ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ នៅថ្ងៃអង្គារ ច្រានចោលការរិះគន់ដែលថា កំណើនជនជាតិចិនក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ បានបង្កភាពអសន្តិសុខ។ លោក អះអាងថា ជនបរទេសដែលភាគច្រើនជាជនជាតិចិនទាំងនោះ មិនបានបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរណាមួយនោះទេ។
ការអះអាងរបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីចុងខែមករា ផ្ញើលិខិតមួយច្បាប់ជូនលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបញ្ជាក់ថា កំណើនជនបរទេសដែលភាគច្រើនជាជនជាតិចិនក្នុងខេត្តព្រះសីហនុ កំពុងធ្វើឲ្យមានផលប៉ះពាល់ផ្សេងៗ តាមរយៈការធ្វើសកម្មភាពខុសច្បាប់។
ថ្លែងប្រាប់ VOA ក្រោយចេញពីកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃនាល្ងាចថ្ងៃអង្គារ លោក ជួន ណារិន មានប្រសាសន៍ថា លោកមិនបានដឹងពីរបាយការណ៍របស់លោក យន្ត មីន នៅឡើយ។ លោកបន្តថា ការលើកឡើងពីផលប៉ះពាល់បង្កដោយជនបរទេសដែលភាគច្រើនជាជនជាតិចិនក្នុងខេត្តព្រះសីហនុ គឺជាពាក្យចចាមអារ៉ាមរបស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ។
លោក ជួន ណារិន្ទ បន្ថែមថា ជនបរទេសទាំងនោះ គ្រាន់តែបានប្រព្រឹត្តបញ្ហាតូចតាច មិនមានផលអវិជ្ជមានធ្ងន់ធ្ងរណាមួយគួរឲ្យបារម្ភនោះទេ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា៖
«ផលដែលវិជ្ជមានដែលខ្ញុំទទួល ខ្ញុំជាសមត្ថកិច្ចនគរបាល ទី១សន្តិសុខដូចអត់ពាក់ព័ន្ធអីទេ។ ធម្មតា គ្រាន់តែទាស់ទែងគ្នាតិចតួចៗរវាងគាត់ និងគាត់ហ្នឹង យើងមកអប់រំ ផ្សះផ្សារ ហើយពន្យល់ពីផ្លូវច្បាប់គាត់។ អញ្ចឹងគាត់គោរពស្នងការណាស់ ខាងសមត្ថកិច្ច។ អញ្ចឹងយើងណែនាំអំពីផ្លូវច្បាប់។ ទី២ ការបើកបរ វាចំនួនតូច តែឥលូវយើងរឹតបន្តឹងច្បាប់អំពីអ្នកដែលគ្មានប័ណ្ណបើកបរ មិនអាចកាន់ដៃចង្កូតបានទេ។ សូម្បីតែខ្មែរយើងក៏បើកលឿនៗដែរ គ្រប់សមាសភាព។ អញ្ចឹងទេយើងកាត់បន្ថយទាំងអស់ រួម និយាយឲ្យចំទៅគោរពច្បាប់ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរទេ»។
លោក ជួន ណារិន្ទ បន្ថែមថា នគរបាលខេត្តបានពង្រាយកម្លាំងឃ្លាំមើល និងបង្កើនការការពារអ្នកវិនិយោគិន និងជនបរទេស ដើម្បីធានាសុវត្ថិភាព និងសន្តិសុខល្អ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
បើតាមរបាយការណ៍របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញកាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ បញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅមានភ្ញៀវទេសចរណ៍និងវិនិយោគិនជាជនបរទេសយ៉ាងច្រើនចូលមកស្នាក់នៅ និងបណ្តាក់ទុនក្នុងខេត្ត។ លោកបន្តក្នុងរបាយការណ៍នោះថា ជនបរទេសដែលមកស្នើសុំសៀវភៅការងារក្នុងខេត្តព្រះសីហនុ មានជាង៦ពាន់នាក់ (៦,៣៨៥នាក់) ក្នុងនោះជនជាតិចិនមានចំនួនជាង៤ពាន់នាក់ (៤,៤៩៨នាក់) ស្មើនឹងប្រមាណជា៧០% នៃជនបរទេសចំនួន៦១សញ្ជាតិ។
