សម្តេច​ប៉ាប​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​សម្រាប់​ក្រុង​ហ្ស៊េរុយសាឡិម

សម្តេច​ប៉ាប Francis បក់​ដៃ​ដាក់​មនុស្ស​ម្នា​ក្នុង​សុន្ទរកថា Urbi et Orbi នៅ​ថ្ងៃ​បុណ្យ​ណូអែល នៅ​ព្រះវិហារ St. Peter's Basilica នៃ​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៧។

សម្តេច​ប៉ាប Francis បាន​ប្រើប្រាស់​ព្រះ​រាជសារតាម​ប្រពៃណី​ក្នុង​ពិធី​បុណ្យណូអែល​របស់​ព្រះអង្គ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​រដ្ឋ​ពីរ​តាម​រយៈកិច្ច​ចរចាគ្នា​ដល់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដើម្បី​ជួយ​នាំ​ឱ្យមាន​សន្តិភាព​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា។​

សម្តេច​ប៉ាប​បាន​មាន​ព្រះរាជ​បន្ទូល​នៅ​ក្នុង​ព្រះរាជ​សុន្ទរកថា​ព្រះអង្គ​មាន​ចំណង​ជើង​ថា «Urbi et Orbi» ប្រែថា «ទៅ​ដល់ទី​ក្រុង​និង​ពិភពលោក» ពី​រាន​ហាល​កណ្តាល​នៃ​ព្រះវិហារ St. Peter's Basilica ថា​ ក្រុម​កុមារ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ានៅ​តែ​រង​ទុក្ខវេទនា​តទៅ​ទៀត​ដោយសារ «ភាព​តានតឹង​កើន​ខ្លាំង​ឡើងៗ​រវាង​ជន​ជាតិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន»។

ព្រះ​អង្គ​បាន​សម្តែង​សេចក្តី​សង្ឃឹម​របស់​ព្រះអង្គ​ដល់​ក្រុម​អ្នក​គោរព​សាសនា​គ្រិស្ត​និកាយ​កាតូលិក​នៅ​ឯវិមាន​វ៉ាទីកង់​ថា​ «ឆន្ទៈ​ក្នុង​ការ​ធ្វើ​កិច្ច​ចរចាគ្នា​ជា​ថ្មី​ឡើងវិញ​ប្រហែល​អាច​មាន​បាន​រវាង​ភាគី​នានា​ហើយ​ថា​ដំណោះស្រាយ​មួយ​តាម​រយៈការ​ចរចាគ្នា​អាច​សម្រេច​បាន​នៅ​ទី​បញ្ចប់ គឺការ​ដោះ​ស្រាយ​មួយ​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​នៃ​រដ្ឋ​ពីរ»។

នេះ​ជា​លើកទី​ពីរ​ហើយ​ដែល​សម្តេច​ប៉ាប​បាន​មាន​ព្រះរាជ​បន្ទូល​អំពី​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចាប់តាំង​ពី​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​សម្រេច​ចិត្ត​កាល​ពី​ពេល​មុន​ក្នុង​ខែ​នេះ ទទួល​ស្គាល់​ក្រុង Jerusalem ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល។ ​កាលពី​ពេល​មុន​នេះ សម្តេច​ប៉ាប​បានអំពាវនាវ​ឱ្យ​មាន​ការគោរព​ដល់ «ឋានៈ​ដូច​ដើម​ដដែល» នៃ​ក្រុង Jerusalem ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ភាព​តានតឹង​ថ្មីៗ​ទៀត​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា៕