លោក ​Pompeo ​ថ្លែង​​ថា​ស.រ.អា.​នឹង​មិន​អនុញ្ញាត​ឱ្យ​រុស្ស៊ី​សួរ​ចម្លើយ​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​ស.រ.អា.​ទេ

រូបឯកសារ៖ លោក Michael McFaul អតីត​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ Mike Pompeo ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា​ ស.រ.អា.​គ្មាន​បំណងអនុញ្ញាត​ឱ្យ​រុស្ស៊ី​សាកសួរ​ចម្លើយ​លោក ​Michael McFaul ​អតីត​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ប្រចាំ​ក្រុង​មូស្គូ​ និង​ជា​អ្នក​រិះ​គន់​ខ្លាំង​ក្លា​ដល់​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ​ទេ។

អ្នក​ការទូត​ស.រ.អា.​កំពូល​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​នៅ​ឯក្រសួង​ការបរទេស​ស.រ.អា.​ថា «ការ​សាកសួរ​ចម្លើយ​នេះ​នឹង​មិន​កើត​មាន​ឡើយ»។

លោក ​Pompeo ​បាន​មាន​ប្រសាសន៍​ថា​ លោក Putin «បានធ្វើ​សំណើ​មួយ​អំពី​ការណ៍​មួយ​ចំនួន​នៅ​ក្នុង​ការ​សន្ទនា​គ្នា»​ ដែល​លោក​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ជំនួប​កំពូល​របស់​លោក​ក្នុង​ក្រុង​ហែលស៊ិនគី​ ជាមួយ​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ។

លោក Pompeo ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា៖ «មាន​ការ​ស្នើ, អត្ថាធិប្បាយ, ការ​គិត​ពិចារណា​ដោយ​ប្រធានាធិបតី Putin ​ស្តី​ពី​ការ​ស៊ើប​អង្កេត​នេះ។​ប្រធានាធិបតី​ ត្រាំ​ បាន​និយាយ​ច្បាស់​លាស់​ថា​ យើង​នឹង​មិន​បង្ខំ​ជន​ជាតិ​អាមេរិកាំង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ឱ្យ​ពួក​រុស្ស៊ី​សាក​សួរ​ចម្លើយ​ទេ»។

លោក ​Putin បានស្នើ​អនុញ្ញាត​ឱ្យ​ពួក​អ្នក​ស៊ើប​អង្កេត​របស់​លោក​ស្មាក្តី​ពិសេស Robert Mueller ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មូស្គូ​ដើម្បី​សម្ភាស​ពួក​មន្ត្រី​ខាង​ស៊ើប​ការណ៍​សម្ងាត់​រុស្ស៊ី​ ១២​នាក់​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ការ​លប​លួច​ចូល​ទៅ​ក្នុង​បណ្តាញ​កុំព្យូទ័រ​ របស់​ពួក​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ការ​យក​ជ័យ​ជម្នះ​លើ​លោក ត្រាំ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​ ជា​ថ្នូរ​នឹង​ការ​បើក​ឱ្យ​ពួក​មន្ត្រី​រុស្សី​សម្ភាស​លោក ​McFaul; ​លោក​ Bill Browder អ្នក​ជំនួញ​អង់គ្លេស​មាន​ដើម​កំណើត​អាមេរិកាំង​ដែល​បាន​ធ្វើ​ការ​ឱ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នៅ​ក្នុង​ស.រ.អា.និង​កន្លែង​ឯ​ទៀតៗ​ដើម្បី​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ដោយ​សារ​ការ​រំលោភលើ​សិទ្ធិ​មនុស្ស៕