លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ត្រូវគេរំពឹងនឹងពិភាក្សាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី រួមមានជំនួបរបស់ប្រធានាធិបតី ដូណាល់ ត្រាំកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅពេលដែលលោកផ្តល់សក្ខីកម្មនៅថ្ងៃនេះនៅមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា។
មុនពេលសម័យប្រជុំ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo កាលពីថ្ងៃអង្គារបានការពារការចរចានៅក្នុងទីក្រុង Helsinki ថាជាការសំខាន់ដែលអាចទុកចិត្តបានហើយបាននិយាយទៀតថា លោកគិតថា ពិភពលោកនឹងបានទទួលអត្ថប្រយោជន៍ពីការចរចានេះ។
នៅក្នុងសន្និសីទកំពូល ប្រធានាធិបតីត្រាំបានគាំទ្រការបដិសេធរបស់ប្រធានាធិតីរុស្ស៊ី Putin ថា រុស្ស៊ីមិនបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០១៦ទេហើយបានប្រៀបធៀបសេចក្តីថ្លែងការណ៍របស់លោក Putin ជាមួយការរកឃើញរបស់ទីភ្នាក់ងារស៊ើបការណ៍របស់សហរដ្ឋអាមេរិកថា រុស្ស៊ីបានជ្រៀតជ្រែក។ លោក Putin បាននិយាយនៅក្នុងសន្និសីទកាសែតថា លោកចង់ឲ្យលោកត្រាំឈ្នះ។
អត្ថាធិប្បាយរបស់ប្រធានាធិបតីត្រាំបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយបន្ទាប់ពីវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ លោកត្រាំបាននិយាយថា លោកគាំទ្រមន្រ្តីស៊ើបការណ៍សម្ងាត់របស់លោកហើយនិងការសន្និដ្ឋានរបស់ពួកគេហើយលោកបានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមិនបានឃុបឃិតជាមួយប្រទេសរុស្ស៊ីទេ៕