រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានអំពាវនាវនៅថ្ងៃអង្គារ ឲ្យសម្ព័ន្ធមិត្តអូតង់ ឬ (NATO) ក្រិកនិងតួកគី បន្តការពិភាក្សាគ្នាឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយជម្លោះដែនទឹក ដែលកំពុងតែមានការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងនោះ។
ប្រទេសទាំងពីរដែលមិនចុះសម្រុងគ្នាលើបញ្ហាជាច្រើននោះ បានឯកភាពគ្នាថា នឹងរកវិធីចរចាគ្នា អំពីតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដែលនាវាចម្បាំងនៃប្រទេសទាំងពីរ បានប្រឈមមុខដាក់គ្នាកាលពីខែមុន។
ប្រទេសតួកគីបានបញ្ជូននាវាស្រាវជ្រាវមួយគ្រឿង ដែលអមដោយនាវាចម្បាំងមួយចំនួនផងនោះ ទៅស្វែងរកប្រេងនិងឧស្ម័ន ដើម្បីឃួងយកនៅក្នុងតំបន់សមុទ្រ ដែលប្រទេសក្រិកអះអាងថា ជាដែនទឹកនិងជាសិទ្ធិគ្រប់គ្រងផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។
ជាការឆ្លើយតបវិញ ប្រទេសក្រិកបានបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ និងបានដាក់កងទ័ពរបស់ខ្លួនឲ្យស្ថិតក្នុងការប្រុងជើងការ ដែលប្រការនេះធ្វើឲ្យមានការបារម្ភពីការកើតជម្លោះរវាងប្រទេសទាំងពីរ។
ក្រោយមកតួកគីបានដកនាវារបស់ខ្លួនចេញវិញ ដោយនិយាយថា កាយវិការនេះអាចជួយត្រួសត្រាយផ្លូវឲ្យមានការចរចាបន្ថែមទៀត នៅមុនកិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃ របស់សហភាពអឺរ៉ុប ដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ១ ខែតុលានេះ។
សមាជិកសហភាពអឺរ៉ុប នឹងពិភាក្សារឿងជម្លោះដែនទឹករបស់ប្រទេសទាំងពីរ ហើយក៏នឹងពិភាក្សាគ្នាអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មប្រឆាំងតួកគីផងដែរ ដែលជាការទាមទាររបស់ប្រទេសស៊ីប (Cyprus) ក្រិកនិងប្រទេសបារាំងនោះ៕