លោក Pompeo ថា លោក ត្រាំ នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ​ប្រសិន​បើ​មិន​កែប្រែ​ទេ​នោះ

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប៊ី​សាអូឌីត Adel al-Jubeir នៅ​ព្រលាន​យន្តហោះ King Khaled នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត។

លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មាន​ផែនការ​នឹង​លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ខែ​ក្រោយ​នេះ លើកលែង​តែ​កិច្ចព្រមព្រៀង​នេះ​កែប្រែ​ទៅ​តាម​ការ​ចង់​បាន​របស់​អាមេរិក។ ​

លោក Pompeo ដែល​កំពុង​តែ​ស្ថិត​នៅ​មជ្ឈិមបូព៌ា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ក្នុង​នាម​ជា​មន្ត្រី​ការទូត​កំពូល​របស់​អាមេរិក បាន​មាន​ប្រសាសន៍​ថា«លោក​ប្រធានាធិបតី​អាមេរិក ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​នេះ​មាន​ចំណុច​ខ្វះខាត​ច្រើន​ណាស់។ លោក​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក​ព្យាយាម​កែប្រែ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​កែប្រែ​បាន​ទេ​នោះ នោះ​លោក​នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។ វា​ច្បាស់​ខ្លាំង​ណាស់។‍»

ថ្លែង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក Pompeo បាន​និយាយ​ថា «មិន​ដូច​រដ្ឋបាល​មុន​នោះ​ទេ លោក​ប្រធានាធិបតី ត្រាំ មាន​ផែនការ​លម្អិត​មួយ​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាមគំហែង​នានា​ពី​រដ្ឋាភិបាល​ក្រុង តេហេរ៉ង់‍»។

ក្នុង​ដំណើរ​ទស្សនកិច្ច​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល លោក Pompeo បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​បាន​និយាយ​សង្ខេប​ទៅ​កាន់​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង Riyadh ហើយ ចំពោះ​កិច្ចប្រជុំ​របស់​អាមេរិក​ជាមួយ​នឹង​មន្ត្រី​អឺរ៉ុប ស្តីអំពី​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​បញ្ចប់​ការ​ធ្វើ​តេស្ត​កាំជ្រួច​មីស៊ីល​របស់​ប្រទេស​អ៊ីរ៉ង់ និង​ការ​បំបាត់​កុំ​ឲ្យ​មាន​វត្តមាន​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ តេហេរ៉ង់ នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី យេម៉ែន និង​កន្លែង​ផ្សេង​ទៀត​នៅ​មជ្ឈិមបូព៌ា​នេះ។ លោក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​និង​អារ៉ាប់ប៊ីសាអូឌីត​មាន​ឧបសគ្គ​រួម​គ្នា​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​ថា នៅ​តែ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​កែប្រែ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ឬ​ក៏​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​នោះ​‍។ ​

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា ខ្លួន​មិនមាន​គោលបំណង​កែប្រែ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​យល់​ស្រប​ជាមួយ​នឹង​អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អាមេរិក​នោះ​ទេ ហើយ​ក៏​មិន​ព្រម​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​មួយ​នោះ​ដែរ៕