ប៉ូលិស​ក្រុង Portland ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា

ប៉ូលិស​ Portland និង​មន្ត្រី​យាម​ល្បាត​រដ្ឋ Oregon រួម​គ្នា​ចាប់​បាតុករ​ម្នាក់​នៅ​ខាងមុខប៉ុស្តិ៍​ប៉ូលិស Portland នៅ​ថ្ងៃទី​៧៥​នៃ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើស​អើង។

កម្លាំង​ប៉ូលិស​នៅ​ទីក្រុង Portland រដ្ឋ Oregon ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេរិក កាល​ពី​យប់​ថ្ងៃ​ពុធ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដើម្បី​បំបែក​ក្រុម​បាតុករ​ដែល​តវ៉ា​នៅ​អគារ​មួយ​កន្លែង​ដែល​ជា​ទីតាំង​នៃ​ការិយាល័យ​ប៉ូលិស​និង​ពន្ធនាគារ។

អាជ្ញាធរ​បាន​ហៅ​ការ​តវ៉ា​នេះ​ថា​ជា «កុប្បកម្ម»។ ការ​តវ៉ា​លើក​នេះ​គឺ​ជា​ការ​តវ៉ា​ថ្មី​ចុងក្រោយ​បំផុត​នៃ​ការ​តវ៉ា​ពេល​យប់​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។ អាជ្ញាធរ​ថា នៅ​ក្នុង​ការ​តវ៉ា​លើក​នេះ បាតុករ​ខ្លះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ដូចជា​ការ​ដុត​ភ្លើង​និង​ដុត​កាំជ្រួច​នៅ​ក្រៅ​បរិវេណ​តុលាការ​សហព័ន្ធ​ជាដើម។

បាតុកម្ម​ទាំងនេះ​បាន​ផ្ទុះ​ឡើង​ដំបូង​ក្រោយ​ពី​មាន​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​លោក George Floyd ក្រោម​សមត្ថកិច្ច​ប៉ូលិស នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ។

ការ​តវ៉ា​នៅ​ទីក្រុង Portland នេះ និង​នៅ​តំបន់​ជា​ច្រើន​កន្លង​មក​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​មាន​បំណង​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស និង​វិធានការ​ដោះស្រាយ​បញ្ហា​វិសមភាព​ខាង​ជាតិ​សាសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង Portland នេះ​បាន​ទទួល​ចំណាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពេល​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​ទប់ទល់​នឹង​ការ​តវ៉ា​ទាំង​នេះ បើ​ទោះបីជា​មាន​ការ​ប្រឆាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្តី។ ពេល​នេះ​កងកម្លាំង​សហព័ន្ធ​ទាំង​នេះ​ត្រូវ​បាន​ដក​ចេញ​វិញ​ហើយ៕