លោក យន្ដ មីន បន្ថែមក្នុងរបាយការណ៍នោះថា កំណើនជនបរទេសក្នុងខេត្តបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនូវវិស័យសំណង់ និងអចលនទ្រព្យមានតម្លៃខ្ពស់ សម្បូរសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរណ៍ និងប្រាក់ចំណូលពន្ធកើនឡើងជាដើម។ ប៉ុន្តែលោកថា កំណើនជនបរទេសក្នុងខេត្តនេះ បាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ លោកអភិបាលខេត្តបន្តថា អ្នកខ្លះទៀតបានជួលផ្ដាច់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំដែលធ្វើឲ្យការផ្ដល់សេវាដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការខ្វះខាតនៅពេលបុណ្យទាន។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសប្រាប់កុំឲ្យពលរដ្ឋមានការព្រួយបារម្ភអំពីកំណើនអ្នកវិនិយោគចិននៅប្រទេសកម្ពុជា ដោយថា កម្ពុជានៅខ្វះខាតធនធានមនុស្ស ដូច្នេះហើយបានជាត្រូវការអ្នកវិនិយោគពីក្រៅប្រទេស។
បើតាមអ្នកឃ្លាំមើលសង្គមប្រចាំខេត្តព្រះសីហនុបានលើកឡើងថា កំណើនជនជាតិចិនមកស្នាក់នៅនិងធ្វើការក្នុងខេត្តព្រះសីហនុបានធ្វើឲ្យមានភាពអវិជ្ជមានច្រើនជាងភាពវិជ្ជមាន និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការដែលជនជាតិចិនទាំងនោះចូលមកធ្វើការ រកស៊ី និងបើកបនល្បែងកាស៊ីណូ ព្រមទាំងបានប្រើពាក្យសម្ដីអសីលធម៌ ស្រែកឡូឡា មិនគោរពច្បាប់កម្ពុជាជាដើម។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគ និងជាបណ្ឌិតផ្នែកសេដ្ឋកិច្ចអន្តរជាតិ ប្រាប់ VOA ថា ជនជាតិចិនកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានអត្តចរិតក្អេងក្អាង ខុសពីជនជាតិចិនដែលមានទីលំនៅអចិន្ត្រៃយ៍ ដោយសារភាពជាកូនទោល និងការអាងលើទំនាក់ទំនងដែលរដ្ឋាភិបាលចិនបានផ្តល់ជំនួយមកកម្ពុជា។ លោកបន្ថែមថា ការដែលអនុញ្ញាតឲ្យជនជាតិចិនចូលមកស្នាក់នៅ និងរកស៊ីច្រើនហួសហេតុ បង្ហាញពីភាពអវិជ្ជមាននៃទំនាក់ទំនងការបរទេសរបស់រដ្ឋាភិបាលកម្ពុជា ដែលលោកថា ចំណុចនេះ នឹងធ្វើឲ្យកម្ពុជាប្រឈមនឹងផលប៉ះពាល់នាពេលអនាគត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖
«ដោយសារគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលយើងហ្នឹងឯង គឺយើងយូរៗទៅពឹងតែចិន និងយួន។ តែកាលណាពឹងផ្អែកលើគេ យូរៗយើងទៅជារណបគេ ទៅ។ ហើយជាប្រទេសទន់ខ្សោយទៅទៀត មនុស្សតិចទៅទៀត សេដ្ឋកិច្ចក៏តូចទៅទៀត ហើយយូរៗទៅជារណបគេហ្នឹងឯង ធ្វើទៅតាមតែគេទៅ។ ហើយយើងបាត់បង់នូវឯករាជ្យភាព អធិបតេយ្យភាពរបស់ខ្លួនហ្នឹងឯង»។
អ្នកវិភាគដដែលបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរតែប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ និងអចិន្ត្រៃយ៍ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសដទៃផ្សេងទៀតឲ្យបានច្រើន។
លោកមានប្រសាសន៍ថា៖ «វិលទៅរកការកាន់យកគោលនយោបាយការបរទេស គឺអព្យាក្រឹត្យ អចិន្ត្រៃយ៍ ទើបមានមូលមាត់គ្នាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ហើយគឺទាក់ទងប្រទេសអំណាចនៅលើពិភពលោកឲ្យបានច្រើន និងរកមិត្តឲ្យបានច្រើន ធ្វើម៉េចកុំឲ្យមិត្តធំតែមួយពីរអញ្ចឹង មិនល្អទេ»។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាក្នុងឆ្នាំ២០១៧ មានចំនួនចន្លោះ១២ ទៅ១៣ម៉ឺននាក់ កើនប្រមាណជា១៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពមិនល្អរហូតមកដល់ពេលនេះ។ ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនដល់ទៅ ៤,៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
រដ្ឋាភិបាលទីក្រុងប៉េកាំង រហូតមកដល់ពេលនេះ ក៏បានផ្ដល់នូវជំនួយឥតសំណង និងកម្ចីដល់កម្ពុជា ប្រមាណ៤,២០០លានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៧៕