សាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានសម្រេចឱ្យសកម្មជនដីធ្លីនៅខេត្តកោះកុងពីរនាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន រួចផុតពីការចោទប្រកាន់ពីបទ «ញុះញង់» ក្នុងសំណុំរឿងដីធ្លី។ ប៉ុន្តែតុលាការតម្កល់ការផ្តន្ទាទោសអ្នកទាំងពីរពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយតម្រូវឱ្យសងប្រាក់ជំងឺចិត្តទៅដើមបណ្តឹងចំនួន ១០ លានរៀល ព្រមទាំងផ្តល់សំណងរដ្ឋប្បវេណីក្នុងម្នាក់ៗ ៤ លានរៀលទៀតទៅតុលាការ។
សកម្មជនអះអាងថា ការទាមទារសំណងទាំងអស់នេះគឺជារឿងអយុត្តិធម៌សម្រាប់ពួកគេដែលការពារដីរដ្ឋ។
អ្នកស្រី ផាវ ញ៉ើង អាយុ ៤៧ ឆ្នាំ សកម្មជនដីធ្លីខេត្តកោះកុង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អ្នកស្រីសាទរសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដែលបានសម្រេចទម្លាក់ចោលបទ «ញុះញង់» លើអ្នកស្រី និងអ្នកស្រី សេង លីន កាលពីថ្ងៃអង្គារ។ ប៉ុន្តែអ្នកស្រីនៅតែបន្តលើកឡើងថា វាជារឿងអយុត្តិធម៌ដដែលសម្រាប់អ្នកស្រី ដោយសារតែតុលាការនៅតែបន្តឱ្យអ្នកស្រីបង់សំណងជាទឹកប្រាក់ក្នុងបទបរិហារកេរ្តិ៍ជាសាធារណៈ។
អ្នកស្រី ផាវ ញ៉ើង ថ្លែងថា៖ «គេប្រកាសសាលក្រមហ្នឹង អំពីករណីបរិហារកេរ្តិ៍ និងញុះញង់ឱ្យមានបទល្មើសបង្កឱ្យមានភាពវឹកវរអសន្តិភាពក្នុងសង្គមហ្នឹង គឺឥឡូវត្រូវបានទម្លាក់តែមួយបទចោទទេ បានន័យថា មួយបទចោទនោះគឺបទញុះញង់។ ប៉ុន្តែតែមួយបទចោទបទបរិហារកេរ្តិ៍នេះគេនៅបន្តនីតិវិធី។ គេបានចោទប្រកាន់ថាឱ្យយើងបង់ទៅរដ្ឋ ក្នុងម្នាក់ៗ ៤ លានរៀល»។
អ្នកស្រីបន្តថា៖ «ប៉ុន្តែដើមបណ្តឹងគេទាមទារថាទាំងពីរនាក់ហ្នឹងឱ្យរួមគ្នាបង់សងជំងឺចិត្តគេ….ទៅ ឆាយ វី ដើមបណ្តឹងដែលជាអ្នកលក់ដីរដ្ឋពិតប្រាកដនោះ។ តុលាការអត់បានចោទប្រកាន់គាត់ទេ ទៅជាស្តាប់បង្គាប់គាត់ដូចជាមានរនាំងអីបិទបាំងយ៉ាងម៉េច។ ខ្ញុំអត់យល់ដែរ។ គេបន្តថា នៅចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ឱ្យពួកខ្ញុំរួមគ្នាបង់សងទៅឆាយ វី ១០លានរៀល។ អ៊ីចឹងខ្ញុំមិនសុខចិត្ត។ ខ្ញុំឱ្យមេធាវីខ្ញុំប្តឹងសាទុក្ខ ព្រោះអីពួកខ្ញុំនិយាយនេះជារឿងពិត មិនមែនជារឿងបរិហារកេរ្តិ៍បង្កាច់កេរ្តិ៍អីទេ»។
អ្នកស្រីផាវ ញ៉ើង ដែលធ្លាប់ជាប់ពន្ធនាគារដោយសារតវ៉ារឿងដីធ្លីរបស់អ្នកស្រី បញ្ជាក់បន្ថែមថា៖ «ស្នើឱ្យស្ថាប័នកាន់នូវតម្លាភាពយុត្តិធម៌ពិសេសយកគតិបណ្ឌិតដែលបានរៀនសូត្រកន្លងមក វិជ្ជាជីវៈនិងក្រមសីលធម៌របស់តុលាការទាំងអស់។ សូមមេត្តារកយុត្តិធម៌ឱ្យពួកខ្ញុំវិញផង ពីព្រោះអីពួកខ្ញុំគឺជាជនរងគ្រោះពិតមែន ហើយ ឆាយ វី ពិតជាបានលក់ដីរដ្ឋពិតមែន។ ខ្ញុំនៅតែមានជំហរ ទោះបីចាប់ខ្ញុំដាក់ពន្ធនាគាទៀត ក៏ខ្ញុំនៅតែបន្តនិយាយអ៊ីចឹង ព្រោះគាត់លក់មែន»។
សកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី សេង លីន អាយុ ៥៧ ឆ្នាំ ប្រាប់វីអូអេថា ការណ៍ដែលសាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសអ្នកស្រីនិងអ្នកស្រី ផាវ ញ៉ើង ពីបទបរិហារកេរ្តិ៍ជាសាធារណៈដែលទាមទារសំណងជាទឹកប្រាក់នោះ គឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្រីដែលគ្រាន់តែការពារដីឱ្យរដ្ឋតែប៉ុណ្ណោះ មិនមែនការពារដើម្បីប្រយោជន៍ខ្លួនឯងឡើយ។
