អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO ) និយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធនឹងការស្រេកឃ្លានមានដំណើរថយក្រោយ១០ឆ្នាំដោយសារការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
លោក Maximo Torero Cullenដែលជាប្រធានអ្នកសេដ្ឋសាស្ត្រនៃអង្គការ FAO និយាយថាបញ្ហាមិនមែនការខ្វះម្ហូបអាហារទេតែការទទួលម្ហូបអាហារ។
លោកថ្លែងថា៖«ប្រជារាស្ត្រមិនអាចទទួលម្ហូបអាហារពីព្រោះពួកគេបាត់បង់ការងារ ពីព្រោះពួកគេគ្មានប្រាក់ចំណូល។ បណ្តាប្រទេសកំពុងអភិវឌ្ឍនឹងមានឧបសគ្គយ៉ាងច្រើនដោយសារសេដ្ឋកិច្ចមិនរីកចម្រើននៅក្នុងពិភពលោក។ ហេតុដូច្នេះហើយបានជាមនុស្សដែលខ្វះខាតអាហារអាចកើនចំនួន១៣២លាននាក់ថែមទៀត»។
លោក Cullen ទស្សន៍ទាយថាភាពក្រីក្រនឹងធ្ងន់ធ្ងរថែមទៀត។
លោកថ្លែងថា៖«យើងរំពឹងថាមនុស្សរហូតដល់១៥០លាននាក់នឹងធ្លាក់ខ្លួនចូលដល់ស្ថានភាពក្រីក្រខ្លាំងបំផុត។ យើងរំពឹងថាមនុស្សដែលមានអាហារមិនគ្រប់គ្រាន់នឹងកើនឡើងចំនួន១៣២លាននាក់ថែមទៀត»។
លោក Cullen និយាយថាអ្នកដែលងាយរងគ្រោះបំផុតគឺពួកអ្នកដែលឋិតក្នុងតំបន់មានចលាចលឬមានការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖«ពួកជនដែលងាយរងគ្រោះភាគច្រើនរស់នៅក្នុងតំបន់ខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅក្នុងតំបន់ Sahel នៃទ្វីបអាហ្វ្រិក។ ជនទាំងនោះភាគច្រើនកំពុងតែប្រឈមជាមួយការប្រែប្រូលធាតុអាកាសជាស្រេចទៅហើយ។ ឬមួយពួកគេកំពុងតែប្រឈមនឹងបញ្ហាហ្វូងកណ្តូបធំៗនៅក្នុងប៉ែកខាងកើតនៃទ្វីបអាហ្វ្រិក»។
ក្នុងឆ្នាំនេះមានហ្វូងកណ្តូបធំៗក្នុងផ្នែកខាងកើតនៃទ្វីបអាហ្រ្វិក។ ប្រទេសកេនយ៉ា បានជួបបញ្ហាសត្វល្អិតអាក្រក់បំផុតក្នុងរយៈពេល៧០ឆ្នាំដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់ជីវភាពមនុស្សរាប់លាននាក់។
ទោះណាជាការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរក្នុងផ្នែកឯទៀតៗនៃពិភពលោកដូចជាក្នុងសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុបក៏ដោយ ក៏ការស្ទង់មតិមួយរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមហៅកាត់ថាICRC បានរកឃើញថាពួកអ្នកឆ្លើយតបនឹងការស្ទង់មតិមានផលប៉ះពាល់ដោយសារជំងឺនេះចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃជំងឺនេះម្ល៉េះ។
លោកស្រី Halimatou Amadou នៃគណៈកម្មាធិការ ICRC បាននិយាយជាមួយវីអូអេពីក្រុង Dakar ថា៖ «ការស្ទង់មតិនេះបានត្រូវធ្វើក្នុងចំណោមមនុស្ស២៤០០នាក់ក្នុងប្រទេស១០ក្នុងទ្វីប Afrique។ ហើយអ្វីដែលពួកគេបាននិយាយប្រាប់យើងនោះ ជាការណ៍នាំឱ្យមានទុក្ខព្រួយណាស់។ ឧទាហរណ៍មនុស្ស៩៤ភាគរយបានប្រាប់យើងថាម្ហូបអាហារនៅក្នុងផ្សារមូលដ្ឋានបានឡើងថ្លៃ។ យើងក៏ឃើញដែរថា៨២ភាគរយនៃពួកជនយើងបានសម្ភាសន៍បាននិយាយថាពួកគេគ្មានប្រាក់ចំណូលទេ»។
លោកស្រី Amadou ថ្លែងថាមានមនុស្សតែ៧ភាគរយប៉ុណ្ណោះដែលបាននិយាយថាពួកគេមានប្រាក់សន្សំគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ន។ នៅកន្លែងឯទៀតៗស្ថានភាពរឹតតែអាក្រក់ថែមទៀតដោយសារសង្គ្រាម។
លោកស្រីថ្លែងថា៖ «នៅក្នុងប្រទេស Burkina Faso មានមនុស្សប្រមាណ២លាន៨សែននាក់ដែលប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ នេះគឺ២០០ភាគរយច្រើនជាងកាលពីឆ្នាំទៅមិញ។ អ្វីដែលយើងឃើញគឺនៅពេលនេះមានមនុស្សជាង១លាននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែង ហើយពួកគេគ្មានដីដាំដំណាំទេ។ ហើយជាធម្មតាការណ៍នេះនាំឱ្យពួកគេកាន់តែពិបាកទទួលបានអាហារ»។
ក្រៅពីទ្វីបអាហ្វ្រិក អង្គការ FAO ក៏ព្រួយបារម្ភជាពិសេសអំពីតំបន់អាមេរិកឡាទីនដែលរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