សម្តេចប៉ាប Francis យាងធ្វើដំណើរទៅកាន់ក្រុងបូរាណ Ur ដែលត្រូវបានចាត់ទុកថាជាកន្លែងចាប់កំណើតអារ្យធម៌ ដើម្បីរំឭកដល់មនុស្សថា អ្វីដែលចងភ្ជាប់ពួកគេជាមួយគ្នាមានកម្លាំងខ្លាំងជាងអ្វីដែលបំបែកបំបាក់ពួកគេ។ ក្រុមជនមកពីសហគមន៍គ្រិស្តសាសនា សាសនាឥស្លាម Yazidi និង Mandian ក៏មានវត្តមានក្នុងពិធីកាលពីថ្ងៃសៅរ៍ ទី៦ ខែមីនានោះដែរ។
សម្តេចប៉ាបបានពង្រឹងការអំពាវនាវរបស់ព្រះអង្គឱ្យមានការអត់ឱនគ្នារវាងក្រុមជនកាន់សាសនាផ្សេងៗគ្នា និងឱ្យមានភាតរភាព នៅក្នុងព្រះរាជទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅទីនោះការបែកបាក់គ្នាខាងសាសនា ខាងពូជសាសន៍ និងសង្គ្រាមបានហែកហួរសង្គមនៃប្រទេសនេះជាច្រើនទសវត្សរ៍មកហើយ។
សម្តេចប៉ាបបានមានព្រះបន្ទូលថា សហគមន៍ទាំងអស់ក្នុងប្រទេសអ៊ីរ៉ាក់បានរងទុក្ខវេទនាយូរមកហើយដោយសារអំពើភេរវកម្មនិងសង្គ្រាម។ ព្រះអង្គបានមានព្រះបន្ទូលថា «អរិភាព ភាពជ្រុលនិយម និងអំពើហិង្សាមិនមែនកើតឡើងពីសមានចិត្តខាងសាសនាទេ។ សកម្មភាពទាំងនេះជាការក្បត់សាសនា»។ ព្រះរាជបន្ទូលរបស់ព្រះអង្គជាភាសាអ៊ីតាលីត្រូវបានបកប្រែជាភាសាអង់គ្លេសថា៖
«យើងជាអ្នកជឿសាសនា ហើយក្នុងនាមជាអ្នកជឿសាសនា យើងមិនត្រូវឈរស្ងាត់ស្ងៀមទេ នៅពេលយើងឃើញមានអំពើភេរវកម្ម និងនៅពេលពួកភេរវជនយកឈ្មោះសាសនាមកប្រើដើម្បីផលចំណេញផ្ទាល់ខ្លួន។ វាអាស្រ័យលើយើងជាបុរសនិងស្ត្រីដែលគោរពសាសនា ក្នុងការបំផ្លាញអំពើអាក្រក់។ យើងមិនអាចឲ្យពន្លឺរបស់ព្រះត្រូវបានធ្វើឱ្យខ្មៅងងឹតដូចដែលបានកើតមាននៅក្នុងប្រទេសនេះទេ ដែលនៅទីនេះ សង្គ្រាម អំពើហិង្សា និងអំពើភេរវកម្មបាននាំឱ្យមានភាពខ្មៅងងឹត»។
សម្តេចប៉ាប Francis ក៏បានទាក់ទាញឱ្យមានការយកចិត្តទុកដាក់ដល់ការប្រល័យពូជសាសន៍ ដែលធ្វើឡើងដោយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមទៅលើសហគមន៍ជនភាគតិច Yazidi និងស្ថានភាពអាក្រក់របស់ពួកគេផងដែរ។ សម្ដេចប៉ាបបានមានព្រះបន្ទូលថា៖
«ពួកបុរស និងស្ត្រី ព្រមទាំងកុមារវ័យក្មេង Yazidi ត្រូវបាននាំខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយយកទៅលក់ជាទាសករ ដែលត្រូវរងគ្រោះដោយសារអំពើហិង្សា។ យើងត្រូវមានសង្ឃឹមសម្រាប់ពេលអនាគត។ ក៏ប៉ុន្តែ រហូតមកដល់ពេលសព្វថ្ងៃនេះនៅតែមានមនុស្សនៅជាប់ឃុំឃាំង មានមនុស្សដែលមិនអាចវិលត្រឡប់ទៅប្រទេសពួកគេវិញបាន។ យើងសូមបួងសួងឱ្យមានសេរីភាពខាងការគិត ខាងផ្លូវចិត្ត និងសេរីភាពខាងសាសនា ដែលត្រូវបានគេគោរពនៅគ្រប់ទីកន្លែងទាំងអស់»។
សម្តេចប៉ាប Francis បានស្វះស្វែងគាំទ្រក្រុមគ្រិស្តសាសនិកក្នុងប្រទេសអ៊ីរ៉ាក់ដែលបានចុះថយពីចំនួន ១ លាន ៥ សែននាក់កាលពីឆ្នាំ២០០៣ មកនៅត្រឹម ៣ សែននាក់នៅក្នុងប្រទេសនេះ ដែលប្រជាជនច្រើនបំផុតកាន់សាសនាឥស្លាមនិកាយ Shiite។ ព្រះអង្គបានអំពាវនាវដល់ពួកមេដឹកនាំប្រទេសនេះឱ្យការពារសិទ្ធិក្រុមជនភាគតិចទាំងអស់។
នៅក្នុងព្រះរាជសុន្ទរកថារបស់ព្រះអង្គ សម្តេចប៉ាបបានសរសើរដល់ពួកអ្នកស្ម័គ្រចិត្តកាន់សាសនាឥស្លាមវ័យក្មេងនៃក្រុង Mosul ដែលបានជួយជួសជុលព្រះវិហារគ្រិស្តសាសនាដោយកសាងមិត្តភាពនៅលើគំនរកម្ទេចកម្ទីនៃភាពស្អប់ខ្ពើម ដល់ពួកអ្នកកាន់គ្រិស្តសាសនា និងក្រុមអ្នកគោរពសាសនាឥស្លាមទាំងនោះដែលនៅថ្ងៃនេះបានកសាងឡើងវិញនូវព្រះវិហារឥស្លាម និងព្រះវិហារគ្រិស្តសាសនាជាមួយគ្នា។
ព្រះអង្គបានហៅ«ការប្រមាថសាសនាខ្លាំងបំផុត»គឺសកម្មភាពនៃ«ការស្អប់ខ្ពើមបងប្អូនប្រុសស្រីរបស់យើង»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