រដ្ឋមន្ត្រី​ការបរទេស​អាមេរិកនឹង​ជួប​​រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិកដើម្បី​ពិភាក្សា​អំពី​បញ្ហា​អន្តោប្រវេសន៍និង​ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ចូលរួម​ក្នុងសន្និសីទសារព័ត៌មាន​មួយ នៅ​ប្រទេស​អាហ្សង់ទីន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ចំណាក​ស្រុក និង​ពាណិជ្ជកម្ម ស្រប​ពេល​ដែល​មាន​ភាន​តានតឹង​កើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ នៅ​មុន​ពេល​ចូល​មក​ដល់​នៃ​កាល​បរិច្ឆេទ​ផុត​កំណត់​នៃ​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​លុប​ចោល​ការ​គំរាម​កំហែង​អំពី​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​ម៉ិកស៊ិក។

នៅ​ក្រោម​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​មិថុនា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ប្រទេស​ម៉ិកស៊ិក​បាន​សន្យា​ថា​នឹង​រារាំង​លំហូរ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ពី​ទ្វីប​អាមេរិក​កណ្ដាល​ឲ្យ​បាន​នៅ​ត្រឹម​ថ្ងៃ​ទី ២២ ខែ​កក្កដា ដើម្បី​ជៀសវាង​មិន​ឲ្យ​សហរដ្ឋ​អាមេរិក​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​ខ្លួន។

ការ​ជួប​ពិភាក្សា​រវាង​លោក Pompeo និង​លោក Ebrard ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ១០ កន្លះ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ទីក្រុង Mexico City បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​រយៈពេល ៤៥ ថ្ងៃ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ផុត​កំណត់ និង​ស្រប​ពេល​ដែល​សមាជិក​សភា​អាមេរិកាំង​ដេញដោល​គ្នា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​មួយ​ដើម្បី​ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង ដែល​ហៅ​កាត់​ថា NAFTA។

ប្រសិនបើ​សហរដ្ឋ​អាមេរិក​គិត​ថា ប្រទេស​ម៉ិកស៊ិក​មិន​បាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​រារាំង​ជន​ចំណាក​ស្រុក​ទេ ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ផ្លាស់ប្ដូរ​ក្បួន​ច្បាប់​ដើម្បី​ឲ្យ​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ភាគ​ច្រើន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក មិន​មែន​ក្នុង​សហរដ្ឋ​អាមេរិក​ទេ៕