិន​គ្រាន់​តែ​ដូច​ថា កែតម្រូវ​បញ្ជាក់​ពី​ការ​កែតម្រូវ​កំហុស​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​បាន​ផ្តល់​នូវ​យុត្តិធម៌ ក៏ដូចជា សេចក្តី​ថ្លៃថ្នូរ​និង​កិត្តិយស​ដល់​ថ្នាក់​ដឹកនាំ​ជាតិ​របស់​ព្រះរាជាណាចក្រ​យើង​នេះ»។

លោក​ កុយ គួង ក៏​បានផ្តល់​ការ​បញ្ជាក់​លម្អិត​ថា នៅក្នុង​លិខិត​ដើម​ទៅ​កាន់​សារព័ត៌មាន​The Guardianក្រសួង​ការ​បរទេស​កម្ពុជា​ស្នើសុំ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​ប្រភព​ព័ត៌មាន​ជាក់លាក់​ដែល​បាន​បង្ហាញ​ថា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ពិត​ជាកាន់​លិខិត​ឆ្លង​កាន់​ប្រទេស​ស៊ីប និង​ស្នើ​ឲ្យ​មាន​ការ​កែតម្រូវ​ប្រសិន​បើ​មិនមាន​ព័ត៌មាន​ច្បាស់លាស់​នោះ។

លោក​បាន​បន្ថែម​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​គឺ​មិន​ត្រូវបាន​ពិចារណា​នោះ​ទេ​ក្រោម​ហេតុផល​ថា​ ​សារព័ត៌មាន​The Guardian បាន​ចេញ​សេចក្តី​កែ​តម្រូវ​ភ្លាមៗ​និង​ទាន់​ពេល​វេលា។

​មន្ត្រីផ្នែក​ទំនាក់​ទំនង​នៃ​កាសែត The Guardian​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ខ្លួន​បាន​កែតម្រូវ​អត្ថបទ​ឡើងវិញ ហើយ​បាន​បញ្ជូនសារ​លិខិត​ឆ្លើយតប​នឹង​ក្រសួងការ​បរទេស​កម្ពុជា​ពិត​ប្រាកដ​មែន។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ហៅ​កាត់​ថា​ (CCIM)​លោក​អ៊ិត សូធឿត​បាន​ប្រាប់​វីអូអេ​ថា យោង​តាម​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កាសែតThe Guardianនោះ​លោក​គាំទ្រឲ្យ​រដ្ឋ​អំណាចធ្វើ​ការ​ស្នើសុំ​ការ​តម្រូវ​និង​ការ​បំភ្លឺជាជាង​ការ​ប្រកាន់​ខ្ជាប់​ទម្លាប់​ប្តឹងផ្តល់នៅ​ពេល​មាន​កំហុស​ឆ្គង​ណា​មួយ​នៅ​ក្នុង​ព័ត៌មាន​ចេញ​ពី​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ករណី​នេះ​ជា​ករណី​សិក្សា​មួយ​អាច​ថា​ជា​គំរូ​ល្អ​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​យក​មក​អនុវត្ត​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដូចគ្នា។ គឺ​ពេល​ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ខុស​ឬ​ព័ត៌មាន​ណា​មួយ​ដែល​មិន​ទាន់​ត្រឹមត្រូវ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ គឺ​គាត់​អាច​ស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ ជា​ជាង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

នាយក​ប្រតិបត្តិ​សមាគម​អ្នកសារព័ត៌មាន​(ខេមបូចា) លោក​ ណុប វី សាទរ​ការ​ទទួល​ខុសត្រូវ​ចំពោះ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ពី​សំណាក់​សារព័ត៌មានThe Guardian និង​ការ​អនុវត្ត​របស់​ក្រសួង​ការបរទេស​ដែល​ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់​ស្តី​ពីរបប​សារព័ត៌មាន​នៅ​កម្ពុជា។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបនេះចង់​ឃើញ​មាន​ការ​អនុវត្ត​ដូចគ្នា​ចំពោះ​អ្នក​សារព័ត៌​មាន​ក្នុង​ស្រុក​ដែល​លោកមើល​ឃើញថា គ្រាន់​តែ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដូចជា​ ករណី​របស់​លោក​យួន ឈីវ ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​កោះកុង​ដែល​បាន​រង​ការ​ប្តឹងផ្តល់​ពី​អភិបាល​រង​ខេត្ត​មួយរូប​នៃ​ខេត្ត​កោះកុង។

