នៅថ្ងៃអង្គារនេះ សម្តេចប៉ាប Francis បានជួបជាមួយលោកស្រីអង់សាន ស៊ូជី មេដឹកនាំស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ា មួយថ្ងៃក្រោយពីអគ្គមេបញ្ជាការកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានថ្លែងថាលោកបានទូលសម្តេចប៉ាបថា «គ្មានការរើសអើងខាងសាសនា» នៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ។
អ.ស.ប.និងស.រ.អា.បានចោទប្រកាន់ពួកយោធានៃប្រទេសមីយ៉ាន់ម៉ាថាបាន «ធ្វើការបោសសម្អាតពូជសាសន៍» នៅក្នុងអំពើហិង្សាប្រឆាំងនឹងពួកជនអំបូររ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ហើយលោកស្រីអង់សាន ស៊ូជី ដែលជាជ័យលាភីនៃរង្វាន់ណូបែលសន្តិភាព បានប្រឈមនឹងការរិះគន់អំពីការឆ្លើយតបរបស់លោកស្រីដល់វិបត្តិនេះដែរ។
នៅពេលបានត្រូវសួរអំពីការរំលោភលើសិទ្ធិមនុស្ស លោកស្រីបានមានប្រសាសន៍ថា «យើងមិនអាចនិយាយបានទេថាតើការរំលោភនេះបានកើតមាន ឬមិនបានកើតមានឡើងទេ។ ក្នុងឋានៈជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាល យើងត្រូវធ្វើឱ្យប្រាកដប្រជាថា ការណ៍នេះមិនកើតមានឡើយ»។ សម្តេចប៉ាប Francis បានជួបជាមួយលោកឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing អគ្គមេបញ្ជាការនៃកងទ័ពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទនៅពេលព្រះអង្គចាប់ផ្តើមព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅក្នុងប្រទេសនេះក្នុងទ្វីបអាស៊ីអាគ្នេយ៍ដើម្បីពិភាក្សាអំពីអំពើឃោរឃៅនៅក្នុងរដ្ឋ Rakhine ដែលបានបណ្តាលឱ្យពួកជនអំបូររ៉ូហ៊ីងយ៉ាជាង៦សែន២ម៉ឺននាក់រត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែស នៅជិតខាងប្រទេសមីយ៉ាន់ម៉ា៕