រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការស្វាគមន៍ពលរដ្ឋមកពីទីក្រុងហុងកុង ដើម្បីជាការឆ្លើយតបទៅនឹងការជំរុញរបស់ចិននៅក្នុងការដាក់កំហិតសំណើច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងនេះ។
កាលពីថ្ងៃចន្ទម្សិលមិញដែរ មេដឹកនាំខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell ក៏បានបញ្ជាក់ផងដែរថា លោកសង្ឃឹមថា រដ្ឋបាលរបស់លោក Trump នឹងកំណត់អំពីវិធីជាក់លាក់មួយដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងប៉េកាំងទាក់ទិននឹងការរារាំងសេរីភាពនៅក្នុងទីក្រុងហុងកុង។
លោក McConnell បាននិយាយថា សហរដ្ឋអាមេរិកគួរមើលលើការឆ្លើយតបរបស់បណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត និងបើកទ្វារទទួលពលរដ្ឋមកពីទីក្រុងហុងកុង។
លោក McConnell បានថ្លែងប្រាប់ព្រឹទ្ធសភាថា សហរដ្ឋអាមេរិកមាន «កេរ្តិ៍ដំណែលដ៏អស្ចារ្យក្នុងការដើរតួជាភ្លើងបំភ្លឺផ្លូវ» សម្រាប់ជនភៀសខ្លួនពីសង្គ្រាម និងពីរបបកុម្មុយនិស្ត។ លោកបានបន្ថែមថា៖ «យើងគួរតែដើរតួនេះម្ដងទៀតសម្រាប់ពលរដ្ឋមកពីទីក្រុងហុងកុង»។
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបញ្ជាឲ្យរដ្ឋបាលរបស់លោកចាប់ផ្ដើមដំណើរការលុបចោលនូវឋានៈអនុគ្រោះពិសេសសម្រាប់ទីក្រុងហុងកុង ដើម្បីដាក់ទណ្ឌកម្មដល់ចិនដែលរារាំងសិទ្ធិសេរីភាពនៅទីនោះ។ ប៉ុន្តែ លោក Trump មិនបានឈានទៅដល់ការបញ្ចប់ភ្លាមៗនូវសិទ្ធិអាទិភាពដែលបានជួយទីក្រុងហុងកុងឲ្យនៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសាកលលោកនោះទេ៕