ការបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីបមានរយៈចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានធ្វើឲ្យស.រ.អា.ជំរុញឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងផងនិងក្រុមហ៊ុនបរទេសផង ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា បានផ្តល់ការសង្គ្រោះផ្នែកសេដ្ឋកិច្ចដល់កូរ៉េខាងជើង។
លោកគ្រីស វែន ហូឡែន (Chris Van Hollen) សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋម៉ារីឡែន មានប្រសាសន៍ថា៖
«យើងមានបំណងប្រាប់ជម្រើសច្បាស់លាស់មួយដល់ក្រុមហ៊ុនទាំងនេះថា គេអាចធ្វើជំនួញជាមួយយើង ឬគេអាចធ្វើជំនួញជាមួយប្រទេសកូរ៉េខាងជើង។ តែគេមិនអាចធ្វើជំនួញជាមួយយើងផង និងកូរ៉េខាងជើងផងនោះទេ»។
របៀបនៃការដាក់ទណ្ឌកម្មអន្តរជាតិខ្លះដែលត្រូវអនុវត្តដាច់ឡែកពីគ្នាដោយអ.ស.ប.ដោយស.រ.អា. និងដោយសហភាពអឺរ៉ុបនោះ បានធ្វើឲ្យទណ្ឌកម្មទាំងនោះមានប្រសិទ្ធភាពតិចតួចប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ នេះបើតាមអំណះអំណាងនៃរបាយការណ៍ដែលតាក់តែងដោយអ្នកនិពន្ធ អេម៊ីល ដាល់ (Emil Dall)។
លោកអេម៊ីល ដាល់នៃវិទ្យាស្ថាន Royal United Services បានថ្លែងថា៖
«របៀបដាក់ទណ្ឌកម្មគឺផ្អែកលើប្រព័ន្ធស្មុគស្មាញរបស់ក្រុមហ៊ុននាំមុខនៅក្រៅប្រទេស ក្រុមហ៊ុនឆក់ឳកាសនានា ហើយនឹងភ្នាក់ងារដែលធ្វើសកម្មភាពក្នុងនាមរបបកូរ៉េខាងជើង។ និយាយជាសាមញ្ញគឺអ្នកមិនស្ថិតក្រោមបញ្ជីទណ្ឌកម្ម»។
លោកដាល់ បានកត់សម្គាល់អំពីឧទាហរណ៍ខ្លះនៃការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាព កាលពីពេលថ្មីៗ។
វាបានកើតឡើងរយៈពេល២ឆ្នាំមកហើយ ចាប់តាំងពីប្រទេសមហាអំណាចធំៗទាំង៥ ហៅថា P5 បូក១គឺមានស.រ.អា. ចិន បារាំង រុស្ស៉ី អង់គ្លេស បូកអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងលើផែនការសកម្មភាពពិស្តារួមមួយជាមួយអឺរ៉ុង់។ កិច្ចព្រមព្រៀងនោះបានធ្វើឲ្យការដាក់ទណ្ឌកម្មរបស់ស.រ.អា.និងអឺរ៉ុបមួយចំនួនត្រូវបានលើកចេញ ជាថ្នូរនឹងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេអឺរ៉ង់។
ស.រ.អា.និង សហភាពអឺរ៉ុបបានអនុវត្តនការដាក់ទណ្ឌកម្មស្រដៀងគ្នាដែរប្រឆាំងនឹងមន្ត្រីរុស្ស៉ីខ្លះ ហើយនឹងក្រុមហ៊ុនមួយចំនួន បន្ទាប់ពីមានការចូលទន្ទ្រានកាន់កាប់ដោយកងទ័ពរុស្ស៉ីក្នុងដែនដីគ្រីមៀ (Crimea) ហើយនឹងការចូលឈ្លានពានដែនដីអ៊ុយក្រែនភាគខាងកើត។
ប៉ុន្តែឥរិយាបទនៃសហភាពអឺរ៉ុបធ្វើឲ្យគោលដៅនៃការដាក់ទណ្ឌកម្មនានា អាចគេចចេញពីទណ្ឌកម្មបានជារឿយៗ។
លោកអេម៊ីល ដាល់នៃវិទ្យាស្ថាន Royal United Services បានថ្លែងថា៖
«លោកអ្នកមានការគាំទ្រពីរដ្ឋទាំងអស់ដែលព្រមព្រៀងជាឯកច្ឆន្ទដើម្បីដាក់ទណ្ឌកម្មថ្មី។ តែក្នុងសហភាពអឺរ៉ុប គឺមានការរំពឹងទុកថា មានការតវ៉ាផ្លូវច្បាប់ក្នុងតុលាការសហភាពអឺរ៉ុបផងដែរ»។
វិធានការដាក់ទណ្ឌកម្មរបស់ស.រ.អា.អាចមានការបត់បែន ងាយជាងនៅពេលដែលរដ្ឋកុម្មុយនិស្ត ដែលបង្កគ្រោះថ្នាក់ ព្យាយាមគេចចេញពីវិធានការទណ្ឌកម្ម។
លោកអេម៊ីល ដាល់នៃវិទ្យាស្ថាន Royal United Services បានថ្លែងថា៖
«ទណ្ឌកម្មស.រ.អា.មានលទ្ធភាពអាចកែប្រែបានលឿនជាងក្នុងការរៀបចំវិធានការថ្មី និងដាក់បែបបទថ្មី ដែលផ្ទុយពីវិធានការទាំងនោះ។ ដំណោះស្រាយគឺការប្រាស្រ័យទាក់ទងឲ្យបានជិតដិតរវាងភាគីទាំងពីរគឺស.រ.អា.និងសហភាពអឺរ៉ុបប្រឆាំងរបបដែលប្រឈមនឹងរងទណ្ឌកម្ម ហើយនឹងការប្រាស្រ័យទាក់ទងជិតដិតជាមួយវិស័យឯកជនផងដែរ»។
ការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបធ្វើឲ្យមានរឿងស្មុគស្មាញច្រើន។ របាយការណ៍ដដែលបាននិយាយថា រដ្ឋាភិបាលក្រុងឡុងនឹងមានលទ្ធភាពដំណើរការលឿនជាងមុនក្នុងការដាក់ទណ្ឌកម្មនិងសម្រមសម្រូលទណ្ឌកម្មនានា ខាងក្រៅសហភាពអឺរ៉ុប។ តែវិធានការនានានឹងមានប្រសិទ្ធភាពតិចជាង នៅពេលគ្មានការជួយពង្រឹងពីសហភាពអឺរ៉ុប៕
ប្រែសម្រួលដោយ សុខ ខេមរា