Your browser doesn’t support HTML5
ភ្នំពេញ៖ សកម្មជនវ័យក្មេងម្នាក់និយាយថា ការប្រើប្រាស់បណ្តាញសង្គម (social media) ដ៏មានប្រយោជន៍មួយអាចជួយកែខៃបញ្ហាសង្គមដូចជាអំពើពុករលួយនិងការរំលោភបំពានអំណាចជាដើម។
លោក ទឹម ម៉ាឡៃ គឺជាប្រធានបណ្តាញយុវជនកម្ពុជា។ លោកបានថ្លែងនៅក្នុងកម្មវិធី«សំឡេងយុវជន»នៃកម្មវិធីវិទ្យុហេឡូវីអូអេ កាលពីថ្ងៃច័ន្ទទី១៤ខែមករាថា៖
«ប្រសិនបើយុវជនកាន់តែច្រើនឡើងដែលចេះប្រើ Facebook, Twitter ឬ YouTube ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ចែករំលែកព័ត៌មានអំពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមដែលទាក់ទងនឹងសេដ្ឋកិច្ច និងនយោបាយ អញ្ចឹងព័ត៌មាននេះនឹងត្រូវបានយកទៅគិតគូរពីសំណាក់រដ្ឋាភិបាល ឬអ្នកពាក់ព័ន្ធដទៃទៀតដែលកំពុងធ្វើរឿងទាំងអស់ហ្នឹង។»
លោកមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ យុវវ័យកម្ពុជាភាគច្រើនប្រើប្រាស់បណ្តាញសង្គមសម្រាប់តែបញ្ហាផ្ទាល់ខ្លួន ដូចជាការបង្ហោះនិងចែកចាយរូបថតខ្លួនឯងជាដើម។
យោងតាមគេហទំព័រ socialbakers.com អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកនៅកម្ពុជាមានចំនួនជាង៧៤០.០០០នាក់។ ហើយការស្រាវជ្រាវមួយដែលបានធ្វើឡើងកាលពីឆ្នាំមុនអំពីគោលបំណងនៃការប្រើប្រាស់បណ្តាញសង្គមបានរកឃើញថា យុវវ័យខ្មែរភាគច្រើនចូលចិត្តប្រើប្រាស់ប្រព័ន្ធនេះសម្រាប់ការកម្សាន្តសប្បាយនិងទំនាក់ទំនងផ្ទាល់ខ្លួន ជាជាងសម្រាប់ពិភាក្សាពីបញ្ហាដែលម៉ត់ចត់ជាងនេះ ដូចជាបញ្ហានយោបាយជាដើមនោះ។
លោកបានលើកឧទាហរណ៍នៃករណីប្រើហិង្សាទៅលើប្រជាពលរដ្ឋដោយអាជ្ញាធរមានសមត្ថកិច្ចនិងការទារប្រាក់លើសថ្លៃកំណត់ ទៅលើថ្លៃផ្ញើម៉ូតូនៅតាមទីផ្សារមួយចំនួនក្នុងទីក្រុងភ្នំពេញជាដើម ដែលរូបវីដេអូនៃករណីទាំងនោះ ត្រូវបានគេបង្ហោះនិងចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។
«នៅពេលដែលគេដឹងព័ត៌មាន ហើយគេផ្សព្វផ្សាយ មនុស្សជាច្រើនទៀតនឹងដឹងហើយឮ ហើយគេចាប់ផ្តើមជជែកគ្នា។ ចង់ឬមិនចង់ អ្នកដែលធ្វើហ្នឹង គាត់ត្រូវមានការអៀនខ្មាស់។ គាត់ត្រូវតែចាប់ផ្តើមផ្លាស់ប្តូរនូវផ្នត់គំនិតរបស់គាត់ ដែលជាគំនិតចាស់គំរឹលឬគំនិតដែលខុសនោះ។»
ប៉ុន្តែ គេកម្រឃើញរបាយការណ៍អំពីការដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តអំពើទាំងនោះណាស់ ក្រោយពីហេតុការណ៍ទាំងនោះត្រូវបានចែកចាញតាមបណ្តាញអ៊ីនធឺណិតនោះ។
ផ្ទុយទៅវិញ អ្នកខ្លះថែមទាំងបារម្ភថា ការបង្ហោះនិងចែកចាញសកម្មភាពមិនល្អរបស់អាជ្ញាធរ អាចនាំមកនូវចំណាត់ការអវិជ្ជមានពីរដ្ឋាភិបាលទៅវិញ។
លោក វរៈ ដែលបានទូរស័ព្ទចូលរួមក្នុងកម្មវិធី «សំឡេងយុវជន» នេះ និយាយថា៖
«ខ្ញុំជឿជាក់ថា រដ្ឋាភិបាលបើចំចំណុចរសើប ដែលឥឡូវប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលបង្ហោះតាមវេបសាយនូវសកម្មភាពអាក្រក់ៗរបស់រដ្ឋាភិបាល បានជាគាត់ចាប់អារម្មណ៍រឿងធ្វើច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគាបសង្កត់ផ្នែកប្រព័ន្ធផ្សព្វផ្សាយហ្នឹង។»
តើអ្នកប្រើប្រាស់បណ្តាញសង្គមណាខ្លះ? តើអ្នកគិតថាបណ្តាញសង្គមដូចជា Facebook អាចជួយដល់កិច្ចការសង្គមនៅកម្ពុជាដែរឬទេ?