សកម្មភាព​របស់​ប្រធានាធិបតី​ត្រាំ​បំពេញ​ចិត្ត​ពួក​កសិករ​និង​កម្មករ

លោក​ដូណាល់ ត្រាំ​ស្តាប់​លោក Brian Krzanich ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Intel នៅ​ក្នុង​ការិយាល័យ Oval ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​ការងារ​ជា​បញ្ហា​ធំ​២​ស្ថិត​នៅ​ក្នុង​គំនិត​របស់​ពួក​កសិករ​ និង​កម្មករ​រោងចក្រ​ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។ រយៈ​ពេល​២សប្តាហ៍​នៅ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​ត្រាំ ​បាន​ធ្វើ​ឲ្យ​យើង​យល់​ដឹង​ខ្លះៗ​អំពី​ផែនការ​របស់​លោក​ដើម្បី​បំពេញ​ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក​ដែល​អំពាវនាវ​ដល់​ពួក​អ្នក​បោះឆ្នោត​ទាំង​នោះ​ដែល​បាន​ជួយ​លោក​ឲ្យ​បាន​កាន់​តំណែង​នៅ​សេតវិមាន។​

កសិករ​អាមេរិកាំង​ដូចជា​លោក Wendell Shauman បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP ​ក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។ លោក Wendell Shaumanបាន​ថ្លែង ថា៖ «នៅពេល​ដែល​ពាណិជ្ជកម្ម ​មាន​ដំណើរ​ការ ​ពិភពលោក​ឈ្នះ‍»។

ក៏ប៉ុន្តែ ​ចំណាត់ការ​មួយ​នៃ​ចំណាត់ការ​ដំបូង​របស់​លោក​ប្រធានាធិបតី​ត្រាំ​បន្ទាប់​ពី​ចូលកាន់​តំណែង​គឺ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង TPP ដែល​ធ្វើ​ទៅ​តាម​ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​របស់​លោក។ លោក Wendell Shauman បាន​ថ្លែង​ទៀត​ថា៖ «នៅពេល​ណា​លោក​ អ្នក ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​មុន​គេនោះ​ទេ‍»។

លទ្ធផល​នៃ​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ​គឺ៖ បាត់​បង់​ទីផ្សារ​ថ្មី​ ហើយ​និង​បង្កើន​តម្លៃ​ផលិតផល​កសិកម្ម​សហរដ្ឋ​អាមេរិក​ដូចជា​ពោត​ និង​សណ្តែក​សៀង។លោកស្រី Tamara Nelsen ​នៃ​ការិយាល័យ​កសិករ​រដ្ឋ Illinois បាន​និយាយ​ថា៖ «យើង​ចង់​ទទួល​បាន​ការ​ចេញ​ចូល​ទៅ​កាន់​ទី​ផ្សារ​សាច់​គោ​ និង​សាច់​ជ្រូក​របស់​ជប៉ុន​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ​ហើយ​ខ្ញុំ​គិតថា ​យើង​ពិនិត្យ​មើល​ពោត​មាន​តម្លៃ​ពី​១០​ទៅ​៣៥​សេន​ក្នុង​មួយ​តៅនោះ​ជា​ផល​ប៉ះពាល់​នៃ​កិច្ច​ព្រម​ព្រៀង TPP នៅ​ពេល​អនុវត្ត​វា‍»។

ខណៈ​ដែល​ការណ៍​នេះ​មាន​ន័យ​ថា ជា​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​ដល់​ប្រាក់​ចំណូល​របស់​លោក Wendell Shauman លោក​មិន​មាន​ការ​អាក់​អន់​ចិត្ត​ទេ។

លោក​ជា​កសិករ។ ​លោក​មាន​សញ្ញាបត្រ​បណ្ឌិត។​ លោក​ធ្វើ​ដំណើរ​ជា​ច្រើន។ លោក​យល់​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ហើយ​និង​ពី​របៀប​នៃ​ការងារ​ពាណិជ្ជកម្ម​អន្តរជាតិ។ ហើយ​លោក​បាន​បោះឆ្នោត​ឲ្យ​លោក​ត្រាំ។

លោក Shauman និយាយ​ថា ​ការ​គាំទ្រ​របស់​លោក​ចំពោះ​លោក​ត្រាំ​មាន​ច្រើន​ជាង​ប្រាក់​កម្រៃ។ លោក Shauman និយាយ​ថា៖ «យើង​ជា​មនុស្ស​អភិរក្ស​និយម។ យើង​គិត​ថា ​រដ្ឋាភិបាល​ធំ​ពេក។ យើង​មាន​បទ​បញ្ញត្តិ​ច្រើន​ពេក។ ​យើង​អាច​ឃើញ​បទ​បញ្ញត្តិ​ច្រើន​ទៀត​ចេញ​ពី​លោកស្រី Hillary។​ យើង​អាច​ឃើញ​តុលាការ​កំពូល​សេរីនិយម​ដែល​កំពុង​ផ្តល់​ការ​អំពល់​ដល់​យើង​រួច​ហើយ‍»។

