លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា ចំណងមិត្តភាពរវាងអាមេរិកនិងជប៉ុនគឺស៊ីជម្រៅខ្លាំងណាស់ ហើយលោកបានប្រកាសថាសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរគឺមូលដ្ឋានគ្រឹះសន្តិភាពនៅក្នុងតំបន់អាស៊ីបូព៌ា។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានជាមួយនឹងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ថា៖ «យើងបេ្តជ្ញាថានឹងការពារសន្តិសុខជប៉ុននិងតំបន់ទាំងអស់ ក្រោមរដ្ឋបាលគ្រប់គ្រងរបស់យើង ហើយបេ្តជ្ញាថានឹងពង្រឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់យើងបន្ថែមទៀត»។
លោក Abe ថ្លែងថា លោកនិងលោក ត្រាំ បានសម្រេចកិច្ចព្រមព្រៀងនៃគ្រោងការណ៍ថ្មីមួយដែលពិភាក្សាអំពីសេដ្ឋកិច្ច ហើយកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ក៏ជាប្រធានាបទមួយនៅក្នុងកិច្ចពិភាក្សានេះផងដែរ។ លោក ត្រាំ បានថ្លែងថាទំនាក់ទំនងពាណិជ្ជកម្មណាក៏ដោយរវាងប្រទេសទាំងពីរត្រូវតែប្រកបដោយសេរី យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជប៉ុនមានការព្រួយបារម្ភទៅលើផលប៉ះពាល់នៃការសម្រេចចិត្តរបស់លោក ត្រាំ ទៅលើតំបន់អាស៊ី នៅពេលដែលលោកសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ហើយលោកក៏ព្រួយបារម្ភទៅលើយុទ្ធសាស្ត្រ «American First» ឬ «ការដាក់អាមេរិកាំងជាអាទិភាព» របស់លោក ត្រាំ ផងដែរ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានចាប់ផ្តើមកិច្ចពិភាក្សារយៈពីរថ្ងៃកាលពីថ្ងៃសុក្រម្សិលម៉ិញនេះ ដែលបានផ្តល់ឱកាសដល់មេដឹកនាំទាំងពីររូបក្នុងការបង្កើតកិច្ចព្រមព្រៀងការពារសន្តិសុខដ៏យូរអង្វែងនិងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោក ត្រាំ និងលោក Abe បានធ្វើកិច្ចពិភាក្សាជាមួយគ្នានៅក្នុងការិយាល័យប្រធានាធិបតី ឬ Oval Office កាលពីព្រឹកថ្ងៃសុក្រ ក្រោយមានសន្និសីទសារព័ត៌មាននៅពាក់កណ្តាលថ្ងៃត្រង់រួចមក។ មេដឹកនាំទាំងពីរក្រោយមកនឹងធ្វើដំណើរទៅកាន់ទីក្រុង Palm Beach រដ្ឋ Florida ដើម្បីស្នាក់នៅវិមាន Mar-a-Lago របស់លោក ត្រាំ នៅចុងសប្តាហ៍នេះ។
វានឹងក្លាយជាពេលវេលាដ៏យូរបំផុតសម្រាប់លោក ត្រាំ ក្នុងការចំណាយពេលជាមួយនឹងមេដឹកនាំបរទេស ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី២០ ខែមករាមក។ វានឹងក្លាយជាកិច្ចប្រជុំលើកទី២ ដែលលោក ត្រាំ បានជួបជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនដោយផ្ទាល់ បន្ទាប់ពីលោកបានជួបជាមួយនឹងលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May កាលពី២សប្តាហ៍មុន។
អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានថ្លែងថា៖ «ខ្ញុំគិតថា លោកប្រធានាធិបតីពិតជារីករាយដែលបានជួបជាមួយលោក Abe ហើយលោកមិនត្រឹមតែចង់ស្គាល់ពីលោក Abe ឲ្យបានច្រើនជាងមុននោះទេ លោកថែមទាំងចង់បង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងជាងមុនទៅទៀត។ លោក Trump ស្គាល់ពីសារៈសំខាន់នៃតំបន់នោះ»៕