​លោក​បាន​ប្រាប់​វីអូអេថា៖ «វា​មាន​ស្តង់ដារ​ច្រើន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ចំពោះ​ការ​អនុវត្ត​ជា​ពិសេស​ទៅ​លើ​អ្នក​សារព័ត៌មាន។ ដូច​ករណី​ The Guardian ហ្នឹង​ផ្សេង​ទៅ។ ហើយ​សម្រាប់​ករណី​អ្នកសារព័ត៌មាន​នៅ​ក្នុង​ខេត្ត​កោះកុង​នោះ​មួយ​ប្រភេទ​ទៀត​ទៅ។ សម្រាប់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ហ្នឹង​គឺ​របៀប​ផ្សេងៗ​ទៀត។ នេះ​ជា​ការ​អនុវត្ត​មួយ​ដែល​យើង​គប្បី​ពិនិត្យ​មើល​ឡើងវិញ»។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​របស់​អង្គការ​លីកាដូ លោក​អំ សំអាត កត់​សម្គាល់​ថា អាជ្ញាធរ​ជា​ញឹកញាប់មានវិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ​រាល់ពេល​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ប៉ះ​ពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ។

ដំណាល​គ្នា​នេះ លោក​បានសង្កត់​ធ្ងន់​ទៅលើ​សារៈសំខាន់​ការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងករណីមាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ឆ្គង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សេរីភាព​និងវិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា។

​លោក​បាន​ប្រាប់​វីអូអេថា៖ «ដើម្បី​ធានា​វីជ្ជាជីវៈ​នៃ​អ្នក​សារព័ត៌មាន​ហ្នឹង គឺ​ការ​បង្កើត​ច្បាប់​ស្តីពី​សារព័ត៌មាន​ហ្នឹង​មក​ដើម្បី​ធានា​នូវ​អាជីព​និង​វិជ្ជាជីវៈ​របស់​សារព័ត៌មាន​ហើយ​លើកលែង​តែ​អ្នក​សារព័ត៌មាន​ហ្នឹង​គាត់​ទៅ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​ដែល​មិនមែន​ជា​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​សារព័ត៌មាន​នោះ»។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សំណើ​របស់​ក្រសួង​ការបរទេសស្នើ​សុំ​ការ​បំភ្លឺ​ពី​សារព័ត៌មាន The Guardian គឺ​ស្រប​តាម​តាម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​នៅ​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា បុគ្គល​សាម៉ីខ្លួន​អាច​ជ្រើស​យក​ចំណាត់ការ​ផ្លូវ​ច្បាប់​តែម្តង​ក៏បាន​ដូច​ដែល​មានចែង​នៅ​ក្នុង​មាត្រា​ទី១០នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មានដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​ស្នើសុំ​កែតម្រូវ​ឬ​បំភ្លឺ​ក្នុង​ករណី​បុគ្គល​សាម៉ីខ្លួន​បាន​រង​ការ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​និង​កិត្តិយស​នៅ​ក្នុង​ព័ត៌មាន​ដែល​ត្រូវ​បានផ្សព្វផ្សាយរួច​នោះ។

លោក​បាន​មាន​ប្រសាសន៍ថា​៖ «អាស្រ័យ​លើ​បុគ្គល​ដែល​គាត់​ទទួល​រង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ជា​អ្នកសម្រេច​ចិត្ត​ទៅ​តាម​សិទ្ធិ​របស់​គាត់។ បើគាត់​យល់​ថា ការ​ផ្សព្វផ្សាយ​នោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សេចក្តី​ថ្លៃថ្នូរ​កិត្តិយស​របស់​គាត់​គឺ​គាត់​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​តែ​ម្តង​ដោយ​មិន​ចាំបាច់​ស្នើ​សុំ​ឲ្យមាន​ការ​កែតម្រូវ​ឬ​ក៏​បំភ្លឺ​អី​ទេ។ អានេះ​គឺ​មាន​ចែង​នៅ​ក្នុង​មាត្រា​១០​នៃច្បាប់​របប​សារព័ត៌មាន​ហើយ»។

កន្លង​មក​នេះ​គេ​សង្កេត​ឃើញ​អាជ្ញាធរ​តែង​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ភ្លាមៗដោយ​មិន​មាន​ការ​ទុក​ពេល​ឲ្យ​កែ​តម្រូវ​ឬ​បំភ្លឺ ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​ចុះ​រាយការណ៍​ព័ត៌មាន​ពី​ដំណឹង​រសើបៗ​ពាក់​ព័ន្ធ​នឹង​ទំនាស់ដីធ្លី​ឬ​ដំណឹង​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន។​

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ ២០២១ ដែល​ជា​ចំណាត់ថ្នាក់​មិន​ផ្លាស់ប្តូរ​ចាប់តាំង​ពី​ឆ្នាំ ២០២០​មក។ នេះ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Without Borders)៕