រដ្ឋ​មន្រ្តីការ​បរទេស​ស.រ.អា៖ ប្រធានាធិបតី​ត្រាំ​ផ្អាក​ការ​ចរចា​ជាមួយ​តាលីបង់​ជា​ការ ត្រឹមត្រូវ​

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​ទៅ​កាន់សារព័ត៌មាន នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​ប្រធានាធិបតី​ដូណាល់ ​ត្រាំ បាន​ធ្វើ​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​ដើម្បី​បញ្ឈប់​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​មេដឹកនាំ​ក្រុម​តាលីបង់​នៅឯ​កន្លែង​ឈប់​សម្រាក​លំហែកាយ​របស់​ប្រធានាធិបតី ពីព្រោះ​តែ​ការ​វាយ​ប្រហារ​បន្ត​ធ្វើ​ឡើង​របស់​ក្រុម​ភេរវកម្ម​នោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo ប្រាប់​ទូរទស្សន៍​ខ្សែកាប CNNថា «យើង ​ចាំបាច់​មើល​ឃើញ​ពួកគេ​អនុវត្ត​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មុន​ពេល​ពួកគេ​ទទួល​បាន​រង្វាន់​ដោយ​ជួប​ជាមួយ​ប្រធានាធិបតី​ត្រាំ»។ លោក​រដ្ឋ​មន្រ្តីការ​បរទេស​ Pompeo ​មិន​បាន​ធ្វើ​ការ​តាំង​ចិត្ត​ថា​តើ​ឬ​នៅ​ពេល​ណា​ការ​ចរចា​សន្តិភាព​នោះ​នឹង​បន្ត​ទៀត​ទេ។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​និយាយ​ទៀត​ថា ជំនួប​ដែល​បាន​គ្រោង​ទុក​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​ប្រធានាធិបតី​ត្រាំ​នៅ​ឯ​កន្លែង​លំហែកាយ​របស់​ប្រធានាធិបតី Camp David នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​មេដឹកនាំ​ក្រុម​តាលីបង់​និង​លោក Ashraf Ghani ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​ចរចា​ដាច់​ដោយឡែក​ពី​គ្នា បាន​ត្រូវ​គេ​ជឿ​ជាក់​ថា ​ការ​ចរចា​ទាំង​នោះ ​អាច​ផ្តល់​ផល​ប្រយោជន៍​ជាតិ​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់​ការ​ទាក់​ទិន​របស់​អាមេរិក​ចំនួន​១៨​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ពួក​អ្នក​ចរចា​ខាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​បាន​ធ្វើ​ការចរចា​សន្តិភាព​ជិតមួយ​ឆ្នាំ។ លោក Zalmay Khalilzad ប្រធាន​ចរចា​ខាង​សហរដ្ឋ​អាមេរិក ​កាល​ពី​សប្តាហ៍​មុន ​បាន​និយាយថា ​ក្រុម​ចរចា​របស់​លោក ​បាន​ធ្វើ​ពង្រាង​កិច្ចព្រមព្រៀង ​ប្រសិន​បើ ​ទទួល​បាន​យល់​ព្រម​ពី​ប្រធានាធិបតី​ត្រាំ ​នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេ​រិក​៥ពាន់​នាក់​ចាក​ចេញ​ពី​មូលដ្ឋាន​យោ​ធា​៥​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​១៣៥ថ្ងៃ៕