ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងថ្លែងជាលើកដំបូងពីសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះអំពីការសម្រេចរបស់ព្រឹទ្ធសភាថាលោកគ្មានទោសពាក់ព័ន្ធនឹងការចោទប្រកាន់ដើម្បីទម្លាក់លោកពីតំណែង។
លោក Trump បានប្រកាសដូច្នេះនៅក្នុងសារលើ Twitter របស់លោកកាលពីថ្ងៃពុធម្សិលមិញ គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីលោកត្រូវបានព្រឹទ្ធសភាសម្រេចថាគ្មានទោស។ លោកសរសេរដូច្នេះថា៖ «នេះគឺជាជោគជ័យរបស់សហរដ្ឋអាមេរិកលើល្បែងបោកប្រាស់រឿងចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង!»។
នៅក្នុងពេលបោះឆ្នោតនៅក្នុងអង្គប្រជុំរបស់ព្រឹទ្ធសភាកាលពីរសៀលថ្ងៃពុធម្សិលមិញ ដោយមានប្រធានតុលាការកំពូលលោកចៅក្រម John Roberts ធ្វើជាអធិបតី សមាជិកព្រឹទ្ធសភាបានសម្រេចក្នុងសំឡេង ៥២ ទល់នឹង ៤៨ ថា លោក Trump គ្មានទោសពាក់ព័ន្ធនឹងការចោទប្រកាន់រឿងរំលោភអំណាច និងក្នុងសំឡេង ៥៣ ទល់នឹង ៤៧ ថា លោក Trump គ្មានទោសទាក់ទិននឹងការចោទប្រកាន់រឿងរារាំងដំណើរការស៊ើបអង្កេតរបស់សភា។
សេតវិមានបានចេញសេចក្ដីប្រកាសមួយបញ្ជាក់ថា លោក Trump ត្រូវបានរកឃើញថាគ្មានទោស និងត្រូវបានសម្រេចឲ្យរួចពីទោស។ សេចក្ដីប្រកាសនេះស្នើឲ្យមានការផ្ដន្ទាទោសក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាសម្រាប់អ្វីដែលសេចក្ដីប្រកាសនេះថាជាការភូតភរ និងជាករណីដែលបានបង្កើតឡើងដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី Trump។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ដែលជាអ្នកផ្ដួចផ្ដើមនីតិវិធីនៃការចោទប្រកាន់ដើម្បីទម្លាក់លោក Trump ពីតំណែងនេះកាលពីខែកញ្ញា ឆ្នាំមុន បានចេញនូវសេចក្ដីថ្លែងការណ៍ដ៏ជូរចត់មួយចោទប្រកាន់ព្រឹទ្ធសភាថា «ធ្វើឲ្យភាពគ្មានច្បាប់ទម្លាប់ក្លាយទៅជារឿងធម្មតា» និងមិនខ្វល់ពីប្រព័ន្ធពិនិត្យផ្ទៀងផ្ទាត់អំណាច៕