លោក អូបាម៉ា ជួប​ជាមួយ​ប្រធាន​គណបក្សកុម្មុយនិស្ត​វៀតណាម​នៅ​ថ្ងៃ​អង្គារ

លោកប្រធានាធិបតី​ បារ៉ាក់អូបាម៉ា (ស្តាំ) ជួប​ជាមួយប្រមុខ​គណបក្ស​កុម្មុយនិស្តវៀតណាម Nguyen Phu Trong នៅឯសេតវិមាន​ រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។

ប្រមុខគណបក្សកុម្មុយនិស្ត​នៃប្រទេស​វៀតណាម​ ជួប​ជាមួយ​លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា​នៅ​ឯសេតវិមាន​កាល​ពី​ថ្ងៃអង្គារ​ ហើយ​លោក​ជា​អគ្គលេខាធិការ​ទី​មួយ​នៃ​គណបក្ស​កុម្មុយនិស្ត​របស់​ប្រទេសនេះ​ ដែល​បាន​ធ្វើ​ដូច្នេះ​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​មួយ​អាទិត្យ​របស់​លោក​នៅ​ក្នុង​ស.រ.អា.។​

ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើ​ឡើង​នៅ​ខួបឆ្នាំទី​៤០​នៃការ​ដក​ថយ​របស់​ស.រ.អា.និង​ការ​កាន់កាប់​ប្រទេស​វៀតណាម​ដោយ​ពួក​កុម្មុយនិស្ត ​ត្រូវ​រំពឹង​ថា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ចំណង​ទាក់ទង​ខាង​សេដ្ឋកិច្ច​និង​ខាង​សន្តិសុខ​ឱ្យបាន​ជិត​ស្និទ្ធជាង​មុន​និង​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​សិទ្ធិមនុស្ស​ផង​ដែរ។​

លោក Nguyen Phu Trong ប្រមុខ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​មាន​អាយុ​៧១​ឆ្នាំ​ដែល​គ្មាន​តំណែង​ជា​ផ្លូវ​ការ​ក្នុង​រដ្ឋាភិបាល​ទេ​នោះ​ បាន​ហៅ​ទស្សនកិច្ច​របស់​លោក​ក្នុង​ស.រ.អា.​និង​ជំនួប​នៅក្នុង​សេតវិមាន​ថា​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ​ហើយ​លោក​សង្ឃឹម​ថា​ នឹង​កសាង​ការ​ទុកចិត្តគ្នា​ជា​មួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ពេល​២០​ឆ្នាំ​ក្រោយ​ទំនាក់​ទំនង​ទ្វេភាគី​បានត្រូវ​ធ្វើឱ្យ​មាន​ភាពធម្មតា​ប្រក្រតី​វិញ។ ​គេ​រំពឹង​ថា ​លោក Trong ពិភាក្សា​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី​នៃ​ភាព​ជា​ដៃ​គូ​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ហៅ​កាត់​ថា​ TPP កិច្ច​សហប្រតិបត្តិការ​ខាង​កិច្ចការពារ​ទ្វេភាគី ​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សិទ្ធិមនុស្ស។ ការហាម​ប្រាម​របស់​ស.រ.អា.​មិន​ឱ្យ​លក់​អាវុធ​ឱ្យ​ប្រទេស​វៀតណាម​ប្រហែល​ជា​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​គ្នា​ដែរ។​

នៅ​ក្នុង​ចម្លើយ​ជា​លាយ​លក្ខណ៍​អក្សរ​ដល់​សំណួរ​របស់ Bloomberg News លោក​ Trong បាន​និយាយ​ថា​ លោក​យល់ឃើញ​ថា​ការទាក់ទង​គ្នា​នេះ​«ជា​ទំនាក់ទំនង​សំខាន់បំផុត​មួយ​...នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​យើង»។ ​លោក​បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា​«នេះ​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ភាគី​ទាំង​ពីរ​របស់​យើង​មាន​ការ​ពិភាក្សា​គ្នា​ដោយ​ចំហ​និង​ស្មោះត្រង់​អំពី​បញ្ហា​នានា​ដែល​នៅ​មាន​ការខ្វែង​គំនិតគ្នា»។ លោក​បាននិយាយ​ថា ​ការណ៍​នេះ​អាច​ពង្រឹង​ការយល់​គ្នា​ទៅ​វិញ​ទៅមក ​បង្រួម​ការ​ខ្វែងគំនិត​គ្នា​ឱ្យ​នៅ​តូចនិង​កសាង​ជា​លំដាប់​ការ​ទុកចិត្តគ្នា​និង«បន្ថែម​ខ្លឹមសារ​និង​ប្រសិទ្ធិភាព​ទៅ​ក្នុង​ទំនាក់ទំនង​ក្នុង​រយៈពេល​យូរ»។

