អ្នកសារព័ត៌មានម្នាក់ក្នុងខេត្តព្រះវិហារគឺលោក ទ្រី សុផល បន្តច្រានចោទបណ្តឹងរបស់ពលរដ្ឋម្នាក់ដែលប្តឹងលោកពីបទលួច និងកំហែងយកត្រាក់ទ័រ កាលពីខែធ្នូឆ្នាំ២០២១ និងថាបទចោទប្រកាន់នោះ ទំនងជាមានការជាប់ទាក់ទងនឹងទំនាស់បុគ្គលដែលលោកធ្លាប់មានជាមួយមន្ត្រីតុលាការម្នាក់បម្រើការងារក្នុងខេត្ត ដែលជាប់ប្រទសថៃមួយនេះ។
កាលពីខែធ្នូ ឆ្នាំ២០២១ អតីតអ្នកយកព័ត៌មានឱ្យទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរមកធ្វើជាអ្នកយកព័ត៌មានឱ្យអង្គភាពព័ត៌មានក្នុងស្រុកឈ្មោះ«ព័ត៌មានរាល់ថ្ងៃ» លោក ទ្រី សុផល ត្រូវបានពលរដ្ឋម្នាក់ប្តឹងពីបទចោរកម្មខាងលើ។ នេះបើតាមដីកាកោះរបស់សាលាដំបូងខេត្តព្រះវិហារ។
បើតាមអតីតអ្នកយកព័ត៌មានឱ្យទូរទស្សន៍ NICE TV រូបនេះ ពាក្យបណ្តឹងរបស់ពលរដ្ឋប្រឆាំងនឹងលោកនោះ គឺមិនអាចទទួលយកបានទេ ដោយលោកថា ករណីនេះអាចជាការសងសឹងរបស់ព្រះរាជអាជ្ញារង លោក វុធ សាវី។ លោក ទ្រី សុផល និយាយថា លោកធ្លាប់មានភាពចម្រូសចម្រាសជាមួយព្រះរាជអាជ្ញារងរូបនោះពាក់ព័ន្ធការដោះលែងបុគ្គល៣នាក់ដែលរងការចោទថា បានទន្ទ្រានដីព្រៃរដ្ឋក្នុងស្រុកគូលែន ខេត្តព្រះវិហារឱ្យបានចេញពីពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២១។
លោក ទ្រី សុផល អាយុ៣១ឆ្នាំ ប្រាប់វីអូអេនាពេលថ្មីៗនេះថា លោកកំពុងស្វះស្វែងរកការជួយជ្រោមជ្រែងខាងផ្លូវច្បាប់ពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមានក្រសួងយុត្តិធម៌ និងសមាគមការពារសិទ្ធិអ្នកសារព័ត៌មាន ដើម្បីឱ្យបានរួចផុតពីការប្តឹងផ្តល់ពីបទលួចនោះ។ អ្នកកាសែតរូបនេះ ធ្លាប់រងបទចោទដាច់ដោយឡែកផ្សេងទៀតគឺ«កំហែងយក ហិង្សាដោយចេតនា និងគំរាមកំហែងថា នឹងសម្លាប់» បន្ទាប់ពីធ្វើសេចក្តីរាយការណ៍អំពីការទន្ទ្រានយកដីព្រៃរដ្ឋក្នុងខេត្តព្រះវិហារ កាលពីឆ្នាំ២០២១កន្លងទៅនោះ។
លោក ទ្រី សុផល បន្តថា បទចោទថ្មីនេះ មានភាពមិនប្រក្រតីហើយទំនងជាមានការរៀបចំ និងមានចេតនាគំនុំគុំកួនរូបលោក ពីព្រះរាជអាជ្ញារងលោក វុធ សាវី ដោយសារកន្លងមកលោកធ្លាប់ប្តឹងព្រះរាជអាជ្ញារងរូបនោះទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU ពាក់ព័ន្ធនឹងរឿងឈូសឆាយទន្ទ្រានដីព្រៃរដ្ឋក្នុងខេត្តព្រះវិហារ និងដោះលែងជនល្មើសស្ងាត់ៗកាលពីខែសីហា ឆ្នាំ២០២១។
លោកថ្លែងថា៖ «ក្នុងនាមយើងជាអ្នកព័ត៌មាន យើងធ្វើតាមវិជ្ជាជីវៈរបស់យើង។ហើយបើសម្រាប់ខ្ញុំ ខ្ញុំអត់មាន តួនាទី ឬក៏សមត្ថកិច្ចណាទៅដកហូត សោរ ឬស្អីៗរបស់គាត់ដែលជាជនល្មើសហ្នឹងទេ។ជាក់ស្តែងគឺសមត្ថកិច្ច គឺគាត់ចុះទៅពិនិត្យនៅហ្នឹងម៉ង ហើយពេលហ្នឹងរដ្ឋបាលព្រៃឈើគាត់អ្នកនាំយកត្រាក់ទ័រ។ គាត់សហការជាមួយទាហាន...ហើយនឹងប៉ូលិសសេដ្ឋកិច្ច»។
អ្នកកាសែតរូបនេះឱ្យដឹងទៀតថា ព្រះរាជអាជ្ញារងលោក វុធ សាវី ធ្លាប់ប្រើពាក្យសម្តីមួយចំនួន ដែលធ្វើឱ្យលោកមានការភិតភ័យនិងខ្លាចថា លោកត្រូវឃុំខ្លួនក្នុងពន្ធនាគារជាដើម។
