សម្តេចប៉ាប Francis បានអំពាវនាវឲ្យមានការឯកភាពខាងសាសនានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងសុន្ទរកថាមួយនៅក្នុងរដ្ឋធានីនៃប្រទេសនោះដែលមិនបាននិយាយចំៗពីស្ថានភាពដ៏លំបាករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទេ។
ព្រះអង្គបានប្រាប់ពួកអ្នកការទូត និងសមាជិកអង្គការសង្គមស៊ីវិលកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងរដ្ឋធានីណៃពិដោថា «ការខ្វែងគំនិតគ្នាខាងសាសនាមិនមែនជាប្រភពនៃការបែកបាក់ និងការមិនទុកចិត្តគ្នាទេ ក៏ប៉ុន្តែ ជាកម្លាំងមួយសម្រាប់ការឯកភាព ការអត់ឱន ការអនុគ្រោះហើយនឹងសម្រាប់ការស្ថាបនាប្រទេសដ៏ឆ្លាតវាងវៃមួយ»។
ព្រះអង្គបានបន្ទូលបន្ថែមទៀតថា «អនាគតនៃប្រទេសមីយ៉ាន់ម៉ាត្រូវតែមានសន្តិភាព សន្តិភាពដែលផ្អែកលើការគោរពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរហើយនឹងសិទ្ធិរបស់សមាជិកម្នាក់ៗនៅក្នុងសង្គម គោរពក្រុមជនជាតិភាគតិចនិងអត្តសញ្ញាណរបស់ពួកគេ គោរពនីតិរដ្ឋ ហើយនឹងគោរពសណ្តាប់ធ្លាប់តាមបែបប្រជាធិបតេយ្យដែលជួយធ្វើឲ្យបុគ្គលនីមួយៗ និងក្រុមជនជាតិទាំងអស់ផ្តល់នូវការរួមវិភាគទានត្រឹមត្រូវតាមច្បាប់ដល់បុព្វហេតុរួម»។
ព្រះអង្គមានបន្ទូលបន្ថែមទៀតថា «សាសនាអាចដើរតួនាទីដ៏សំខាន់នៅក្នុងនៅក្នុងការព្យាបាលរបួសខាងស្មារតី ចិត្តសាស្ត្ររបស់អ្នកដែលទទួលរងគ្រោះនៅក្នុងជម្លោះអស់រយៈពេលជាច្រើនឆ្នាំ។ ដោយផ្អែកលើគុណតម្លៃដែលចាក់ឬសដ៏ជ្រាលជ្រៅ ពួកគេអាចជួយកម្ចាត់ឬសគល់នៃជម្លោះនេះ ស្ថាបនាស្ពានសម្រាប់ការសន្ទនា ស្វះស្វែងរកយុត្តិធម៌សម្រាប់អ្នកដែលទទួលរងគ្រោះនេះ»៕