ប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko ចូលកាន់តំណែងក្នុងអាណត្តិទី៦របស់លោក នៅក្នុងពិធីមួយដែលក្រុមមន្ត្រីមិនបានប្រកាសឲ្យដឹងជាមុននោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Beltra ផ្សាយឲ្យដឹងថា ពិធីស្បថចូលកាន់តំណែងរបស់លោក Lukashenko កាលពីថ្ងៃពុធ បានប្រព្រឹត្តធ្វើទៅក្នុងរដ្ឋធានី Minsk ក្នុងពិធីមួយដែលមានមន្រ្តីរដ្ឋាភិបាល សមាជិកសភា និងតំណាងសារព័ត៌មានរាប់រយនាក់ចូលរួម។
ពិធីស្បថចូលកាន់តំណែងរបស់លោក Lukashenko នេះ បានកើតមានឡើងក្រោយមានបាតុកម្មមហាជនអស់ជាច្រើនសប្ដាហ៍ ប្រឆាំងនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ ដែលប្រកាសថា ប្រធានាធិបតីក្នុងតំណែងលោក Lukashenko ជាអ្នកឈ្នះក្នុងការបោះឆ្នោតនោះ។
រដ្ឋមន្ត្រីការបរទេសលីទុយអានីបានហៅពិធីស្បថចូលកាន់តំណែងនោះថាជា«រឿងកំប្លែង» ហើយសកម្មជនប្រឆាំងដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសបេឡារុសបានហៅពិធីនោះ ថាជា «ការប្រមូលផ្តុំក្រុមចោរ» និងបានបដិសេធទទួលស្គាល់លោក Lukashenko ថា ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសបេឡារុស។
កន្លងមកទាំងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានសម្តែងមន្ទិលចំពោះភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់បេឡារុសនេះ ហើយបានរិះគន់ការបង្ក្រាបរបស់ប៉ូលិសលើក្រុមបាតុករអហិង្សាដែលបានតវ៉ាចំពោះលទ្ធផលឆ្នោត៕