សម្តេច​ប៉ាប​ Francis បានយាង​​ទៅ​ដល់​សហរដ្ឋ​អាមេរិក

Japanese honor guard members prepare for inspection by Indian Defense Minister Arun Jaitley at the Defense Ministry in Tokyo.

នៅ​ក្រោម​មេឃ​ស្រទុំ​ សម្តេច​ប៉ាប​ Francis បាន​យាង​មក​ដល់​មូលដ្ឋាន​កងទ័ព​អាកាស​ Andrews ក្នុង​រដ្ឋ Maryland កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ដើម្បី​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទី​មួយ​របស់​ព្រះអង្គ​ក្នុង​ស.រ.អា។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​អ៊ីតាលី​ Alitalia ដែល​សម្តេច​ប៉ាប​គង់​ក្នុង​នោះ​បាន​ចុះ​ដល់​ដី​នៅ​ម៉ោង៣​ និង​៤៩រសៀល​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​អាកាស​នេះ​ដែល​ឋិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា លោកស្រី​ Michelle Obama ជា​ភរិយា​លោក​ និង​កូនស្រី​ទាំង​ពីរ​នាក់​របស់​លោក​ ព្រម​ទាំង​ក្រុម​មន្ត្រី​អាមេរិកាំង​ឯ​ទៀតៗ​បាន​រង់ចាំ​ទទួល​ព្រះអង្គ​នៅ​អាកាសយានដ្ឋាន​នោះ។

ក្រុម​បព្វជិត​ដែល​មាន​សម្លៀកបំពាក់​តាម​ប្រពៃណី​សាសនា​កាតូលិក​ក៏​បាន​ទៅ​ទទួល​ព្រះអង្គ​ដែរ។ ​មាន​មនុស្ស​រាប់រយ​នាក់​បាន​ទៅ​អបអរសាទរ​ទទួល​ព្រះ​អង្គនៅ​ជិត​កន្លែង​យន្តហោះ​ចុះ​ចត។

ក្រុម​អ្នក​អបអរ​សាទរ​ទទួល​ព្រះអង្គ​បាន​ស្រែក​បន្ទរ​ថា «សម្តេច​ប៉ាប​ Francis! សម្តេច​ប៉ាប​ Francis!»

ក្រុង​វ៉ាស៊ីនតោន​ជា​កន្លែង​ឈប់​សំចត​ទី​មួយ​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​៦ថ្ងៃ​បស់​ព្រះអង្គ​ក្នុង​ក្រុង​បី​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ស.រ.អា.គឺ ក្រុង​វ៉ាស៊ីនតោន ក្រុង​ញូវយ៉ក និង​ក្រុង Philadelphia។ នឹង​មាន​ការ​ប្រជុំ​មហា​គ្រួសារ​ពិភពលោក​នៅ​កន្លែង​ឈប់​សំចត​ចុងក្រោយ​បង្អស់​របស់​ព្រះអង្គ​នៅ​ចុង​សប្តាហ៍​នេះ៕