អ្នកស្រីថ្លែងថា៖ «វាអយុត្តិធម៌ចំពោះខ្ញុំពេកហើយ ព្រោះអីខ្ញុំអត់មានធ្វើអីខុសទេ គ្រាន់តែយើងឃើញច្បាស់ហើយថាឈ្មោះក ខ ហ្នឹងយកដីលក់មែនហើយមកធ្វើអ៊ីចឹង។ ខ្ញុំស្នើសុំឱ្យតុលាការ ចុះមកមើលទីតាំងផ្ទាល់តើ ប៉ុន្តែតុលាការគាត់អត់ព្រមចុះទៅមើលសោះ។ ខ្ញុំស្នើសុំអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យចុះទៅមើលទីតាំងថា ដីហ្នឹង ឆាយ វី យកលក់មែនក៏អត់»។
អ្នកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុនឹងអាចរកយុត្តិធម៌ជូនអ្នកស្រី ដោយអ្នកស្រីអះអាងថា អ្វីដែលអ្នកស្រីបានលើកឡើងទាំងអស់ គឺសុទ្ធតែជាការណ៍ពិត មិនមែនចេះតែថានោះទេ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីបុគ្គលឈ្មោះ ឆាយ វី បាននៅឡើយទេ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លោក លឹម ស៊ីណាត បានបដិសេធមិនអត្ថាធិប្បាយលើការអះអាងរបស់សកម្មជនដីធ្លី។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានតាមដានជម្លោះដីធ្លីនេះ សាទរសេចក្តីសម្រេចរបស់តុលាការក្នុងការទម្លាក់ចោលបទញុះញង់លើសកម្មជនដីធ្លីទាំងពីរនាក់។ លោកក៏ជំរុញឱ្យសាលាឧទ្ធរណ៍គួរតែទម្លាក់បទចោទប្រកាន់ផ្សេងទៀតទៅលើពួកគាត់ឱ្យអស់ផងដែរ។ លោកបញ្ជាក់ថាសកម្មជនដីធ្លីអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន មិនបានធ្វើអ្វីខុសឬផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញក្នុងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបប្រជុំបញ្ចេញមតិ ការផ្តល់ព័ត៌មាន និងទទួលព័ត៌មាននោះទេ។
លោកថ្លែងថា៖ «យើងស្វាគមន៍ចំពោះករណីមួយដែលសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់។ ប៉ុន្តែករណីមួយទៀតដែលថា នៅរក្សាទុកនៅតែចោទប្រកាន់នៅផ្តន្ទាទោសគាត់ដោយតម្រូវឱ្យគាត់បង់ជាប្រាក់ពិន័យ ហើយនឹងសំណងទៅដល់ដើមបណ្តឹងហ្នឹងរដ្ឋប្បវេណីហ្នឹងខ្ញុំថា វាជារឿងមួយដែលតុលាការគួរតែពិចារណា។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏សាលដីកាបានចេញរួចមកហើយ។ អ៊ីចឹងនីតិវិធីបន្តគឺមានតែសកម្មជនទាំងពីរនាក់ហ្នឹង គាត់អាចបន្តនីតិវិធីទៅតុលាការកំពូលទៀតបាទ»។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០២៣ សាលាដំបូងខេត្តកោះកុងបានប្រកាសសាលក្រមផ្តន្ទាទោសតំណាងសហគមន៍មកពីស្រុកស្រែអំបិល ខេត្តកោះកុង ទាំងពីរនាក់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទញុះញង់ឱ្យប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន៤០លានរៀលទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រមូលផ្ដុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីឆ្នាំ ២០១៩ ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយសមស្របមួយជុំវិញជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ៕