លោកថ្លែងថា៖ «វុធ សាវី តេឡេក្រាមជាមួយខ្ញុំថា រឿងហ្នឹងអត់អីទេ បង មកឆ្លើយតាមខ្ញុំមកអត់មានបញ្ហាអីទេ។ ប៉ុន្តែមកដល់ថ្មីៗនេះបែរជាមានការលើកឡើងរបស់គាត់ជាមួយខ្ញុំណា៎បង។អ៊ីចឹងខ្ញុំគិតថាបញ្ហានេះ វា អត់ប្រក្រតីទេ ដល់អ៊ីចឹង ខ្ញុំអត់ហ៊ានចូល[បំភ្លឺនៅតុលាការដោយគ្មានមេធាវី] ។ ខ្ញុំខ្លាចគេនាំខ្លួន ឬឃុំខ្លួន...។ ជាក់ស្តែងខ្ញុំអត់បានប្រព្រឹត្តអ្វីដូចការចោទប្រកាន់របស់តុលាការទេ»។
បុរសម្នាក់ជានាយទាហានប្រចាំខេត្តព្រះវិហារដែលត្រូវបានរងពាក្យបណ្តឹងដូចគ្នានឹងលោក ទ្រី សុផល នោះ គឺលោក ព្រាប ធឿត ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកបានចូលទៅបំភ្លឺនៅតុលាការរួចម្តងហើយ ប៉ុន្តែមិនបានឃើញអ្នកដាក់ពាក្យបណ្តឹងឈ្មោះ សុង ចិន ដែលមានក្នុងដីកាកោះឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តព្រះវិហារទេ។
បើតាមនាយទាហានរូបនោះ លោកមិនបានស្គាល់អ្នកប្តឹងនោះទេ ហើយនៅពេលថ្ងៃកើតហេតុលោកគ្រាន់តែចុះទៅបំពេញតាមតួនាទីតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តសកម្មភាព«លួច និងកំហែងយក» ដូចការចោទប្រកាន់ទេ។
លោកថ្លែងថា៖ «អាត្រាក់ទ័រហ្នឹង ឈូសឆាយលើដីក្រុមហ៊ុន ដល់ក្រុមហ៊ុនគេប្តឹងទៅ ក៏ខាងអ្នកសារព័ត៌មាន អីហ្នឹង រាយការណ៍មកអ្នកជំនាញមេព្រៃ។ មេព្រៃគេទៅយក....អត់មានពាក់ព័ន្ធអីជាមួយពួកខ្ញុំផង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បាននៅឡើយទេ គិតមកដល់រសៀលថ្ងៃសុក្រនេះ។ វីអូអេក៏មិនទាន់អាចសុំការធ្វើអត្ថាធិប្បាយពីពលរដ្ឋជាដើមបណ្តឹងគឺ លោក សុង ចិន បានដែរនៅថ្ងៃសុក្រដដែលនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន ថា លោក ទ្រី សុផលអាចមានសិទ្ធិដាក់ពាក្យសុំអន្តរាគមន៍ ហើយក្រសួងនឹងធ្វើការពិនិត្យតាមសមត្ថកិច្ច។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី លើកឡើងថា ករណីប្តឹងផ្តល់អ្នកកាសែតនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបើកការស៊ើបអង្កេតប្រកបដោយឯករាជ្យ ឱ្យបានច្បាស់ មុននឹងឈានដល់ការចាត់វិធានការនានា ព្រោះអាចមានរឿងរ៉ាវមិនប្រក្រតីណាមួយនៅពីក្រោយរឿងនេះ។
លោកថ្លែងថា៖ «ខ្ញុំទទូចសុំឱ្យភាគីពាក់ព័ន្ធពិនិត្យ ហើយនឹងធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់មុននឹងសម្រេច ដាក់បន្ទុកណាមួយដល់អ្នកសារព័ត៌មាន ដើម្បីធានាថាអ្នកសារព័ត៌មាននៅតែអាចធ្វើកិច្ចការបានដើម្បីការពារផលប្រយោជន៍របស់សង្គម ហើយនិងសាធារណជនទូទៅ»។
អ្នកការពារសិទ្ធិសេរីភាពសារព័ត៌មានរូបនេះថា បើសិនជាមិនមានការស៊ើបអង្កេតបានត្រឹមត្រូវនោះទេ ការបំពេញការងាររបស់អ្នកសារព័ត៌មានលោក ទ្រី សុផល នឹងស្ថិតក្រោមគំនាបច្បាប់មួយ ហ្នឹងហើយការប្រើប្រាស់សេរីភាព និងវិជ្ជាជីវៈរបស់លោកដើម្បីបន្តរាយការណ៍បទល្មើសនានាដែលបានកើតឡើងតាមមូលដ្ឋាននោះក៏ត្រូវកំហិតមួយផ្នែកដែរ។
គិតចាប់តាំងពីខែមករា ដល់ខែធ្នូឆ្នាំ២០២១ មកត្រឹមខែមេសា ឆ្នាំ២០២២នេះមានការយាយីលើអ្នកកាសែតក្រោមទម្រង់ផ្សេងៗសរុប៥១ករណី ដែលរួមមានអ្នកសារព័ត៌មាន៩៣នាក់ ក្នុងនោះស្រ្តី៥នាក់ ហើយក្នុងនោះ ៣២នាក់ត្រូវបានចាប់ខ្លួន ១០នាក់ប្រឈមវិធានការច្បាប់១៨នាក់រងអំពើហិង្សា និងការយាយី និងស្ថាប័នសារព័ត៌មានចំនួន៧ត្រូវបានក្រសួងព័ត៌មានដកហូតអាជ្ញាបណ្ណ។ នេះបើតាមកំណត់ត្រារបស់ខេមបូចា៕