លោក Carl Thayer ដែល​ជា​អ្នកជំនាញ​ការ​ខាង​កិច្ចការ​ទ្វីបអាស៊ី​អាគ្នេយ៍​និយាយ​ថា​ ជាមួយ​ការ​ធ្វើឱ្យ​មាន​តុល្យភាព​ជាថ្មី​របស់​ស.រ.អា.​ឆ្ពោះ​ទៅ​កាន់​ភូមិភាគ​អាស៊ីប៉ាស៊ីហ្វិក​ ប្រទេសទាំង​ពីរ​ ដោយ​យឺតៗ​ បានទៅ​ដល់ចំណុចរួម​នៃ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ហើយ​រដ្ឋាភិបាល​ក្រុងហាណូយ​បានជំរុញ​ឱ្យ​មាន​ជំនួប​មួយ​បែប​នេះ​ដើម្បី​ផ្តល់​ការ​ទទួល​ស្គាល់ដល់​ប្រមុខ​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម។​

«ដូច្នេះ​ គឺ​ស.រ.អា.​ដែល​បង្ហាញ​ការ​គោរព​ ហើយខ្ញុំ​យល់​ថា ​ការណ៍​នេះបង្កើន​ការ​ទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ»។

លោក​ Thayer និយាយ​ថា សារៈសំខាន់​នៃ​ជំនួប​នេះ​គឺ​បំភ្លឺ​អំពី​ភាព​ដៃ​គូ​ទូលំ​ទូលាយ​កាល​ពី​ឆ្នាំ២០១៣​ដែល​បាន​ត្រូវ​សម្រេច​នៅ​ពេល​ប្រធានាធិបតី​វៀតណាម Truong Tan Sang​ ទៅ​ទស្សនា​សេតវិមាន។

លោក​ Thayer ​និយាយ​ថា​ ប្រធានបទ​សំខាន់ៗ​នៃ​ការពិភាក្សា​គ្នា​មាន​ការ​ទាក់ទិន​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​លោក​បាន​និយាយ​យោង​ដល់​បញ្ហា​សិទ្ធិមនុស្ស​និង​ TPP ជាឧទាហរណ៍​ផងដែរ។

«ប្រសិន​បើ​ប្រទេស​វៀតណាម​ចុះ​ហត្ថលេខា​លើ​ភាព​ដៃ​គូពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ប្រទេសនេះ​ត្រូវ​តែ​យល់ព្រម​ឱ្យ​មាន​សហជីព​ឯករាជ្យ​ជាង​មុន​ដែល​វៀតណាម​គ្មាន​ទេ​ និង​ត្រូវ​មាន​តម្លាភាព​ច្រើន​ជាង​មុន​ផង​ដែរ។​ដូច្នេះ ប្រទេស​វៀតណាម​ធ្វើអ្វី​ដែល​ប្រទេស​នេះ​តែងតែ​ធ្វើ​ជានិច្ច—គឺ​ដោះលែង​អ្នក​ប្រឆាំង​សំខាន់ៗ​ពីរ​បី​នាក់​នៅ​មុន​ជំនួប​នេះ​ដើម្បី​បង្ហាញ​សុឆន្ទៈ​ខ្លះៗ។​ យ៉ាង​ណា​ក៏​ដោយ​ អាជ្ញា​ធរ​វៀតណាម​នឹង​បន្ត​ចាប់​មនុស្ស​ឃុំឃាំង​តទៅទៀត​ ជា​ពិសេស​នៅ​ក្នុង​រដូវ​នយោបាយនៅ​ពេល​ជិត​មាន​ការ​ប្រជុំ​សមាជ​របស់​គណបក្ស​ពួក​គេ​ក្នុង​ឆ្នាំ​២០១៦»។

លោក Thayer និយាយ​ថា​ប្រទេស​វៀតណាម​មាន​ចំនួន​លើស​ខាង​ពាណិជ្ជកម្មយ៉ាង​ច្រើន​ជា​មួយ​ស.រ.អា.​ និង​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ធំ​ជាមួយ​ប្រទេស​ចិនហើយ​វៀតណាមត្រូវ​ការ​ចូល​ក្នុង​ផ្សារ​ស.រ.អា.​និង​៤០ភាគ​រយ​នៃ​ផ្សារ​សាកល​ដែល​ TPP តំណាង។ ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​រីកចម្រើន​ពី​តិចជាង​៥០០លាន​ដុល្លារក្នុង​ឆ្នាំ១៩៩៥​ទៅ​ដល់៣៥ពាន់​លាន​ដុលា្លរ​កាល​ពី​ឆ្នាំទៅ​មិញ។​

