លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បាននិយាយកាលពីថ្ងៃសៅរ៍ថា មានការគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយអាទិត្យមកហើយនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
ថ្លែងតាមទូរទស្សន៍ជាតិនៃប្រទេសអ៊ុយក្រែន លោក Poroshenko បានមានប្រសាសន៍ថា នេះជាលើកដំបូងហើយចាប់តាំងពីកិច្ចព្រមព្រៀងនេះដែលត្រូវបានរៀបចំឱ្យមានឡើងដោយពួកបស្ចឹមប្រទេសត្រូវបានចុះហត្ថលេខាក្នុងក្រុងមីនស្កិ៍ (Minsk) កាលពីខែកុម្ភៈ ដែលគ្មានទាហានអ៊ុយក្រែនណាម្នាក់បានស្លាប់ក្នុងការប្រយុទ្ធទេ។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានរបាយការណ៍ថាទាហាន និងជនស៊ីវិលមួយចំនួនបានបាត់បង់ជីវិត ឬត្រូវរបួសចាប់តាំងពីថ្ងៃពុធមក។ ក្រុមទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីក៏បានប្រកាសកាលពីថ្ងៃសៅរ៍ដែរថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់នៅជិតក្រុង Donetsk ដោយសារការបាញ់ដោយកងទ័ពអ៊ុយក្រែន។
កិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ឈប់សង្គ្រាមក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនមានការសៅហ្មងដោយមានឧប្បត្តិហេតុដ៏ប្រល័យសឹងតែរាល់ថ្ងៃហើយចំនួនមនុស្សស្លាប់ទាំងអស់មាន៦ពាន់៨រយនាក់។
នៅក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់អំពើហិង្សា រដ្ឋាភិបាលអ៊ុយក្រែននិងក្រុមអ្នកតំណាងនៃក្រុមទាមទារបំបែករដ្ឋគាំទ្រដោយរដ្ឋាភិបាលក្រុងមូស្គូបានសន្យាកាលពីសប្តាហ៍មុនថានឹងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញាទៅ៕