នៅ​មិន​ឆ្ងាយ​ពី​កសិដ្ឋានរបស់​លោក​ Shauman ប៉ុន្មាន​គឺ​កន្លែង​រោងចក្រ ​Maytag ផលិត​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ផ្ទះ។ លោក George Carney បាន​ធ្វើ​ការ​នៅ​ទី​នេះ​អស់​រយៈ​ពេល​ជាង​២​ទសវត្សរ៍ រហូត​ទាល់​តែ​រោងចក្រ​នេះ​រើ​ទៅ​ប្រទេស​ម៉ិចស៊ិក​ហើយលោក​ក៏​អស់​ការងារ​ធ្វើ។ ​លោក Carney ​បាន​ស្តី​បន្ទោស​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ដែល​គេ​ស្គាល់​ថា NAFTA។ ចាប់​តាំង​ពី​នោះ​មក ​លោក​បាន​ខំ​តស៊ូ​ដើម្បី​ស្វែង​រក​ការងារ​ជាប់​លាប់​មួយ ​ហើយ​លោកបាន​ជំទាស់​ប្រឆាំង​កិច្ច​ព្រម​ព្រៀង TPP នោះ​យ៉ាង​ខ្លាំង។ លោក George Carney អតីត​បុគ្គលិក​រោង​ចក្រ Maytag និយាយ​ថា៖ «នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៍អាក្រក់​មួយ​នៃ​កិច្ច​ព្រម​ព្រៀង NAFTA ​ដែល​បាន​បន្សល់​ទុក​រសជាតិ​មិន​ល្អ​មួយ​នៅ​ក្នុងមាត់​របស់​យើង ដូច្នេះ ​ខ្ញុំ​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​នេះ ​ពីព្រោះ​វា​ជា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម‍»។

ក៏ប៉ុន្តែ ​ការ​ជំទាស់​ប្រឆាំង​របស់​លោក​ត្រាំ​ដល់​កិច្ច​ព្រម​ព្រៀង TPP មិន​ល្មម​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត​របស់​លោក Carney នៅ​ខែ​វិច្ឆិកា​ទេ។ លោក George Caney និយាយ​ថា៖ «លោក​ជា​មនុស្ស​និយាយ​មិន​ដឹង​ខ្យល់។ ក៏ប៉ុន្តែ ​ខ្ញុំ​គិតថា ​លោក​កំពុង​ធ្វើ​ការងារ​របស់​លោក​ត្រូវ។ ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​លោក​កំពុង​ធ្វើ‍»។

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​លោក Carney ដែល​មិន​ដែល​បោះឆ្នោត​ឲ្យ​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​គិត​ពី​ការ​បោះឆ្នោត​លើក​ក្រោយ។

លោក George Carney ​បាន​ថ្លែងថា៖ «ខ្ញុំ​អាចបោះ​ឆ្នោត​ឲ្យ​លោក​ត្រាំ​នៅ​ក្នុងការ​បោះឆ្នោត​លើក​ក្រោយ‍»។

ថ្វី​បើ​លោក Wendell Shauman ប្រឆាំង​លោកប្រធានាធិបតីត្រាំ​អំពី​កិច្ច​ព្រម​ព្រៀង TPP ​ក៏​ដោយ ​លោក​ក៏​និយាយ​ដែរ​ថា ​លោក​ប្រហែល​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​ម្តង​ទៀត ​ដោយ​អាស្រ័យ​ថា​តើ​លោក​ប្រធានាធិបតី​ត្រាំ​ដោះស្រាយ​ការ​ផ្លាស់​ប្តូរ​កិច្ច​ព្រម​ព្រៀង NAFTA ​នោះ​យ៉ាង​ដូចម្តេច​ ហើយ​និង​ថា​តើ​លោកបន្ត​ធ្វើ​ខ្លួន​របស់​លោក​យ៉ាង​ដូចម្តេច​ខណៈ​ដែល​ជា​ប្រធានាធិបតី​នោះ។ លោក Wendell Shauman ថ្លែង​ថា៖ «ជួនកាល​ ការណ៍​នេះ​ជា​ការ​អាម៉ាស់។ ខ្ញុំ​និយាយ​តាម​ត្រង់​ថា ហេតុអ្វី​ក៏​លោក​មិន​មាន​ភាព​ចាស់​ទុំ។ ក៏ប៉ុន្តែ ​លោក​ជា​ប្រធានា​ធិបតី​ហើយ​យើង​នឹង​រស់​នៅ​ជាមួយ​លោក​រយៈ​ពេល​៤​ឆ្នាំ ​ហើយ​យើង​នឹង​ឃើញ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា»។

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន