មនុស្សច្រើននាក់បានអបអរសាទរទទួលសម្តេចប៉ាប Francis នៅក្នុងប្រទេសអ៊ូហ្គង់ដា (Uganda) កាលពីថ្ងៃសោរ៍នៅពេលព្រះអង្គប្រារព្ធពិធីសូត្រធម៌មហាជនលើកទីមួយរបស់ព្រះអង្គនៅក្នុងប្រទេសនេះដែលជាប្រទេសទីពីរនៃព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅក្នុងទ្វីបអាហ្វ្រិក។
ពិធីសូត្រធម៌មហាជននេះបានប្រព្រឹត្តទៅនៅក្នុងទីសក្ការបូជាមួយនៅទីវាលនៅក្នុងក្រុង Namugongo ដែលផ្តល់កិត្តិយសជូនទុក្ករបុគ្គល៤៥នាក់ដែលត្រូវបានដុតទាំងរស់រហូតដល់ស្លាប់ដោយស្តេចម្នាក់កាលពីចុងទសវត្សរ៍ឆ្នាំ១៨០០ ដោយសារពួកគេបានប្រកែកមិនព្រមបោះបង់ចោលជំនឿសាសនារបស់ពួកគេ។
សម្តេចប៉ាប Francis បានសុំដល់ប្រជារាស្ត្រអ៊ូហ្គង់ដា Ouganda ឱ្យផ្តល់កិត្តិយសដល់ពលិកម្មរបស់ក្រុមទុក្ករជនទាំងនេះដោយជួយថែរក្សាមនុស្សចាស់ ជនក្រីក្រ និងក្រុមជនដែលត្រូវបានគេបោះបង់ចោល។
សម្តេចប៉ាបបានមានព្រះបន្ទូលថា «កេរ្តិ៍ដំណែលនេះមិនត្រូវបានបម្រើដោយការរំឭកយូរៗម្តង ឬដោយបានត្រូវចារឹកនៅក្នុងសារមន្ទីរមួយថាជាគ្រឿងអលង្កាមានតម្លៃមួយទេ។ ក៏ប៉ុន្តែយើងផ្តល់កិត្តិយសជូនជនទាំងនេះ និងពួកសន្តៈទាំងអស់នៅពេលយើងនាំយកសាក្សីរបស់ពួកគេទៅថ្វាយព្រះយេស៊ូ នៅក្នុងផ្ទះនិងសង្កាត់របស់យើង នៅក្នុងកន្លែងធ្វើការរបស់យើង និងសង្គមស៊ីវិលទោះណាជាយើងមិនបានចាកចេញពីផ្ទះយើង ឬទៅកាន់ទីឆ្ងាយបំផុតនៃពិភពលោកក៏ដោយ»។
នេះជាមេរៀនមួយដែលនាង Iris Babiirye និយាយថានាងនឹងចងចាំ «ពីព្រោះខ្ញុំនឹងវិលត្រឡប់ទៅបង្រៀន និងផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអាទិទេព»៕