រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ពលរដ្ឋ​វ៉េណេស៊ុយអេឡា​មិន​អាច​ទ្រាំទ្រ​នឹង​របប​ដឹកនាំ​របស់​លោក Maduro បាន​ទៀត​ទេ

លោក​រដ្ឋមន្ត្រី Mike Pompeo ស្វាគមន៍​គ្រួសារ​អន្តោប្រវេសន៍​វ៉េណេស៊ុយអេឡា​ដែល​កំពុង​ស្នាក់នៅ​ជំរំ​អន្តោប្រវេសន៍​ នៅ​ក្បែរ​ក្រុង Cucuta ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា លោក​គិត​ថា ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​នឹង​មិន​អាច​ទ្រាំទ្រ​បាន​ទៀត​ទេ​ជាមួយ​នឹង​របប​ដឹកនាំ​របស់​លោក Nicolas Maduro។

លោក Pompeo បាន​បញ្ជាក់​ប្រាប់​កាសែត El Comercio របស់​ប្រទេស​ប៉េរូ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ការ​បំផ្លិចបំផ្លាញ​ដែល​ធ្វើ​ឡើង​ដោយ​លោក Nicolas Maduro សោកនាដកម្ម​នៃ​ស្ថានភាព​មនុស្ស​ធម៌​ដែល​បង្ក​ឡើង​ដោយ​លោក Maduro តែ​ម្នាក់​ឯង​គត់ ដែល​ធ្វើ​ឲ្យ​ប្រទេស​គុយបា និង​រុស្ស៊ី​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នេះ គឺ​ជា​អ្វី​ដែល​កំពុង​បំផ្លាញ​ដល់​ជីវិត​របស់​យុវជន​វ៉េណេស៊ុយអេឡា»។

លោក Pompeo បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឈីលី ប៉ារ៉ាហ្គាយ ប៉េរូ និង​កូឡុំប៊ី នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។ ភាព​ចលាចល​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​គឺ​ជា​ក្ដី​បារម្ភ​ចម្បង​មួយ​នៅ​ក្នុង​ការ​ពិភាក្សា​របស់​លោក​នៅ​ក្នុង​ប្រទេស​ទាំង ៤ នេះ។

លោក Pompeo និយាយ​ដូច្នេះ​ថា៖ «នេះ​មិន​មែន​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ឬ​ក៏​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ទេ។ នេះ​គឺ​ជា​ការ​បំផ្លិចបំផ្លាញ​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​គុយបា ដោយ​ប្រទេស​រុស្ស៊ី និង​ដោយ​លោក Maduro នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ...។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ករណី​នេះ​នឹង​ឈាន​ដល់​ទី​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

ជា​ថ្មី​ម្ដង​ទៀត លោក Pompeo បាន​បញ្ជាក់​ថា ជម្រើស​ទាំង​អស់​គឺ​អាច​ទៅ​រួច​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ ប៉ុន្តែ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​តើ​នឹង​ត្រូវ​ប្រើ​ជម្រើស​យោធា​នៅ​ក្នុង​ស្ថានការណ៍​ណា​នោះ៕