ព្យុះទីហ្វុង Hagibis បានសម្លាប់មនុស្សអស់ចំនួន២៣នាក់ និងបានបក់ទៅទីក្រុង តូក្យូ មួយរយៈពេលខ្លី ខណៈដែលមនុស្សចំនួន១៦នាក់កំពុងបាត់ខ្លួន។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានសាធារណៈ NHK របស់ជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
ជប៉ុនបានបញ្ជូនកងកម្លាំងនិងក្រុមការងារជួយសង្គ្រោះរាប់ម៉ឺននាក់ដើម្បីទៅជួយសង្គ្រោះអ្នកស្រុកនិងដើម្បីទប់ទល់នឹងទឹកជំនន់ដែលបណ្ដាលមកពីព្យុះទីហ្វុងដ៏អាក្រក់បំផុតដែលបោកបក់ទៅលើប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ព្យុះ Hagibis បានបង្កឲ្យមានការលិចលង់នៅតាមតំបន់ទំនាបដែលស្ថិតនៅចំកណ្ដាលនិងនៅប៉ែកខាងកើតប្រទេសជប៉ុន និងបានធ្វើឲ្យលំនៅដ្ឋាន៥០ម៉ឺនកន្លែងគ្មានអគ្គិសនីប្រើប្រាស់។
មានការអនុញ្ញាតឲ្យយន្តហោះចុះចតនៅអាកាសយានដ្ឋាន Narita និង Haneda ក្នុងទីក្រុង តូក្យូ វិញហើយ ប៉ុន្តែជើងហោះហើរជាង៨០០ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ ហើយសេវារថភ្លើងល្បឿនលឿន Shinkansen ក៏ត្រូវរងផលប៉ះពាល់យ៉ាងអាក្រក់បំផុតផងដែរ។
អាជ្ញាធរបានដកការព្រមានថាមានភ្លៀងចំពោះតំបន់ Kanto ដែលស្ថិតនៅជុំវិញទីក្រុង តូក្យូ ហើយ។ ហាងលក់ទំនិញត្រូវបានបើកដំណើរការឡើងវិញ ហើយខ្សែរថភ្លើងជាច្រើនចាប់ផ្ដើមប្រតិបត្តិការឡើងវិញ ប៉ុន្តែពួកគេបានព្រមានថា នៅមានហានិភ័យដែលបណ្ដាលមកពីទឹកទន្លេហូរច្រើនហួសហេតុដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញនៅប៉ែកខាងកើតប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កោះហៅឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយ និងបានបញ្ជូនរដ្ឋមន្ត្រីទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្ដរាយឲ្យទៅកន្លែងរងគ្រោះទៀតផង៕