លោក Thayer ថ្លែង​ថា​ ប្រទេស​ទាំង​ពីរ​បាន​យល់ស្រប​គ្នា​ថា​អំពី​អាកប្បកិរិយា​គឃ្លើន​របស់​ប្រទេស​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងដោយ​និយាយ​ទទូច​ថា​ប្រទេស​ចិនគួរ​គោរពច្បាប់​អន្តរជាតិ​ហើយ​មិន​ត្រូវ​ប្រើកម្លាំង​ទេ។ ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ប្រទេស​ចិន​បាន​ដាក់​ការដ្ឋាន​ខួង​ប្រេង​នៅ​ក្នុង​ផ្ទៃទឹក​នៅ​ជិត​ប្រជុំកោះ

Paracel ​មាន​ជម្លោះ​នាំ​ឱ្យ​មាន​ការប៉ះទង្គិចគ្នា​រវាង​នាវា​ចិន​និង​វៀតណាម​ហើយ​បាន​បណ្តាល​ឱ្យ​មាន​កុប្បកម្ម​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។​ភាព​តានតឹងក៏​បាន​កើន​ខ្លាំង​ដែរ​ដោយសារ​ចិន​បានកសាង​កោះ​សិប្បនិមិត្ត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Thayer និយាយថា ​លោក​ Trong ​ប្រហែល​ជា​ជំរុញ​ស.រ.អា.​ដែរ​ ឱ្យ​បញ្ចប់​ការហាម​ប្រាម​មិន​លក់​អាវុធ​ឱ្យ​ប្រទេស​លោក ​ដែល​ជា​ករណីមួយ​ដែលពួក​មន្ត្រី​វៀតណាម​បាន​ខិតខំ​ព្យាយាម​លើក​យក​មក​និយាយ​នៅ​ពេល​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ Ashton Carter ​អញ្ជើញ​ទៅ​ទស្សនា​ប្រទេសវៀតណាម​កាល​ពី​ខែមិថុនា។​

«នេះ​តែងតែ​ជា​ការអំពាវ​នាវ​ខាង​នយោបាយ​មួយ​ចាប់តាំង​ពីដើ​មមក។​វៀតណាម​មាន​អារម្មណ៍​ថា​ ខ្លួន​បានត្រូវ​រើសអើង។ ក៏​ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទស្សនៈវិស័យ​រួម​គ្នា​ដែល​លោក​រដ្ឋមន្ត្រី​ Carter ​បាន​ចុះហត្ថលេខា​ជា​មួយ​សមភាគី​វៀតណាម​របស់​លោក​ ផ្នែកថ្មី​តែ​មួយ​គត់​គឺ​ការ​បង្កើន​ពាណិជ្ជកម្ម​ខាង​ការពារ​ប្រទេស​ ហើយ​បន្ទាប់​មក​មានប្រធាន​បទ​ខាង​គុណវុឌ្ឍិ​ទាក់ទិន​នឹង​ច្បាប់​នៃប្រទេស​នីមួយៗដែល​មាន​ន័យ​ថា​ជា​ការ​រិតត្បិត​របស់​អាមេរិកាំង»។

លោក Thayer និយាយ​ថា​ ប្រទេស​វៀតណាម​មិន​ទំនង​ជា​ចង់​បាន​អាវុធ​ធុនធ្ងន់ឬ​អាវុធ​សម្រាប់​វាយលុក​ទេ​ ក៏​ប៉ុន្តែ​ចង់​បាន​លើស​ពី​នាវា​ស្ថាបនា​ក្នុង​ស.រ.អា.​សម្រាប់​កងឆ្មាំ​ការពារ​ឆ្នេរសមុទ្ររ​បស់​ផង​ខ្លួនដោយ​មាន​រួម​បញ្ចូល​គ្រឿង​ឧបករណ៍​នានា​ដូចជា​រ៉ាដា​ដើម្បី​កែ​លម្អ​គមនាមន៍​និង​បណ្តាញ​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ប្រព័ន្ធ​អាវុធ​របស់​ពួកគេ​ផង​ដែរ។

លោក Thayer ​ថ្លែង​ថា​ប្រទេស​វៀតណាម​ចូលចិត្ត​របៀប​ដោះស្រាយ​ពហុភាគី​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​មហា​អំណាច​នានា​ដូចជា​ប្រទេស​ចិន,​ស.រ.អ., ​ប្រទេស​រុស្សី​និង​ប្រទេស​ឥណ្ឌា​ជា​ដើម​ដោយ​គ្មាន​ការ​ទាក់ទាញ​ឱ្យ​ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​ទេ។ក៏​ប៉ុន្តែ លោក​បាន​និយាយ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ហាក់ដូចជា​បង្ហាញ​សញ្ញា​ថា​វៀតណាម​បាន​បាត់បង់ការ​ទុកចិត្ត​ខ្លះ​ជាមួយ​ប្រទេស​ចិន​នៅ​ជិតខាង​ដោយសារ​មានភាព​តានតឹង​ក្នុង​សមុទ្រ​ហើយ​ប្រុងប្រៀប​ធ្វើ​ឱ្យ​មាន​ការ​ជិតស្និទ្ធ​ជា​មួយ​ស.រ.អា.៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